កីឡាអន្តរជាតិ
អន្តរជាតិ
Salah និង Son ឈ្នះស្បែកជើងមាស ឯ Alisson និង Ederson ឈ្នះស្រោមដៃមាស
23, May 2022 , 2:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool និង Heung Min Son របស់ Tottenham Hotspur ឈ្នះស្បែកជើងមាស (Golden Boot) ក្នុងរដូវកាលតែមួយ។ Salah និង Son ក្នុងរដូវកាលនេះរកបាន ២៣គ្រាប់ស្មើគ្នា។ ចំណែកអ្នកចាំទី Alisson និង Ederson ឈ្នះស្រោមដៃមាស។



​Salah សញ្ជាតិអេហ្សីបក្លាយជាកីឡាករទីបួនដែលបានបញ្ចប់រដូវកាលរបស់ Premier league មានគ្រាប់ស៊ុតនិងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមច្រើនជាងគេ, បន្ទាប់ពីកីឡាករ Andy Cole ឆ្នាំ ១៩៩៣-៩៤, Jimmy Floyd Hasselbaink ឆ្នាំ ១៩៩៨-៩៩ និង Harry Kane ឆ្នាំ ២០២០-២១។ 
 
កីឡាករវ័យ២៩ឆ្នាំរូបនេះ ក្លាយជាកីឡាករឈ្នះស្បែកជើងមាស៣លើកនៅ Premier league ឈរពីក្រោយ អតីតវីរបុរសក្រុម Arsenal លោក Thierry Henry។ Henry ឈ្នះស្បែកមាស ៤លើកនៅ Premier League។
 
Spurs ឈ្នះក្រុមបាតតារាង Norwich City លទ្ធផល ៥-០ មានចំណែកគ្រាប់ស៊ុត ខ្សែប្រយុទ្ធអាស៊ី Heung Min Son ២គ្រាប់។ ឯ Son ក្លាយជាកីឡាករអាស៊ីលើកដំបូង ឈ្នះស្បែកជើងមាស ក្រោយរកបាន២៣គ្រាប់នៅ Premier League រដូវកាលនេះ។
 
ជាលើកទីពីរប្រវត្តិសាស្ត្ររបស់ Premier league ដែលមានកីឡាករ២រូប ឈ្នះពានរង្វាន់ឯកត្តជនស្បែកជើងមាសក្នុងរដូវកាលតែមួយ។ កាលពីរដូវកាល ២០១០-១១ កីឡាករ Carlos Tevez ក្រុម Man City និង Dimitar Berbatov ក្រុម Man United រកបានគ្រាប់បាល់ ២០គ្រាប់ស្មើគ្នា។
 
ដោយឡែកអ្នកចាំទី Alisson Becker ក្រុម Liverpool និង Ederson Moraes របស់ Man City ជាកីឡាករសញ្ជាតិប្រេស៊ីលទាំងពីរ ហើយជាកីឡាករដែលទប់សំណាញ់ទីមិនឱ្យគេស៊ុតចូល(Clean- Sheet) ចំនួន២០ដងដូចគ្នាក្នុងរដូវកាលនេះ។
  


 ជាលើកទីពីរប្រចាំប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេស ដែលមានអ្នកចាំទីពីរនាក់ ឈ្នះស្រោមដៃមាសក្នុងរដូវកាលតែមួយ ដោយកាលឆ្នាំ ២០១៣  Petr Cech និង Wojciech Szczesny ធ្វើបាន Clean-Sheet ១៦ ដងស្មើគ្នា៕
 
 

Tag:
 Mohamed Salah
  Heung Min Son
© រក្សាសិទ្ធិដោយ thmeythmey.com