កីឡាអន្តរជាតិ
អន្តរជាតិ
Man City ក្លាយជាជើងឯក EPL ឯ Arsenal ខកខានកៅអី UCL ខណៈ Burnley ធ្លាក់ទៅលីគទី២
23, May 2022 , 9:14 am        
រូបភាព
Manchester City នៅតែបន្តគ្រងតំណែងជើងឯក Premier League នៅរដូវកាល ២០២១-២២ ក្រោយវាយបកយកឈ្នះ Aston Villa ក្នុងលទ្ធផល ៣-២ នៅជំនួបចុងក្រោយដោយនាំមុខគូប្រជែង Liverpool តែមួយពិន្ទុគត់។ Arsenal មិនអាចដណ្តើមចំណាត់ថ្នាក់ទី៤សម្រាប់កៅអី Champions League ជាមួយ Tottenham Hotspur បាន ខណៈ Manchester United ប្រជែងកៅអីលេងនៅ Europa League បើទោះចាញ់ Crystal Palace ១-០។ Leeds United គេចផុតតំបន់ត្រូវកាត់ចោល ឯ Burnley ត្រូវធ្លាក់ទៅលេងលីគទី២ Championship រដូវកាលក្រោយ។


 
ជំនួបចុងក្រោយបិទរដូវកាលដ៏តានតឹងសម្រាប់រដូវកាល ២០២១-២២ បានបញ្ចប់ហើយ នៅយប់ថ្ងៃទី២២ ខែឧសភា។ Man City ដណ្តើមបានជើងឯកក្របខណ្ឌលីគកំពូលអង់គ្លេសពីរឆ្នាំចុងក្រោយជាប់គ្នា និងជាការគ្រងតំណែងលើកទី៦របស់គេផងដែរ។
 
តាមរយៈជ័យជម្នះដោយការវាយបកលើក្រុម Aston Villa ដោយលទ្ធផល ៣-២ បានធ្វើឱ្យក្រុមលោក Pep Guardiola កើនពិន្ទុសរុបចំនួន៩៣ពិន្ទុ នាំមុខក្រុមគូប្រជែង Liverpool តែមួយពិន្ទុប៉ុណ្ណោះ។ ប្រកួតចុងក្រោយ ក្រុមលោក Jurgen Klopp យកឈ្នះ Wolverhampton Wanderer ក្នុងលទ្ធផល ៣-១ ដោយគ្រាប់បាល់វាយបកផងដែរ។
 
ដោយឡែក Spurs ទទួលបានកៅអី Champions League រដូវកាលក្រោយ បន្ទាប់ពីដណ្តើមបានចំណាត់ថ្នាក់ទី៤ ក្នុងតារាងលីគកំពូលអង់គ្លេសពីគូប្រជែង Arsenal ដែលសល់កៅអី Europa League។ ក្រុមមាន់ខ្នាយមាសរកបាន៧១ពិន្ទុ នាំមុខកាំភ្លើងធំ២ពិន្ទុ។ ប្រកួតចុងក្រោយ Spurs ឈ្នះ Norwich City ៥-០ ខណៈ Arsenal ដែលខកខានមិនបានលេងក្របខណ្ឌកំពូលអឺរ៉ុបតាំងពីរដូវកាល ២០១៦-១៧ ឈ្នះ Everton ៥-១។ 
 
សម្រាប់ក្រុម Man Utd ដែលមានទម្រង់លេងមិនល្អ ដណ្តើមបានកៅអី Europa League ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ បើទោះបរាជ័យក្រោមថ្វៃជើង Crystal Palace ១-០ ខណៈ ក្រុម West Ham ក៏ប្រកួតចាញ់ Brighton ៣-១ នៅជំនួបចុងក្រោយ។ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នាំមុខក្រុមលេខ៧ West Ham ដែលសល់កៅអី Europa Conference League វគ្គជម្រុះចំនួន២ពិន្ទុ។
 
Leeds United តាមរយៈជ័យជម្នះ ២-១ លើក្រុម Brentford គេចផុតតំបន់ត្រូវកាត់ចោល បន្តលេងនៅលីគកំពូលនេះនៅរដូវកាលក្រោយទៀត។ Leeds ដែលត្រូវប្រជែងជាមួយ Burnley បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧ ជាមួយពិន្ទុសរុបចំនួន៣៨ពិន្ទុ។
 
Burnley សល់ត្រឹមខកចិត្ត ដ្បិតត្រូវធ្លាក់ទៅលេងលីគកម្រិតទី២អង់គ្លេសរដូវកាលក្រោយ បន្ទាប់ពីចាញ់ Newcastle United ២-១។ Burnley បញ្ចប់យុទ្ធនាការ Premier League ដោយឈរចំណាត់ថ្នាក់ទី១៨ ដោយរកបាន៣៥ពិន្ទុ។ Watford និង Norwich City សុទ្ធតែត្រូវធ្លាក់ទៅ Championship៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com