កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ប្ដូរឈ្មោះពាន AFF Suzuki Cup ទៅ AFF Mitsubishi Electric Cup
23, May 2022 , 4:29 pm        
រូបភាព
ជម្រើសជាតិថៃ ឈ្នះ AFF Suzuki Cup 2020 រូប AFF
ជម្រើសជាតិថៃ ឈ្នះ AFF Suzuki Cup 2020 រូប AFF
ពីទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី២៣ ឧសភានេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ប្ដូរឈ្មោះពានរង្វាន់ AFF Suzuki Cup ទៅ AFF Mitsubishi Electric Cup ជាផ្លូវការ។ ការប្រកួតសម័យកាលទី១៤ នៃ AFF Cup នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ធ្នូ ជាមួយឈ្មោះពានរង្វាន់ផ្លូវការ AFF Mitsubishi Electric Cup 2022។


ការប្រកួតពានរង្វាន់នេះ ជាមួយម្ចាស់ឧបត្ថម្ភថ្មី ប្រើពាក្យស្លោក “រួមគ្នា យើងអាចបង្កើតឲ្យកាន់តែប្រសើរទាំងអស់គ្នា” “Together, We can build better” ។ ជាមួយឈ្មោះថ្មីនៃពានរង្វាន់នេះ ការប្រកួត នឹងពង្រឹងបន្ថែម នូវចំណងមិត្តភាពរវាងអ្នកគាំទ្របាល់ទាត់ និងកីឡាករ ឲ្យកាន់តែខ្លាំងឡើង ជាពិសេសការរួបរួមគ្នា តាមរយៈព្រឹត្តិការណ៍កីឡាក្នុងតំបន់។ 
 
យោងតាមការផ្សាយរបស់ Asean Football Federation, លោក Kunihiko Seki នាយកប្រតិបត្តិសាជីវកម្ម និងជាប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Mitsubishi Electric បាននិយាយថា៖«នេះ គឺជាការបើកដំណើរការម្ដងទៀត បន្ទាប់ពីពិភពលោក បានជួបវិបត្តិអស់រយៈពេលជាង២ឆ្នាំ។ យើងសប្បាយចិត្ត ក្នុងការក្លាយជាម្ចាស់ឧបត្ថម ពានរង្វាន់ AFF Championship និងការឧបត្ថម សម័យកាល AFF ថ្មី នាំមកនូវព្រឹត្តិការណ៍តែមួយ ដែលនាំទៅកម្រិតមួយទៀត។»។
 
ជាមួយគ្នានេះដែរ លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន (AFF President) បានបញ្ជាក់ថា៖« ខ្ញុំ ពេញចិត្តដោយបានក្រុមហ៊ុន Mitsubishi Electric ចូលរួមជាមួយ ក្នុងនាមជាម្ចាស់ឧបត្ថម្ភថ្មី។ ដោយការប្រកួតពានរង្វាន់ AFF រដូវកាលទី១៤ យើងត្រូវតែបន្ដ ការច្នៃប្រឌិត និងបំបែកកំណត់ត្រាថ្មីៗ សម្រាប់ការប្រកួតប្រជែង។ គោលដៅ គឺអភិវឌ្ឍបន្ថែមបាល់ទាត់ក្នុងតំបន់។»។
 
គួរបញ្ជាក់ផងដែរថា នារដូវកាល២០២០ នៃការប្រកួតAFF Suzuki Cup  ថៃ បានឈ្នះ ឥណ្ឌូណេស៊ី ដែលជាម្ចាស់ជើងឯក៦សម័យកាល នៃពានរង្វាន់នេះ។ នោះ គឺជាសម័យកាលចុងក្រោយ ដែលមានការឧបត្ថម្ភពី Suzuki ដោយការប្រកួតពេលនោះ មានអ្នកទស្សនាជាង ២៦០លាននាក់ តាមកញ្ចក់ទូរទស្សន៍ និង៦៥៧លាន ទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ៕
 

Tag:
 បាល់ទាត់
  AFF Suzuki
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com