ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្វែងយល់​ពី​ជំងឺ​រលាក​លំពែង
23, May 2022 , 6:59 am        
រូបភាព
លំពែង​គឺជា​ក្រ​ពេញ​មួយ​ធំ​នៅក្នុង​ពោះ​ដែល​ស្ថិ​នៅ​ពីក្រោយ​ក្រពះ និង​ជាប់​ទៅ​នឹង​ផ្នែក​ខាងលើ​នេះ​ពោះវៀនតូច​។ លំពែង​មាន​មុខងារ​ចំបង​ពីរៈ​១. បញ្ចេញ​អង់ស៊ីម​ចូលទៅក្នុង​ពោះវៀនតូច​សម្រាប់​រំលាយ​អាហារ​ដែល​មាន​ជាតិ​កាបូន​អ៊ី​ដ្រាត​, ប្រូតេអ៊ីន និង​ខ្លាញ់​។

 
២. បញ្ចេញ​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន និង​គ្លុយ​កា​ហ្គុ​ង​ចូលទៅក្នុង​ចរន្ត​ឈាម​។ អរ​ម៉ូ​ន​ទាំងនេះ​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​មេ​តា​ប៉ូលីស​នៃ​គ្លុយកូស​, រក្សា​ពី​របៀប​ដែល​ខ្លួន​ស្តុក និង​ប្រើប្រាស់​អាហារ​ដើម្បី​បង្កើត​ជា​ថាមពល​
 
​តើ​ជំងឺ​រលាក​លំពែង​ជា​អ្វី​?
 
​ជំងឺ​រលាក​លំពែង​គឺជា​ជំងឺ​មួយ​កម្រ​នឹង​កើតមាន​ដែល​លំពែង​ក្លាយ​ជា​រលាក​។ ការខូចខាត​លំពែង​កើតមានឡើង​នៅពេល​ដែល​អង់ស៊ីម​នេះ​ត្រូវ​បាន​មាន​សកម្មភាព និង​ចាប់ផ្តើម​រំលាយ​លំពែង​ខ្លួនឯង​។​
 
​ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​, ជំងឺ​រលាក​លំពែង​អាច​បណ្តាលអោយ​ហូរឈាម​នៅក្នុង​ក្រពេញ​, ធ្វើអោយ​ខូចខាត​ជាលិកា​ធ្ងន់ធ្ងរ​, ឆ្លង​មេរោគ និង​បង្កើតបាន​ជា​គី​ស​។ ជំងឺ​រលាក​លំពែង​ធ្ងន់ធ្ងរ​ក៏​អាច​បណ្តាលអោយ​ខូចខាត​ផង​ដែរ​ប្រសិនបើ​អង់​ស៊ីម និង​ជាតិពុល​របស់​វា​ត្រូវ​បាន​បញ្ចេញ​ចូលទៅក្នុង​ចរន្ត​ឈាម ដែល​អាច​ធ្វើអោយ​ប៉ះពាល់​ដល់​សរីរៈ​ដទៃទៀត​ដូចជា បេះដូង​, សួត និង​តម្រងនោម​ជាដើម​។​
 
​ជំងឺ​រលាក​លំពែង​បានវិវត្ត និង​ទំនោរ​ជា​វិវត្ត​ទៅ​ជា​អាក្រក់ៗ​បន្តិច​ម្តងៗ​។ វា​បង្កើតបាន​ជា​ទម្រង់​ពីរ​គឺ ស្រួចស្រាល និង​រ៉ាំរ៉ៃ​។​
 
​ជំងឺ​រលាក​លំពែង​ស្រួចស្រាល​គឺជា​ការ​រលាកភា្លមៗ​នៃ​លំពែង​ដែល​កើតមានឡើង​ក្នុង​រយៈពេល​មួយ​ខ្លី​។ ជាង​៨០%​នៃ​ករណី​, ជំងឺ​រលាក​លំពែង​ត្រូវ​បាន​បង្កឡើង​ដោយ​គ្រួស​ក្នុង​ថង់​ទឹកប្រមាត់ ឬ​ការ​ផឹកស្រា​ខ្លាំងពេក​។ ករណី​ដទៃទៀត​រួមមាន ការប្រើ​ថ្នាំ និង​ករណី​កម្រ​បំផុត គឺ​បង្កឡើង​ដោយ​ការឆ្លង​មេរោគ​, គ្រោះថ្នាក់ ឬ​ជំងឺ​មេ​តា​ប៉ូលីស​ដទៃទៀត និង​ការវះកាត់​។ ប្រហែល​១០ ទៅ​១៥%​នៃ​ករណី​, មូលហេតុ​នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល​មិន​ត្រូវបាន​គេ​ដឹង​នោះទេ​។ ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រលាក​លំពែង​ស្រួចស្រាល​អាច​កើតមាន​ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់ ដែល​អាច​គម្រាមកំហែង​ដល់​អាយុជីវិត​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ភាព​ធ្ងន់ធ្ងរ​នៃ​អ្នកជំងឺ​ជាមួយនឹង​ជំងឺ​រលាក​លំពែង​ស្រួចស្រាល​បាន​រកឃើញ​ក្រោយពី​ទទួល​ការព្យាបាល​ដ៏​សាក​សម​។​
 
