កីឡាអន្តរជាតិ
អន្តរជាតិ
Everton គេចផុតពីតំបន់កាត់ចោល ក្រោយយកឈ្នះ Crystale ៣-២
20, May 2022 , 10:40 am        
រូបភាព
ភ្នំពេញ៖ Everton គេចផុតពីតំបន់កាត់ចោល នៅក្របខណ្ឌ Premier League ក្រោយយកឈ្នះ Crystale ៣-២ នៅថ្ងៃទី២០ ឧសភា។


ក្នុងការប្រកួតដើមតង់ទី១ ដំបូង ក្រុមទាំងពីរ បានវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី២១ ទើប Crystale Palace រកបាន១គ្រាប់មុន ដោយខ្សែប្រយុទ្ធ J. Matata តាមរយៈការលើកបាល់ពិន័យពីសំណាក់កីឡាករ E. Eze មុននឹងកីឡាករ J. Ayew រកគ្រាប់ទី២ ឱ្យ Crystale នៅនាទី៣៦ មុនចប់ការប្រកួតតង់ទី១។
 
ឈានចូលតង់ទី២ បានត្រឹមតែ៩នាទីប៉ុណ្ណោះ កីឡាករ M. Keane បានរក១វិញ ឱ្យ Everton នៅនាទី៥៤ តាមរយៈការបញ្ជូន ពីមិត្តរួមក្រុម M. Holgate មុននឹងខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ថែម១គ្រាប់ទៀត តាមស្មើ Crystale ២-២ នៅនាទី៧៥។ 
 
នៅសល់១៥នាទីទៀត ចប់ការប្រកួតនោះ Everton ព្យាយាមសម្រុកលើក្រុម Crystale យ៉ាងខ្លាំង ដើម្បីរក៣ពិន្ទុ ឱ្យគេចផុតពីតំបន់ដែលត្រូវកាត់ចេញពីក្របខណ្ឌ Premier League ។ ការព្យាយាមរបស់ Everton ក៏ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស D. Calvert-Lewin តាមរយៈការលើកបាល់ពិន័យ ពីកីឡាករ D. Gray នៅនាទី៨៥ ដែលនាំឱ្យ Everton នាំមុខCrystale ដោយលទ្ធផល ៣-២ រហូតចប់ការប្រកួត។
 
៣ពិន្ទុបន្ថែមរបស់ Everton នេះ បានជួយឱ្យរូបគេឈរនៅតំបន់មានសុវត្ថិភាព ក្នុងចំណាត់ថ្នាក់លេខ១៦ ដោយមាន៣៩ និងនៅសល់១ប្រកួតចុងក្រោយ ។ គិតចាប់តាំងពីការបង្កើតក្លិបដំបូងពីឆ្នាំ១៨៧៨មក ក្លិប Everton បានធ្លាក់ទៅកាន់ក្របខណ្ឌទី២ អង់គ្លេស (កាលណោះ ឈ្មោះ Second Division) តែ២លើកប៉ុណ្ណោះ នៅរដូវកាល១៩២៩-៣០ និងរដូវកាល១៩៥០-៥១ មុននឹងឡើងមកកាន់ក្របខណ្ឌ First Division (បច្ចុប្បន្ន Premier League ) នៅឆ្នាំ១៩៥៣-៥៤ រហូតដល់បច្ចុប្បន្ននេះ។
 
សម្រាប់ក្របខណ្ឌ Premier League នៅរដូវកាលនេះ ក្រុម Watford និង Norwich City គឺជាក្រុមដែលត្រូវធ្លាក់ទៅកាន់ក្របខណ្ឌ Championship របស់អង់គ្លេស។ 
 
ដោយឡែក ក្រុម Burnley និង Leeds United វិញ គឺជាក្រុមដែលត្រូវយកប្រកួតចុងក្រោយដាច់ខាតដូចគ្នានៅប្រកួតចុងក្រោយ ដើម្បីសម្រេចជោគវាសនាខ្លួន នៅក្របខណ្ឌ Premier League ។ ក្រុមទាំងពីរនេះ មាន៣៥ពិន្ទុដូចគ្នា ប៉ុន្តែគ្រាប់បាល់ខាតរបស់ Burnley មានតែ១៨គ្រាប់ប៉ុណ្ណោះ ខណៈ Leeds United ខាតគ្រាប់បាល់ដល់៣៨គ្រាប់។ ដូច្នេះបើក្រុមទាំងពីរឈ្នះដូចគ្នា នៅប្រកួតចុងក្រោយនោះ Burnley នឹងអាចបន្តដំណើរនៅ Premier League វិញ នារដូវកាលក្រោយ ដោយក្រុមនេះ មានគ្រាប់បាល់ខេតតិចជាង Crystale ។
 
 
 
 
 

Tag:
 Everton
  កីឡាអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com