កីឡាអន្តរជាតិ
អន្តរជាតិ
Verstappen ដណ្តើមបានកំពូលតារាង F1 វិញ ក្រោយបន្តឈ្នះ៣លើកចុងក្រោយ
23, May 2022 , 7:29 pm        
រូបភាព
Max Verstappen ម្ចាស់ការពារតំណែងជើងឯកកីឡាប្រណាំងរថយន្ត Formula One បានបង្ហាញភាពខ្លាំងរបស់ខ្លួន ក្រោយបន្តជ័យជម្នះជាលើកទី៤ ក្រោយឈ្នះការប្រណាំងនៅទីលានទី៦ ក្នុងកម្មវិធី PIRELLI GRAN PREMIO DE ESPANA ប្រទេសអេស្ប៉ាញ។


នាការប្រណាំងទីលានទី៦រដូវកាលឆ្នាំ២០២២ ដែលធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា Verstappen ដែលបើកបរឱ្យក្រុម Red Bull បានប្រជែងឈ្នះមិត្តរួមក្រុមខ្លួន Sergio Perez ដើម្បីបញ្ចប់ទីមុនគេ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ សម្រេចបានដោយប្រើថេរវេលា ១ម៉ោង ៣៤នាទី និង២៤វិនាទី។ 
 
George Russell របស់ក្រុម Mercedes ធ្វើបានក្នុងចំណាត់ថ្នាក់ទី៣ ខណៈ Lewis Hamilton ដែលមិនទាន់រកឃើញជ័យជម្នះនៅឡើយ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥។ Hamilton ម្ចាស់ជើងឯក F1 ៧សម័យដែលបើកបរឱ្យក្រុម Mercedes ធ្វើមិនបានល្អសោះ ចាប់តាំងពីបើកសាកល្បងត្រៀមបើករដូវកាលថ្មីម្លេះ។ Hamilton ធ្លាប់អះអាងថារថយន្តប្រណាំង Mercedes របស់ខ្លួនមានបញ្ហា។
 
តាមរយៈជ័យជម្នះជាលើកទី៤ ក្នុងចំណោមការប្រណាំង៦លើក Verstappen បានឡើងឈរកំពូលតារាង F1 ជំនួសអ្នកប្រណាំងកំពុងឡើងទឹកដៃ Charles Leclerc របស់ Ferrari វិញ។ 
Verstappen រកបាន១១០ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងសញ្ជាតិម៉ូណាកូ Leclerc ១០៤ពិន្ទុ និងលេខ៣ Perez មានរកបាន៨៥ពិន្ទុ។
 
ភ្នែកគ្រឿងម៉ាស៊ីនវិញ Red Bull ក៏បានទម្លាក់ Ferrari ដើម្បីឡើងទីឈរលេខ១ក្នុងតារាងដូចគ្នា។ Red Bull រកបានពិន្ទុសរុបបណ្តោះអាសន្ន ១៩៥ពិន្ទុ ដោយនាំមុខ Ferrari ចំនួន២៦ពិន្ទុ។ Mercedes ឈរលេខ៣មាន១២០ពិន្ទុ។
 
ជំនួបបន្ទាប់នាទីលានទី៧ នឹងធ្វើឡើងនៅប្រទេសម៉ូណាកូ ក្នុងកម្មវិធី Grand Prix De Monaco នាថ្ងៃទី២៩ ខែសឧសភា៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com