​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​កើតមានឡើង​ជា​ទូទៅ​បំផុត​ក្នុង​រយៈពេល​មួយ​នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល ហើយ​ជា​លទ្ធផល​នៃ​មូលហេតុ​នៃ​ការ​រលាក​នៃ​លំពែង​។ ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​ផឹកស្រា​យូរ​មក​ហើយ ឬ​ជក់បារី​។ វា​ក៏​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​មេ​តា​ប៉ូលីស​ផងដែរ​។ ក្នុងករណី​កម្រ​, អ្នកជំងឺ​អាច​មាន​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​ដែល​កើតមាន​នៅក្នុង​គ្រួសារ​។ អ្នកជំងឺ​ដែល​មាន​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​អាច​ទទួល​រង​នូវ​ការឈឺចាប់​ធ្ងន់ធ្ងរ និង​បាត់បង់​នូវ​មុខងារ​របស់​លំពែង​។ នេះ​អាច​បណ្តាលអោយ​មាន​ភាព​មិនធម្មតា​ជាមួយនឹង​ការរំលាយ​អាហារ និង​ជាតិ​ស្ករ​នៅក្នុង​ឈាម​។​
 
​តើ​ជំងឺ​រលាក​លំពែង​ស្តែង​ចេញ​ជា​រោគសញ្ញា​អ្វីខ្លះ​?
 
​អ្នកជំងឺ​ភាគច្រើន​ដែលមាន​ជំងឺ​រលាក​លំពែង​ស្រួចស្រាល មាន​ការឈឺចាប់​ត្រង់​ចុង​ដង្ហើម​ដែល​ឈឺ​រាលដាល​ទៅ​ខ្នង​។ អ្នកជំងឺ​អាច​ពិពណ៌នា​ថា នឹង​មាន​ការឈឺចាប់​ខ្លាំង​ក្រោយ​ពី​ញ៉ាំ​អាហារ​។ ពោះ​របស់​ពួកគេ​ក្លាយ​ជា​ប៉ោង និង​តឹង​។ អ្នកជំងឺ​ក៏មាន​ចង្អោ​រ​, ក្អួត​, គ្រុ​នក្តៅ និង​កើនឡើង​ចង្វាក់បេះដូង​ផងដែរ​។​
 
​រោគសញ្ញា​នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​អាច​រួមមាន​ដូចខាងក្រោមៈ​
 
ការឈឺ​ជាប់​ដែល​ចាក់​ទៅ​ខ្នង​។ ចំពោះ​អ្នកជំងឺ​មួយចំនួន​, ការឈឺចាប់​គឺ​មិន​អាច​ទ្រាំទ្រ​បាន​
ស្រូប​អាហារ​ថយចុះ​ដែលនាំអោយ​ស្រក​ទម្ងន់​។ អ្នកជំងឺ​អាច​ស្រក​ទម្ងន់​ទោះបីជា​របៀប​នៃ​ការ​ញ៉ាំ​របស់​ពួកគេ​ធម្មតា​ក៏ដោយ​។ ការថយចុះ​នៃ​ការ​ស្រូប​អាហារ​នេះ​កើតមានឡើង​ដោយសារ​តែ​ខ្លួន​មិន​បាន​បញ្ចេញ​នូវ​អង់ស៊ីម​សម្រាប់​រំលាយ​អាហារ​គ្រប់គ្រាន់​ដើម្បី​រំលាយ​អាហារ​
ជំងឺ​ទឹកនោម​ផ្អែម​អាចវិ​វត្ត​មាន​ប្រសិនបើ​កោសិកា​ផលិត​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​ត្រូវ​បាន​ខូចខាត​
​តើ​ជំងឺ​រលាក​លំពែង​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាងដូចម្តេច​?
 
