COVID-19
ជាតិ
កម្ពុជា ឈានដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥
21, May 2022 , 4:40 pm        
រូបភាព
កងកម្លាំងប្រដាប់អាវុធទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កន្លងមក (រូបពីក្រសួងព័ត៌មាន)
កងកម្លាំងប្រដាប់អាវុធទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កន្លងមក (រូបពីក្រសួងព័ត៌មាន)
រដ្ឋាភិបាលកម្ពុជា ប្រកាសចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២តទៅ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥នេះ តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។



ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា គណៈកម្មការចាក់វ៉ាក់សាំង នឹងផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងទីកន្លែងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥នេះ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីអង្គការសហប្រជាជាតិ បុគ្គលិកស្ថានទូតនានា បុគ្គលិកអង្គការជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន និង សមាគមអ្នកសិល្បករកម្ពុជា ជាដើម។  មេដឹកនាំកម្ពុជា អះអាងដូច្នេះថា៖«វ៉ាក់សាំង មិនមែនគ្រាន់តែជួយទប់ស្កាត់មិនឲ្យមានស្លាប់ និងឆ្លងកូវីដនោះទេ ក៏ប៉ុន្តែ កំពុងជួយឲ្យរួចផុតពីជំងឺរាតត្បាតផ្សេងៗទៀត»។ 
 
ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។ សម្តេច បញ្ជាទៅក្រសួងសុខាភិបាលដូច្នេះថា៖«ឥឡូវ ត្រូវមើល បើមិនធ្វើទេ ដកយកលីសង់ (អាជ្ញាបណ្ណ) ប្រគល់ឲ្យក្រុមហ៊ុនណាហ៊ានធ្វើ។ ខ្ញុំ ត្រូវការមានរោងចក្រមួយ ផលិតវ៉ាក់សាំង។ […]  អត់មានយកលីសង់មកទុកទេ ដកហូតយកលីសង់មក បើធ្វើមិនបាន។ ឥឡូវ មួយអាទិត្យ រាយការណ៍ឲ្យខ្ញុំម្តង ពីវឌ្ឍនភាពរោងចក្រផលិតវ៉ាក់សាំង»៕ 
 
 

Tag:
 វ៉ាក់សាំងដូសទី៥
© រក្សាសិទ្ធិដោយ thmeythmey.com