កីឡាអន្តរជាតិ
អន្តរជាតិ
Man City សុំទោសអ្នកចាំទី Aston Villa ក្រោយរងការវាយប្រហារពីអ្នកគាំទ្រ
23, May 2022 , 9:29 pm        
រូបភាព
ក្លិប Manchester City ថ្ងៃទី២២ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍សុំទោសកីឡាករចាំទី Robin Olsen របស់ក្រុម Aston Villa បន្ទាប់ពីរូបគេរងការវាយប្រហារពីសំណាក់អ្នកគាំទ្រ ក្រោយក្រុមអបអរឈ្នះពាន Premier League។


អ្នកគាំទ្រក្រុមមេឃខៀវបានរត់ចូលក្នុងទីលានប្រកួត បន្ទាប់ពីក្រុមប្រកួតវាយបកយកឈ្នះលើ Aston Villa លទ្ធផល ៣-២។ អំឡុងអ្នកគាំទ្រអបអរជ័យជម្នះរត់ចូលទីលាន ក្រោយអាជ្ញាកណ្តាលបញ្ចប់ការប្រកួត កីឡាករ Olsen ត្រូវបានគេឃើញថាមានអ្នកគាំទ្រមួយចំនួន បានព្យាយាមច្រាននឹងប៉ុនប៉ង់វាយមកលើរូបគេ។
 
គ្រូបង្វឹក Aston លោក Steven Gerard ក្នុងសន្និសិទកាសែតបាននិយាយទាក់ទងនឹងរឿងនេះដែរថា«អ្នកចាំទីរបស់ខ្ញុំរងការវាយប្រហារ ដូច្នេះសំណួរដែលបានចោទសួរមកខ្ញុំគួរតែសួរទៅកាន់លោក Pep Gaurdiola និងក្លិប Manchester City ហើយពេលនេះយើងកំពុងតែពិនិត្យលើបញ្ហារបស់គេ។»។
 
យ៉ាងណាមិញក្រោយក្រុម Man City អបអរការលើកពាន​​ Premier League រួចមក ក្រុមរហ័សនាមមេឃខៀវមួយនេះ ក៏បានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះអ្នកចាំទី Olsen។
«Manchester City ពិតជាសុំទោសដោយចិត្តស្មោះត្រង់ចំពោះអ្នកចាំទីរបស់ Aston Villa គឺកីឡាករ Robin Olsen ដែលរងការវាយប្រហារពីសំណាក់អ្នកគាំទ្រដែលបានរត់ចូលក្នុងទីលាន បន្ទាប់ពីប្រកួតបានបញ្ចប់។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Man City។
 
មិនត្រឹមតែប៉ុណ្ណោះក្លិប Man City ក៏អះអាងបន្ថែមថាក្លិបកំពុងបើកការស៊ើបអង្កេត នឹងស្វែងរកជនដែលបង្ករឿងមិនសមរម្យ ហើយនឹងហាមឃាត់មិនឱ្យចូលទស្សនាក្នុងកីឡដ្ឋានឡើយ។
 
គួរបញ្ជាក់ថា នេះជាលើកទីពីរនៅក្នុង Premier league រដូវកាល ២០២១-២២ ដែលក្រុមអ្នកគាំទ្របានអបអរជ័យជម្នះដោយរត់ចូលលុកលុយក្នុងទីលានប្រកួត បន្ទាប់ពីជំនួបសប្តាហ៍ទី៣៧ថ្ងៃទី១៩ខែឧសភា រវាង Crystal Palace ទល់ Everton៕
 

Tag:
 Manchester City
  Aston Villa
© រក្សាសិទ្ធិដោយ thmeythmey.com