​ជំងឺ​រលាក​លំពែង​ស្រួចស្រាល​ត្រូវបាន​គេ​សង្ស័យ​នៅពេល​ដែល​អ្នក​ជំងឺ​មាន​រោគសញ្ញា​ដែល​បាន​រៀបរាប់​ដូចខាងលើ ហើយ​មាន​កត្តា​ហានិភ័យ​មួយចំនួន​ដូចជា ការ​ផឹកស្រា​ច្រើន និង​មាន​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ ការបញ្ជាក់​នៃ​ជំងឺ​រលាក​លំពែង​ត្រូវបាន​គេ​ធ្វើ​ដោយ​វាស់​នូវ​កម្រិត​អង់ស៊ីម​រំលាយ​អាហារ​ពីរ គឺ​អាមីឡាស (amylase) និង​លី​ប៉ាស (lipase) នៅក្នុង​ឈាម​។ កម្រិត​អង់ស៊ីម​ទាំងពីរ​នេះ​ឡើង​ខ្ពស់​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា​មាន​ជំងឺ​រលាក​លំពែង​ស្រួចស្រាល​។ នៅពេល​ដែល​អ្នកជំងឺ​បាន​ជាសះស្បើយ​, អង់ស៊ីម​ទាំងពីរ​នេះ​ចុះ​មក​ធម្មតា​វិញ​។​
 
​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​ជាទូទៅ​ត្រូវបាន​គេ​សង្ស័យ​នៅពេល​ដែល​អ្នក​ជំងឺ​មាន​រោគសញ្ញា​ដែល​បាន​និយាយ​ពី​ខាងលើ ហើយ​មាន​កត្តា​ហានិភ័យ​ដូចជា ផឹកស្រា​រ៉ាំរ៉ៃ​។ ការធ្វើ​រោគវិនិច្ឆ័យ​អាច​មាន​ភាពលំបាក ប៉ុន្តែ​វា​ត្រូវបាន​គេ​ជួយ​ដោយ​បច្ចេកទេស​មួយ​ចំនួន​ដូច​ជា​ការ​ធ្វើ​តេស្ត​រកមើល​មុខងារ​នៃ​លំពែង និង​ការថត​មើល​លើ​លំពែង​។ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​, នៅពេល​ដែល​ការ​ស្រូប​សារជាតិ​ចិញ្ចឹម​បាន​ចុះខ្សោយ ឬ​ជំងឺ​ទឹកនោម​ផ្អែម​គឺ​កើតមាន​, គ្រូពេទ្យ​អាច​ប្រើ​តេស្ត​មើល​ឈាម​, ទឹកនោម និង​លាមក​ដើម្បី​តាមដាន​ការវិវត្ត​នៃ​ជំងឺ​។​
 
​តេស្ត​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រួមមាន​៖
 
  • តេស្ត​មើល​មុខងារ​លំពែង​ដែល​មុខងារ​លំពែង​ត្រូវបាន​គេ​វាស់​ដោយ​កំណត់​ថា​តើ​លំពែង​កំពុងតែ​ផលិត​កម្រិត​នៃ​អង់ស៊ីម​រំលាយ​អាហារ​បាន​គ្រប់គ្រាន់​ឬ​យ៉ាងណា​
  • តេស្ត​មើល​លំនឹង​នៃ​ជាតិ​ស្ករ​ដើម្បី​វាស់​ពី​ការខូចខាត​លើ​កោសិកា​លំពែង​ដែល​បង្កើត​អាំង​ស៊ុយ​លីន​
  • អេកូ និង​ស្កេន​ដែល​អាច​បង្កើត​រូបភាព​នៃ​លំពែង​ដូចនេះ​ភាព​មិន​ធម្មតា​របស់​វា​អាច​ត្រូវបាន​គេ​មើលឃើញ​
  • ERCP (endoscopic retrograde cholangiopancreatography) ជា​ការពិនិត្យ​ដែល​បង្ហាញ​ពី​ទំហំ និង​ទម្រង់​នៃ​លំពែង និង​ការផ្សារភ្ជាប់​របស់​វា​ទៅក្នុង​ពោះវៀន​
ការឆ្លុះ​មើល​បំពង់​អាហារ​, ក្រពះ និង​ពោះវៀនតូច​ជាមួយនឹង​ការ​ធ្វើ​អេកូ​, ជា​ការពិនិត្យ​មួយ​ដែល​រូបភាព​នៃ​លំពែង​ត្រូវបាន​ទទួល​ពី​ខាងក្នុង​នៃ​ក្រពះ និង​ពោះវៀនតូច​ដោយ​ប្រើប្រាស់​រលក​សម្លេង​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com