អន្តរជាតិ
WHO កោះប្រជុំបន្ទាន់ ខណៈជំងឺអុតស្វារាលដាលខ្លាំងឡើងនៅអឺរ៉ុប
21, May 2022 , 3:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អង្គការសុខភាពពិភពលោក (WHO) បានកោះប្រជុំបន្ទាន់គណៈកម្មាធិការរបស់ខ្លួនទទួលបន្ទុកវីរុសឆ្លង នៅថ្ងៃទី២០ ខែឧសភា ខណៈដែលវីរុសអុតស្វា ត្រូវបានរកឃើញកាន់តែច្រើនឡើងនៅអាម៉េរិក និងប្រទេសប៉ែកអឺរ៉ុប។ ទោះជាជំងឺនេះមិនធ្ងន់ធ្ងរ ការរកឃើញករណីឆ្លងក្រៅតំបន់អាហ្វ្រិកទីដែលជំងឺនេះត្រូវរកឃើញជារឿយៗ កំពុងបង្កក្ដីបារម្ភខ្លាំង។

 
ករណីឆ្លង និងករណីសង្ស័យឆ្លងវីរុសអុតស្វានៅតំបន់អឺរ៉ុប បានកើនឡើង១០០ករណីហើយ។ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ស៊ុយអែត និងចក្រភពអង់គ្លេស សុទ្ធតែបានរាយការណ៍ករណីឆ្លង។ អាល្លឺម៉ង់ ចាត់ទុកករណីឆ្លងពេលនេះ ជាការផ្ទុះឆ្លងធំបំផុត។ អាម៉េរិក កាណាដា និងអូស្ត្រាលី ក៏រកឃើញករណីឆ្លងដែរ។
 
អង្គការសុខភាពពិភពលោក ក៏បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាយុទ្ធសាស្រ្ត និងបច្ចេកទេសលើជំងឺឆ្លង និងហានិភ័យ ដើម្បីពិភាក្សាករណីឆ្លងអុតសា្វនេះ។ ក្រុមប្រឹក្សានេះមានតួនាទីផ្ដល់អនុសាសន៍លើហានិភ័យជំងឺឆ្លងណាមួយដែលបង្កគ្រោះថ្នាក់។
 
វីរុសអុតស្វា ដែលរកឃើញដំបូងលើសត្វស្វា ជាវីរុសដែលមាននៅតំបន់អាហ្វ្រិកកណ្ដាល និងខាងលិច។ វីរុសនេះ ឆ្លងតាមរយៈការនៅកៀកគ្នា ហើយមិនងាយឆ្លងចេញពីតំបន់អាហ្វ្រិកឡើយនាពេលកន្លងមក។ ដូចនេះហើយ ការរកឃើញវីរុសនេះនៅតំបន់អឺរ៉ុប​ កំពុងបង្កក្ដីបារម្ភខ្លាំង។ រោគសញ្ញាវីរុសនេះមានក្ដៅខ្លួន ឡើងអុតលើស្បែក និងរមាស់ស្បែកជាដើម។
 
ប្រទេសតំបន់អឺរ៉ុប មានចំណែកភាគច្រើននៃករណីឆ្លងថ្មីៗ ក្រោយបញ្ជាក់ករណីឆ្លងដំបូងនៅថ្ងៃទី៧ ខែឧសភា នៅអង់គ្លេស។ នៅថ្ងៃទី២០ ខែឧសភា អេស្ប៉ាញ រកឃើញករណីឆ្លង២០បន្ថែមទៀតនៅតំបន់ម៉ាឌ្រីដ។ អាជ្ញាធរតំបន់ បានបិទទីតាំងសូណាមួយកន្លែង បន្ទាប់ពីរកឃើញករណីឆ្លងភាគច្រើនមានពាក់ព័ន្ធទីតាំងនោះ។
 
មកទល់ពេលនេះ គេមិនទាន់មានវ៉ាក់សាំងសម្រាប់វីរុសនេះនៅឡើយទេ។ ប៉ុន្តែបើតាមទិន្នន័យរបស់ WHO វ៉ាក់សាំងជំងឺអុតស្វាយ មានប្រសិទ្ធភាពប្រមាណ៨៥ភាគរយទល់នឹងវីរុសអុតស្វា ខណៈដែលឱសថដែលមានសព្វថ្ងៃ ក៏អាចព្យាបាលវីរុសនេះដែរ៕
 
 

Tag:
 WHO
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com