កីឡាអន្តរជាតិ
អន្តរជាតិ
Van de Beek, Maguire, Ronaldo ស្ថិតក្នុងគម្រោងរបស់លោក Ten Hag រដូវកាលក្រោយ
24, May 2022 , 12:29 pm        
រូបភាព
លោក Erik Ten Hag អ្នកចាត់ការទូទៅថ្មីក្លិប Manchester United ថ្ងៃទី២៣ ខែឧសភា រំពឹងថា កីឡាករ Donny Van de Beek មកចូលរួមក្លិបវិញ និងធ្វើការងារជាមួយកីឡាករនានាដូចជា Cristiano Ronaldo និងខ្សែការពារ Harry Maguire ដោយអ្នកទាំងបីស្ថិតក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលក្រោយ។


Van de Beek ក្នុងរដូវកាល ២០២១-២២ បានចំណាយពេលសឹងពាក់កណ្តាលរដូវកាលលេងឱ្យក្លិប Everton ក្នុងនាមកីឡាករខ្ចីជើង។ ថ្ងៃប្រកួតចុងក្រោយ រូបគេបានស៊ុតបំប៉ោងសំណាញ់ទីក្រុម Arsenal ១គ្រាប់។ 
 
ខ្សែបម្រើសញ្ជាតិហូឡង់ នឹងត្រលប់មកជំរំហ្វឹកហាត់របស់បិសាចក្រហមវិញក្រោមបញ្ចប់ការខ្ចីជើងពី Everton ហើយរូបគេក្លាយជាកីឡាករស្ថិតក្រោមការគ្រប់គ្រងរបស់លោក Ten Hag ជាថ្មីម្តងទៀត។ កាលឆ្នាំ ២០១៨-១៩ Van de Beek ជាកីឡាករសំខាន់មួយរូបរបស់លោក Ten Hag នៅក្លិប Ajax Amsterdam ដោយបានជួយក្រុមហូឡង់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។
 
ក្នុងសន្និសិទកាសែតលើកដំបូងរបស់លោកនៅក្លិបបិសាចក្រហម អ្នកចាត់ការវ័យ ៥២ឆ្នាំក៏ត្រូវបានក្រុមអ្នកកាសែតចោទសួរទាក់ទងអនាគតរបស់កីឡាករ Van de Beek, Maguire និង Ronaldo ។ លោក Ten Hag ឆ្លើយថាកីឡាករទាំង៣សុទ្ធសឹងជាកីឡាករស្ថិតក្នុងគម្រោងក្រុមរដូវកាលថ្មី។
 
«ពិតណាស់ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធជាមួយ Van de Beek ខ្ញុំកំពុងរង់ចាំជួបគាត់នៅលើទីលានហ្វឹកហាត់ម្តងទៀត។ […] សម្រាប់ខ្ញុំ Ronaldo ពូកែរកគ្រាប់បាល់ខ្លាំងណាស់ហើយជាកីឡាករកំពូលមួយរូប ខ្ញុំត្រូវការជួបពិភាក្សាជួបរូបគាត់សិន។ ហើយខ្ញុំនិយាយដដែលៗ រដូវកាលក្រោយខុសគ្នា Maguire ធ្វើបានល្អរដូវកាលនេះ ហើយគេផ្តល់គ្រប់យ៉ាងដល់ Man United ។ ខ្ញុំកំពុងសម្លឹងបំពេញការងារជាមួយគាត់។» លោក Ten Hag និយាយប្រាប់គេហទំព័រផ្លូវការក្លិប Man United។
 
Manchester United នឹងត្រូវប្រកួតក្នុងពានរង្វាន់លំដាប់ទីពីរអឺរ៉ុប Europa League ក្រោយបញ្ចប់ចំណាត់ថ្នាក់នៅ Premier League ត្រឹមលេខ៦ មាន៥៨ពិន្ទុ៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com