កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយលើក Serie A គ្រូ AC Milan ថាក្រុមលោកសក្ដិសមឈ្នះពានជាង Inter
23, May 2022 , 10:50 am        
រូបភាព
លោក Stefano Pioli ថ្ងៃទី២២ ខែឧសភា និយាយថាក្លិប AC Milan របស់លោក សក្ដិសមលើកពានលីគកំពូលអ៊ីតាលីជាងក្រុម Inter Milan។ លោក Pioli អះអាងថាកូនក្រុមលេងត្រូវគ្នាជាងក្រុមគូប្រជែងឯទៀត។


AC Milan បញ្ចប់ការរង់ចាំពានរង្វាន់ Serie A ក្នុងរយៈពេល ១១ឆ្នាំ ក្រោយក្រុមបានយកឈ្នះ Sassuolo នាថ្ងៃឈានចូលទី២២ ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ AC Milan រកបានដោយកីឡាករ Olivier Giroud និង Franck Kessie។
 
ជាមួយជ័យជម្នះនេះ AC Milan បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងដោយមាន៨៦ពិន្ទុតាមពីក្រោយដោយ Inter មាន៨៤ ពិន្ទុឈរលេខពីរ ហើយថ្ងៃប្រកួតចុងក្រោយ Inter ក៏ប្រកួតឈ្នះក្រុម Sampdoria លទ្ធផល ៣-០។
 
លោក Pioli បានសរសើរកីឡាដែលធ្វើបានល្អក្នុងជំនួបចុងក្រោយ។
 
«ពួកគេពិតជាអស្ចារ្យ។ ខ្ញុំពិតជាសប្បាយចិត្តចំពោះពួកគេ ហើយក៏សម្រាប់ខ្ញុំដូចគ្នា អ្នកគាំទ្រ ក្លិប ឈ្នះ Serie A ធ្វើឱ្យយើងគ្រប់គ្នាសប្បាយចិត្តខ្លាំងបំផុត។ យើងបានបង្ហាញពីភាពស៊ីសង្វាក់របស់ក្រុមជាង Inter Milan ទោះយើងធ្លាប់ចាញ់ពួកគេ តែយើងមិនបោះបង់ក្នុងការប្រជែងដណ្តើមពាននេះមកវិញឡើយ។ យើងសក្តិសមទទួលបានវា។» លោក Pioli បានលើកឡើងបែបនេះក្រោយចប់ការប្រកួត។
 
លើសនេះគ្រូបង្វឹកក្រុម AC Milan បានអរគុណដល់កីឡាករដែលជួយក្រុមសម្រេចបំណងរយៈពេល ១១ឆ្នាំ ហើយលោកបានអះអាងថាបើ គ្មានកីឡាករល្អដូចពេលនេះក្លិបក៏មិនអាចឈ្នះពានរង្វាន់នេះបានឡើយ៕
 
 

Tag:
 Serie A
  Stefano Pioli
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com