កីឡាអន្តរជាតិ
អន្តរជាតិ
Amnesty International ថា FIFA គួរផ្តល់សំណង៤៤០លានដុល្លារដល់កម្មករចំណាកស្រុកសាងសង់កីឡដ្ឋាននៅកាតា
20, May 2022 , 8:29 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
 សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) គួរតែផ្តល់សំណងប្រាក់ប្រមាណជាង ៤៤០លានដុល្លារ ទៅឱ្យកម្មករចំណាកស្រុកដែលសាងសង់កីឡដ្ឋាននៅប្រទេសកាតា ដែលរងការរំលោភបំពានសិទ្ធិមនុស្សកន្លងមក។ នេះបើតាមសេចក្តីថ្លែងការណ៍អង្គការលើកលែងទោសអន្តរជាតិ Amnesty International (AI) ថ្ងៃទី១៨ ខែឧសភា។

 
អង្គការការលើកលែងទោសអន្តរជាតិ (AI) សហការជាមួយអង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ,ក្រុមអ្នកគាំទ្របាល់ទាត់ទ្វីបអឺរ៉ុប និងសហជីពកម្មករសំណងនិងឈឺអន្តរជាតិ បានអំពាវនាវឱ្យមានការដោះស្រាយការបំពានសិទ្វិរបស់កម្មករសាងសង់កីឡដ្ឋានទាំងអស់នៅកាតា។ 
 
កាលពីដើមឆ្នាំ ២០២២ កន្លងទៅ ក្រុមអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសអង់គ្លេសទាំងអស់នេះ ក៏ដូចជាគ្រូបង្វឹកក្រុមអង់គ្លេសលោក Gareth Southgate បានស្នើសុំឱ្យមានការគាំទ្រពីសំណាក់ FIFA ឱ្យមានការផ្តួចផ្តើមគំនិត បង្កើតកម្មវិធីផ្តល់សំណងពិតប្រាកដមួយចំនួនទៅកាន់កម្មករដែលសាងសង់កីឡដ្ឋានទាំងនោះ។
 
«FIFA គួរតែត្រៀមប្រាក់បម្រុងប្រមាណ ៤៤០លានដុល្លារដើម្បីផ្តល់សំណងដល់កម្មកររាប់សែននាក់ដែលបានរងគ្រោះពីបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅប្រទេសកាតាមុនការត្រៀមរៀបចំព្រឹត្តិការណ៍ World Cup 2022។»។ នេះបើតាមអង្គការការលើកលែងទោសអន្តរជាតិ។
 
លើសពីនេះ អង្គការដែលមានទីតាំងស្ថិតនៅប្រទេសអង់គ្លេសមួយនេះក៏បានជំរុញឱ្យប្រធាន FIFA លោក Gianni Infantino ធ្វើការងារជាមួយកាតាក្នុងការបង្កើតកម្មវិធីផ្តល់ប្រាក់សំណងដ៏ទូលំទូលាយមួយផងដែរ។
 
យ៉ាងណាមិញសហព័ន្ធ FIFA ក៏បានឆ្លើយតបថា ខ្លួនកំពុងតែ វាយតម្លៃលើសំណើពីសំណាក់អង្គការក្រៅរដ្ឋាភិបាលទាំងអស់នោះ។ FIFA ក៏បានអះអាងបន្ថែមថា សហព័ន្ធនឹងបង្កើនសមត្ថភាពចំពោះការការពារសិទ្ធិរបស់កម្មករចំណាកស្រុកនៅកាតា រួមទាំងសហការជាមួយអ្នករៀបចំកម្មវិធីរបស់ប្រទេសកាតាទទួលខុសត្រូវចំពោះបញ្ហាដែលកើតមានមុខការប្រកួតមកដល់៕
 

Tag:
 NGO
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com