កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ ហ្វីលីពីនកំណត់ប្រាក់រង្វាន់មេដាយមាស៥៧០០ដុល្លារ ប្រាក់២៨០០ដុល្លារ និងសំរឹទ្ធ១១៥០ដុល្លារ
20, May 2022 , 1:53 pm        
រូបភាព
រដ្ឋាភិបាលហ្វីលីពីនបានកំណត់ច្បាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកដែលដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games)។ ប្រាក់រង្វាន់ដែលកំណត់ដោយច្បាប់សាធារណរដ្ឋលេខ ១០៦៩៩ ផ្តល់ជូនអ្នកឈ្នះមេដាយមាសមួយចំនួន៣០០០០០ប៉េសូ (៥៧០០ដុល្លារ) មេដាយប្រាក់ ១៥០០០០ប៉េសូ (២៨០០ដុល្លារ) និងមេដាយសំរឹទ្ធ ៦០០០០ប៉េសូ (១១៥០ដុល្លារ)។



ក្រោយការប្រកួតផ្លូវការរយៈពេលមួយសប្តាហ៍ ក្រុមអត្តពលិកហ្វីលីពីនឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងមេដាយកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ក្នុងចំណោមប្រទេសចូលរួមទាំង១១។ ហ្វីលីពីន ដណ្តើមបានមេដាយមាសបណ្តោះចំនួន៣៨ ប្រាក់៥៣ និងសំរឹទ្ធ៧៥ សរុប១៦៦គិតត្រឹមល្ងាចថ្ងៃទី១៩ ខែឧសភា។

ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកដែលដណ្តើមបានមេដាយជូនជាតិ រដ្ឋាភិបាលហ្វីលីពីនតាមរយៈគណៈកម្មការកីឡាហ្វីលីពីន (PSC) បានកំណត់ថវិការមួយចំនួនដើម្បីជាប្រាក់រង្វាន់ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នេះ។

បើតាមការចុះផ្សាយរបស់កាសែត Business World នៅថ្ងៃទី១៧ ខែឧសភា PSC បានត្រៀមប្រាក់ ២០លានប៉េសូ (ជិត៤០ម៉ឺនដុល្លារ) ជាប្រាក់រង្វាន់ក្រោមច្បាប់សាធារណរដ្ឋ ១០៦៩៩ សម្រាប់ផ្តល់ជូនកីឡាករកីឡាការិនីដែលទទួលបានមេដាយ។

សម្រាប់អត្តពលិកដែលទទួលបានមេដាយមាសមួយនឹងបានប្រាក់រង្វាន់ចំនួន៥៧០០ដុល្លារ ប្រាក់២៨០០ដុល្លារ និងសំរឹទ្ធចំនួន១១៥០ដុល្លារ។ យ៉ាងណាក៏ដោយនេះគ្រាន់ជាប្រាក់លើកទឹកចិត្តសម្រាប់អ្នកទទួលបានមេដាយស៊ីហ្គេម ពីរដ្ឋាភិបាលហ្វីលីពីនប៉ុណ្ណោះ ដោយមិនទាន់គិតពីប្រាក់ឧប្ថម្ភតាមរយៈស្ថាប័នផ្សេងៗឡើយ។

ហ្វីលីពីនបង្កើតច្បាប់នេះឡើង ដើម្បីលើកទឹកចិត្ត និងជាអត្ថប្រយោជន៍សម្រាប់ការខិតខំប្រឹងប្រែងរបស់អត្តពលិកជាតិ មន្ត្រី និងក្រុមគ្រូបង្វឹក។ ផ្អែកលើច្បាប់នេះផងដែរ គ្រូបង្វឹកនឹងទទួលប្រាក់រង្វាន់៥០ភាគរយនៃប្រាក់រង្វាន់ដែលអត្តពលិករបស់ពួកគេទទួលបាន។ សម្រាប់ក្រុមដែលមានសមាជិក៥នាក់ ឬច្រើនជាងនេះ ទទួលបានក្នុងម្នាក់ ២៥ភាគរយ នៃតម្លៃមេដាយនីមួយៗ៕

អត្ថបទទាក់ទង
 

Tag:
 SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com