ជាតិ
ឥណ្ឌា នឹងធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា
19, May 2022 , 9:59 pm        
រូបភាព
ជំនួបរបស់វាង លោក វេង សាខុន និងតំណាងក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា (រូបភាពពីលោក វេង សាខុន)
ជំនួបរបស់វាង លោក វេង សាខុន និងតំណាងក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា (រូបភាពពីលោក វេង សាខុន)
ភ្នំពេញ៖ ឥណ្ឌា នឹងធ្វើទំនើបកម្ម លើការដំណាំកសិឧស្សាហកម្មមួយចំនួនដូចជា ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វនៅកម្ពុជា។ ទំនើបកម្មកសិកម្ម ជាការប្រែក្លាយកសិកម្មបែបប្រពៃណី ទៅជាកសិកម្មទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌា។


ក្នុងជំនួបជាមួយ លោក SANJAY C. KiRLOSKAR នាយក និងអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន A Kirloskar Group Company របស់ឥណ្ឌា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការធ្វើទំនើបកម្មកសិកម្ម នឹងរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការការវិវត្តវិស័យកសិកម្មឱ្យរីកចម្រើន ផ្នែកបច្ចេកវិទ្យា និងភាតរបរិស្ថាន។ 
 
ការធ្វើទំនើបកម្មនេះ ត្រូវចូលជាគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រដ្ឋាភិបាល គឺប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ស្របពេល តម្រូវការស្បៀងទាំងបរិមាណ និងគុណភាព កំពុងកើនឡើង លោក វេង សាខុន ជំរុញឱ្យកសិករ និងវិស័យឯកជន ងាកមកប្រើប្រាស់បច្ចេកវិទ្យាកសិកម្មបែបទំនើបវិញ ដើម្បីបំពេញតម្រូវទីផ្សារ និងកាត់បន្ថយភាពក្រីក្រ។
 
រដ្ឋមន្រ្តីកសិកម្ម​ បានណែនាំឲ្យក្រុមហ៊ុនរបស់ឥណ្ឌាខាងលើ សហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយក្រសួងកសិកម្ម រង់ចាំផ្តល់កិច្ចសហការបន្ថែមនៅពេលចាំបាច់ ដើម្បីឲ្យគម្រោងនេះដំណើរការទៅជោគជ័យ។ គម្រោងនឹងដាក់ឱ្យដំណើរការឆាប់ៗ ខណៈក្រុមហ៊ុន ប្ដេជ្ញាផ្ដល់ប្រយោជន៍ជាច្រើនដល់កសិករ តាមរយៈបច្ចេកវិទ្យាកសិកម្មទំនើប៕
 
 
 
 

Tag:
 កសិកម្មកម្ពុជា
  ដំណាំកសិឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com