ជាតិ
រដ្ឋមន្ត្រីអប់រំ៖ ខ្ញុំអត់មានលុយទៅចែកជូនលោកគ្រូអ្នកគ្រូទេ តែខ្ញុំផ្តល់កិត្តិយសឱ្យ
20, May 2022 , 7:59 pm        
រូបភាព
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបថត៖​ MoEYS Cambodia
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបថត៖​ MoEYS Cambodia
ភ្នំពេញ៖ គ្រូបង្រៀន គឺជាឆ្អឹងខ្នងយ៉ាងសំខាន់ក្នុងការចូលអភិវឌ្ឍវិស័យអប់រំកម្ពុជា។ នេះបើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយចាត់ទុកគុណភាពគ្រូ និងការងាររបស់គ្រូបង្រៀន គឺជាអាទិភាពការងាររបស់ក្រសួងអប់រំ។

 
«គ្រូ គឺជាឆ្អឹងនៃវិស័យអប់រំ ហើយ កិត្តិយសគ្រូ គុណភាពគ្រូ ការងាររបស់គ្រូ គឺអាទិភាពរបស់យើង»។ លោក ហង់ជួន ណារ៉ុន ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១៩ឧសភា។ លោក​បញ្ជាក់ថា ក្រសួងអប់រំនឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យជីវភាពគ្រូបង្រៀនមានលក្ខខណ្ឌការងារនិងការបណ្តុះបណ្តាលឱ្យកាន់តែប្រសើរ ផងដែរ។
 
«ខ្ញុំអត់មានលុយទៅចែកជូនលោកគ្រូអ្នកគ្រូទេ! ប៉ុន្តែ ខ្ញុំផ្តល់កិត្តិយសជូនលោកគ្រូអ្នកគ្រូ តាមរយៈការលើកកម្ពស់គុណភាពអប់រំ​ តាមរយៈការដំឡើងប្រាក់បៀវត្ស»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន។ រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះបន្តអះអាងថា៖ «អ្វីដែលលោកគ្រូអ្នកគ្រូត្រូវបាន គឺត្រូវតែទទួលបាន ហើយ[ខ្ញុំ] នឹងបន្តខិតខំធ្វើដើម្បីលើកស្ទួយកិត្តិយស កិត្តិនាមរបស់គ្រូបង្រៀន លើកស្ទួយវិស័យអប់រំ ហើយជាពិសេសជួយបន្តសាងសង់វិស័យអប់រំទៀត»។​

លោក ហង់ជួន ណារ៉ុន បានប្តេជ្ញាចិត្តបែបនេះ ដោយទាមទារឱ្យគ្រប់តួអង្គក្នុងវិស័យអប់រំទាំងអស់ចូលរួមអនុវត្ត ដើម្បីសម្រេចគោលដៅខាងលើ។
 
ស្ថិតិ និងសូចនាករអប់រំរបស់ក្រសួងអប់រំ បានបង្ហាញថា សម្រាប់ឆ្នាំសិក្សា២០២១-២០២២​ គឺមានបុគ្គលិកបង្រៀនសិស្សនៅទូទាំងប្រទេសសរុប ៣ ២៥៦នាក់(ស្រី ៣ ០៧៧នាក់)។ ក្នុងនោះ មានគ្រូបង្រៀនក្នុងបឋមសិក្សាចំនួន​៨៧១នាក់,  បឋមសិក្សា២០៦។ គ្រូក្នុងមធ្យមសិក្សាបឋមភូមិមាន៧៥៨នាក់, មធ្យមសិក្សាបឋមភូមិ ៤៤៧នាក់, គ្រូក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិមាន ៣៥២នាក់, មធ្យមសិក្សាទុតិយភូមិ មាន៥០៦នាក់។ គ្រូបង្រៀនកម្រិតក្នុងមហាវិទ្យាល័យមាន២៣នាក់ និងបរិញ្ញបត្រ៩៣នាក់៕ 
 

Tag:
 លោក ហង់ជួន ណារ៉ុន
  គ្រូបង្រៀន
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com