កីឡាជាតិ
ជាតិ
កម្ពុជាទទួលបានមេដាយមាស១ និងសំរឹទ្ធ៣បន្ថែមទៀតពីកីឡាវ៉ូវីណាម
20, May 2022 , 11:11 pm        
រូបភាព
ជ័យលាភីមេដាយមាស និងសំរឹទ្ធវ៉ូវីណាម ថតរូបអនុស្សាវរីយ៍ជាមួយមិត្តរួមក្រុម គ្រូបង្វឹក និងថ្នាក់ដឹកនាំ
ជ័យលាភីមេដាយមាស និងសំរឹទ្ធវ៉ូវីណាម ថតរូបអនុស្សាវរីយ៍ជាមួយមិត្តរួមក្រុម គ្រូបង្វឹក និងថ្នាក់ដឹកនាំ
ដោយ: រួបរួម
នៅថ្ងៃសុក្រ ទី២០ ខែឧសភា នេះ ក្រុមកីឡាកម្ពុជា ទទួលបានមេដាយមាស១ និងសំរឹទ្ធ៣ បន្ថែមទៀតពីកីឡាវ៉ូវីណាម នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅវៀតណាម ហើយក៏មានមេដាយសំរឹទ្ធ៥ទៀតពីប្រដាល់សកល និងសំរឹទ្ធ៣ពីគុនខ្មែរផងដែរ ដោយគ្រាន់តែរង់ចាំពិធីបំពាក់ផ្លូវការប៉ុណ្ណោះ។ យោងតាមតារាងមេដាយ កម្ពុជាទទួលបានមេដាយមាសសរុបចំនួន៧ មេដាយប្រាក់៩ និងមេដាយសំរឹទ្ធ២៦។

 
កីឡាករវ៉ូវីណាម អេ វីរៈខាំឈីតភូថង (ហៅ ម៉ឺន មេឃា) បានក្លាយជាម្ចាស់មេដាយមាសទី៧របស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ បន្ទាប់ពីកីឡាកររូបនេះ បានយកឈ្នះកីឡាករហ្វីលីពីន Carlo Von Basanio ក្នុងលទ្ធផល ៧-២ នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាប្រយុទ្ធទម្ងន់៦៥គីឡូក្រាម។
 
នៅថ្ងៃដដែល វ៉ូវីណាម ប្រមូលបានមេដាយសំរឹទ្ធ៣ទៀត ប្រចាំថ្ងៃ ដោយកីឡាការិនី ឯម ច័ន្ទកនិកា ទទួលបានលើវិញ្ញាសាកាតាមេគុណឯកត្តជននារី, កីឡាករ សាន សុជាតិ, ជ្រិន ប៊ុនឡុង, ជិន ពិសិដ្ឋ និងនី ទីហ្សា បានលើវិញ្ញាសាក្រុមការពារខ្លួន បុរស១ទល់៣មានអាវុធ និងកីឡាការិនី ពៅ សុខា លើវិញ្ញាសាដាវនារីឯកត្តជន។
 
ជាមួយគ្នានេះ កីឡាប្រដាល់គុនខ្មែរ ក៏មានមេដាយសំរឹទ្ធចំនួន៥នៅក្នុងដៃផងដែរ ដោយរង់ចាំតែពិធីបំពាក់ផ្លូវការប៉ុណ្ណោះ ក្នុងនោះ កីឡាការិនី ម៉ឺយ ស៊ឹង លើប្រភេទទម្ងន់ ៥១គីឡូក្រាម, កីឡាករ ឃុន បូរ៉ា លើប្រភេទទម្ងន់ ៦០គីឡូក្រាម, កីឡាករ រុំ សំណាង លើប្រភេទទម្ងន់ ៨១គីឡូក្រាម, កីឡាការិនី វី ស្រីឆាយ លើប្រភេទទម្ងន់ ៥៤គីឡូក្រាម និងកីឡាការិនី សំ សំណាង លើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម។
 
 
ចំណែកកីឡាប្រដាល់សកល មានមេដាយសំរឹទ្ធ៣ក្នុងដៃ ដែលក្នុងនោះមានកីឡាករ ហ៊ុន គឹមហ៊ាង ក្នុងទម្ងន់៧៥គីឡូក្រាម, កីឡាការិនីវី ស្រីស្រស់ ក្នុងទម្ងន់៥៧គីឡូក្រាម និងកីឡាករ សៅ រង្សី ក្នុងទម្ងន់៥៧គីឡូក្រាម ខណៈកីឡាករ អ៊ុង ភារាក់ (ឬ អ៊ុង វីរៈ) រង់ចាំការប្រកួតផ្តាច់ព្រ័ត្រជាមួយកីឡាករថៃ Jakkapong Yomkhot ក្នុងទម្ងន់៩១គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករសិង្ហបុរី Muhmmad Dinie Hakeem ឲ្សសន្លឹបនៅទឹកទីបីនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
គិតត្រឹមថ្ងៃទី២០ ខែឧសភា កម្ពុជាទទួលបានមេដាយសរុបចំនួន៤២ ក្នុងនោះមាស៧ ប្រាក់៩ និងសំរឹទ្ធ២៦។ ក្នុងចំណោមមេដាយមាសទាំង៧ មានប៉េតង់២, វ៉ូវីណាម២, ឃីកបុកស៊ីង១, ចំបាប់១ និងតេក្វាន់ដូ១។
 
ចំពោះមេដាយប្រាក់ចំនួន៩ មានឃីកបុកស៊ីង៣, ប៉េតង់២, វ៉ូវីណាម២, ចំបាប់១ និងតេក្វាន់ដូ១។ មេដាយសំរឹទ្ធ២៦មាន វ៉ូវីណាម៦, ចំបាប់៤, ការ៉ាតេ៣, តេក្វាន់ដូ៣, វ៉ូស៊ូ៣, ប៉េតង់៣, ឃីកបុកស៊ីង១, ជីជឺតស៊ូ១, យូដូ១ និងទូករ៉អ៊ីង១។
 
ចំពោះមេដាយសំរឹទ្ធ៥ពីកីឡាគុនខ្មែរ និងសំរឹទ្ធ៣ពីប្រដាល់សកល មិនទាន់ត្រូវបានរាប់បញ្ចូលក្នុងតារាងឡើយ ដោយរង់ចាំពិធីបំពាក់មេដាយជាផ្លូវការ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាទាំងនោះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com