កីឡាអន្តរជាតិ
អន្តរជាតិ
Glazer អះអាងថា Man United ក្រោមការដឹកនាំលោក Erik Ten Hag នឹងធ្វើការងារអស្ចារ្យបំផុត
24, May 2022 , 3:02 pm        
រូបភាព
ក្លិប Manchester United ស្ថិតក្រោមការគ្រប់គ្រងពីសំណាក់លោក Erik ten Hag នឹងមានភាពល្អអស្ចារ្យឡើងវិញ។ នេះបើតាមការលើកឡើងរបស់លោក Avram Glazer ថ្ងៃទី២៣ ខែឧសភា។


លោក Ten Hag ត្រូវបានក្លិបបិសាចក្រហមតែងតាំងជាអ្នកចាត់ការថ្មី ដោយជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក ​Ralf Rangnick ដែលដឹកនាំបានត្រឹម៦ខែ។ អតីតគ្រូបង្វឹកក្រុម Ajax Amsterdam ក៏បានបង្ហាញខ្លួនក្នុងជំនួប Man United ចាញ់ ​Crystal Palace លទ្ធផល ១-០ នាជំនួបចុងក្រោយ Premier League។ 
 
ក្រុម Man United ចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson រដូវកាល ២០១២-១៣ មកដល់ ២០២១-២២ ក្រុមមិនដែលឈ្នះ Premier league ម្តងឡើយ។ បិសាចក្រហមធ្លាប់ប្រជែងបានត្រឹមចំណាត់ថ្នាក់លេខ ២ មួយលើក​ដោយកាលនោះស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer រដូវកាល ២០២០-២១។
 
ទោះជាយ៉ាងនេះក្តីលោក Avram Glazer បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky sports ថា ការជ្រើសរើសលោក Ten Hag ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់ក្លិប ហើយក្លិបនឹងចំណាយប្រាក់លើកីឡាករថ្មីបន្ថែម។ 
 
«យើងដឹងថាគាត់ (Erik ten Hag) នឹងធ្វើការងារនេះបានល្អនិងអស្ចារ្យបំផុត នេះជាហេតុផលដែលយើងជ្រើសរើសគាត់។យើងនឹងចំណាយប្រាក់ទិញកីឡាករថ្មីៗបន្ថែមទៀតសម្រាប់លោក Ten Hag ទោះមានការរិះគន់ពីអ្នកគាំទ្រក្តី។»។លោក ​Avram Glazer និយាយបែបនេះ។
 
យ៉ាងណាមិញលោក Avram ជាមនុស្សម្នាក់ក្នុងចំណោមគ្រួសារ Glazer ក៏បានបង្ហាញអារម្មណ៍ខកចិត្ត ទាក់ទងនឹងចំណាត់ថ្នាក់ក្រុមរដូវកាលនេះ ហើយលោកក៏សន្យានឹងធ្វើគ្រប់យ៉ាង ដើម្បីជួយក្លិបឱ្យល្អប្រសើឡើងវិញ៕
 
 
 

Tag:
 Glazer Family
  Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com