កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នៅកាតានឹងមានអាជ្ញាកណ្តាលជាស្រ្តីលើកដំបូងក្នុងប្រវត្តិសាស្រ្ត
21, May 2022 , 12:59 pm        
រូបភាព
ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា នឹងមានអាជ្ញាកណ្តាលការប្រកួតជាស្រ្តីលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ FIFA។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។


FIFA បានប្រកាសបញ្ជីឈ្មោះអាជ្ញាកណ្តាល ៣៦ រូប ជំនួយការអាជ្ញាកណ្តាល ៦៩រូប និងមន្រ្តីអាជ្ញាកណ្តាលវីដេអូចំនួន២៤ រូប នៅថ្ងៃទី១៩ ខែឧសភា ដែលពួកគេត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកមួយនេះបានជ្រើសរើសសម្រាប់ការប្រកួត ។ 
 
ក្នុងចំណោមអាជ្ញាកណ្តាលទាំងអស់ក៏មានអាជ្ញាកណ្តាលជាស្រ្តីក្នុងទីលានចំនួន ៣រូប រួមមានអ្នកស្រី Stephanie Frappart, Salima Mukansanga និង Yoshimi Yamashita រួមជាមួយជំនួយការអាជ្ញាកណ្តាលស្ត្រី៣រូបរួមមានអ្នកស្រី Neuza Back, Kathryn Nesbitt និង Karen Diaz Medina។
 
អ្នកស្រី Frappart ធ្លាប់ជាអាជ្ញាកណ្តាលដែលមានបទពិសោធន៍ ក្នុងការប្រកួតពានរង្វាន់របស់ក្លិបកំពូលៗប្រចាំតំបន់អឺរ៉ុប ហើយក៏ជាអាជ្ញាកណ្តាលស្ត្រីដំបូងកាត់សេចក្តីនៅ UEFA Champions League ពានរង្វាន់  European Championship វគ្គជម្រុះ និងកាត់សេចក្តីនៅ Ligue 1​។ 
 
ចំណែកអ្នកស្រី Mukansanga សញ្ជាតិរវ៉ាន់ដា ដែលជាអាជ្ញាកណ្តាលស្រ្តីដំបូងកាត់សេចក្តី នៅការប្រកួតពានរង្វាន់កំពូលទ្វីបអាហ្រ្វិក Africa Cup of Nations ខណៈអ្នក Yamashita ជនជាតិជប៉ុន ដែលជាអាជ្ញាកណ្តាលស្រ្តីដំបូងកាត់សេចក្តីនៅក្នុងពានរង្វាន់ AFC Champions League តំបន់អាស៊ី។
 
«យើងពិតជាសប្បាយចិត្តខ្លាំងដែលក្រុមអាជ្ញាកណ្តាលស្រ្តីសំបូរទៅដោយបទពិសោធន៍មកពីជុំវិញពិភពលោក ត្រូវបានកោះហៅឱ្យធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ FIFA World Cup។ ពួកគេមានសមត្ថភាពខ្ពស់ដោយបានបង្ហាញខ្លួននៅពានរង្វាន់ធំៗ ពិតជាសាកសមទទួលបានការបង្ហាញខ្លួននៅ ​FIFA World Cup។»។ នេះបើលោក Pierluigi Collina ប្រធានអាជ្ញាកណ្តាលរបស់ FIFA បាននិយាយ។
 
មិនត្រឹមតែអាជ្ញាកណ្តាលជាស្រ្តីទាំង៦នាក់ ក្នុងចំណោមអាជ្ញាកណ្តាលកាត់សេចក្តីទាំងអស់ ក៏មានវត្តមានលោក Michael Oliver និងលោក Anthony Taylor អាជ្ញាកណ្តាលល្បីប្រចាំអង់គ្លេសផងដែរ៕
 
 
 

Tag:
 FIFA
  World Cup 2022 Qatar
© រក្សាសិទ្ធិដោយ thmeythmey.com