កីឡាអន្តរជាតិ
អន្តរជាតិ
សប្តាហ៍ចុងក្រោយដ៏ប្រកួតប្រជែងនៅ Premier League
22, May 2022 , 1:59 pm        
រូបភាព
ការប្រជែងពិន្ទុ​រវាង Manchester City និង Liverpool សម្រាប់តំណែងជើងឯក, ឱកាស​រវាង Tottenham Hotspurs និង Arsenal សម្រាប់ Top 4, ការប្រឹងប្រែងដើម្បីឲ្យបានកៅអី Europa រវាង Manchester United និង West Ham United រួមទាំងវាសនា​រវាង Burnley និង Leeds United ដើម្បីគេចពីតំបន់កាត់ចោល។

 
ជំនួបសប្តាហ៍ទី៣៨ ក្រុមមេឃខៀវ Man City នឹងត្រូវបើកទ្វារកីឡដ្ឋាន Etihad Stadium ស្វាគមន៍ក្រុមភ្ញៀវ Aston Villa ដែលជាក្រុមកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានក្រុម Liverpool គឺលោក Steven Gerrard។ ឯ Liverpool ស្វាគមន៍ក្រុម Wolverhampton Wanderers ដែលជាជំនួបសំខាន់ចុងក្រោយ។
 
ក្រុមទាំងពីរជាក្រុមកំពុងស្ថិតនៅកំពូលតារាងនៃ Premier League ដោយក្រុមមេឃខៀវឈរកំពូលតារាងមាន ៩០ពិន្ទុ តាមពីក្រោយដោយ Liverpool មាន៨៩ពិន្ទុ។ ហង្សក្រហមប្រកួតឈ្នះក្រុម Southampton លទ្ធផល ២-១ សប្តាហ៍ទី៣៧ បន្តដាក់សម្ពាធលើក្រុមលោក Pep Guardiola។
 
នាជំនួបសប្តាហ៍ចុងក្រោយក្រុមមេឃខៀវរបស់លោក Guardiola ត្រូវការជ័យជម្នះចាំបាច់បំផុតទោះស្ថិតនៅកំពូលតារាងក្តី ដ្បិត Liverpool របស់លោក Jurgen Klopp តាមប្រគាក់ប្រគិត។ ក្រុមលោក Klopp ក៏ជាក្រុមដែលត្រូវការឈ្នះជាចាំបាច់ដូចគ្នាក្នុងការបន្តដាក់សម្ពាធ Man City និងអាចជាឱកាសឈ្នះពាន។ រវាង Man City និង Liverpool បើសិនមាននរណាម្នាក់ប្រកួតស្មើឬចាញ់ នោះនឹងបាត់បង់ពានរង្វាន់កំពូលអង់គ្លេស ហើយបើសិនប្រកួតចាញ់ទាំងពីរ ឬស្មើទាំងពីរ នោះ Man City ជាក្រុមដែលគ្រងតំណែងជើងឯកម្តងទៀត។ 
  

មិនខុសពីតំបន់កំពូល Arsenal និង Tottenham Hotspurs ក៏ជាក្រុមដែលកំពុងតែប្រជែងគ្នាយ៉ាងស្វិតស្វាញមួយសម្រាប់តំណែងកៅអីក្រុមលំដាប់កំពូលទាំង៤ ទទួលបានសំបុត្រ UEFA Champions League រដូវកាលក្រោយ។ Spurs បច្ចុប្បន្នឈរលំដាប់ថ្នាក់លេខ៤ មាន ៦៨ពិន្ទុ ពីលើក្រុម Arsenal ដែលមាន ៦៦ពិន្ទុតាមពីក្រោយ ហើយថ្ងៃទី២២ ខែឧសភា Spurs ត្រូវតទល់ជាមួយ Norwich City ជាក្រុមបាត់តារាង ឯ Arsenal ត្រូវជួប Everton ដែលទើបរក្សាកៅអី Premier League បានក្រោយឈ្នះជំនួបសប្តាហ៍ទី៣៧។
 
យ៉ាងណាមិញ​ Arsenal មានលោក Mikel Arteta ជាគ្រូបង្វឹកក៏ជាក្រុមដែលប្រជែងកៅអី Champions league រយៈពេល៣រដូវកាលជាប់គ្នា ខណៈក្រុមកាំភ្លើងធំជាក្រុមខកខានលេងក្នុងពានរង្វាន់កំពូលអឺរ៉ុបចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ Spurs ដឹកនាំដោយលោក Antonio Conte សម្រាប់ប្រកួតចុងក្រោយត្រូវការត្រឹមលទ្ធផលស្មើក៏ក្រុមអាចរក្សាកៅអីលេខ៤ ដោយមានគ្រាប់បាល់ចំណេញច្រើន ខណៈ Arsenal ត្រូវការឈ្នះចាំបាច់បំផុត។
 
ក្រឡែកទៅមើលបិសាចក្រហម Manchester United និង West Ham United ក៏កំពុងតែប្រជែងគ្នាដណ្តើមកៅអី Europa League រដូវកាលក្រោយ។ Man United ពេលនេះមាន៥៨ ឈរពីលើញញ្ញួរយក្សមាន ៥៦ពិន្ទុតាមពីក្រោយ។ 
  


បិសាចក្រហមនឹងត្រូវការឈ្នះខ្លាំងបំផុតដោយមិនអាចប្រកួតស្មើឬចាញ់ឡើយពីជំនួបទល់ Crystal Palace ដើម្បីរក្សាកៅអី Europa league រដូវកាលក្រោយ ចំណែក West Ham United ក៏ជាក្រុមត្រូវការឈ្នះជំនួបទល់ Brighton & Hove Albion ចាំបាច់ដូចគ្នា។ 
 
ចំណែកក្រុមស្ថិតនៅគាក់តំបន់កាត់ចោល Burnley ឈរលេខ១៧ និង Leeds United ឈរលេខ១៨ តំបន់កាត់ចោល មាន៣៥ពិន្ទុស្មើគ្នា ហើយក្រុមទាំងពីរស៊ុតតែត្រូវការឈ្នះចាំបាច់រៀងខ្លួនដើម្បីមានអាចបន្តលេងនៅ Premier league រដូវកាលក្រោយ។
 
Burnley ស្វាគមន៍ក្រុម Newcastle United ស្របពេល Leeds ត្រូវជួប Brendford ដែលស៊ុតសឹងជាងក្រុមមានចំណាត់ថ្នាក់ល្អនៅ Premier league។ 
 
បើសិនរវាង Burnley និង Leeds មានលទ្ធផលការប្រកួតដូចគ្នា ទាំងឈ្នះ ស្មើឬចាញ់ដូចគ្នានោះ Burnley ជាក្រុមដែលមានប្រៀបព្រោះមានគ្រាប់បាល់ចំណេញច្រើនជាង ប៉ុន្តែបើសិនជា ​Burnley ភ្លាត់ស្នៀតចាញ់ ហើយ Leeds អាចរកជ័យជម្នះបាននោះ Leeds ជាក្រុមដែលអាចបន្តនៅក្របខណ្ឌកំពូលអង់គ្លេសនៅរដូវកាលក្រោយ៕
 
 
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com