អន្តរជាតិ
លោកបៃឌិន៖ អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយការបរទេសខ្លួនចំពោះតៃវ៉ាន់ឡើយ
24, May 2022 , 9:29 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៤ ខែឧសភា បានសង្កត់ធ្ងន់ថា អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយការបរទេសបែបមិនច្បាស់លាស់ចំពោះតៃវ៉ាន់ឡើយ។ ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអះអាងថា ក្រុងវ៉ាស៊ីនតោននឹងការពារក្រុងតៃប៉ិដោយយោធាក្នុងករណីក្រុងប៉េកាំងវាយប្រហារ។


 
 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៣ ខែឧសភា បានប្រកាសថា កម្លាំងយោធាអាម៉េរិក នឹងជួយតៃវ៉ាន់ ក្នុងករណីចិនវាយប្រហារ។ ការប្រកាសបែបនេះ ត្រូវបានចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងទទូចឱ្យអាម៉េរិកឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។  បើតាមអ្នកនាំពាក្យការបរទេសចិន  វាមានតែចិនមួយប៉ុណ្ណោះនៅក្នុងពិភពលោក ដោយតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីចិន ហើយសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលតែមួយគត់ ដែលតំណាងឱ្យចិនទាំងអស់។
 
មួយថ្ងៃបន្ទាប់ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងក្រុងតូក្យូ បន្ទាប់ពីកិច្ចប្រជុំភាពជាដៃគូសន្តិសុខចតុភាគី (QUAD) លោកបៃឌិន បាននិយាយការពារថា អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយការបរទេសបែបមិនច្បាស់លាស់របស់ខ្លួន នៅចំពោះមុខតៃវ៉ាន់ឡើយ។ 
 
«គោលនយោបាយ មិនត្រូវបានផ្លាស់ប្តូរអ្វីទាំងអស់។ ខ្ញុំបានថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ម្សិលមិញ»។ លោកបៃឌិន បានឆ្លើយសំណួរអ្នកសារព័ត៌មានបែបនេះ ជុំវិញគោលនយោបាយការបរទេសអាម៉េរិក ទាក់ទិននឹងតៃវ៉ាន់។ យ៉ាងណាមិញ លោកបៃឌិន មិនបានបកស្រាយពីការបញ្ជូនទ័ពជួយតៃវ៉ាន់ឡើយ។ 
 
ចាប់តាំងពីឆ្នាំ ១៩៧៩ នៅពេលអនុម័តច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់ អាម៉េរិក បានចាប់ផ្តើមអនុវត្តគោលនយោបាយបែបមិនច្បាប់លាស់។ គោលនយោបាយបែបនេះ អាម៉េរិក មិនបញ្ជាក់ច្បាស់ឡើយថា ខ្លួននឹងបញ្ជូនទ័ពជួយតៃវ៉ាន់ឬអត់ ក្នុងករណីចិនវាយប្រហារ។ ម្យ៉ាងវិញទៀត ច្បាប់ទំនាក់ទំនងតៃវ៉ាន់ បានអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន លក់អាវុធឱ្យក្រុងតៃប៉ិ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន និងការពារពីការប្រើកម្លាំងយោធារបស់ចិន។  
 
កន្លងមក សមាជិកសភាអាម៉េរិក បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាញឹកញាប់។ មិនតែប៉ុណ្ណោះ នាវាចម្បាំងអាម៉េរិក តែងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ ដោយផ្អែកតាមច្បាប់អន្តរជាតិ និងសេរីភាពនៃនាវាចរ។ ប៉ុន្តែបញ្ហាទាំងពីរនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងខ្លួន និងបង្កឱ្យមានអស្ថិរភាពក្នុងតំបន់។
 
ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំ QUAD នាក្រុងតូក្យូ នៅថ្ងៃទី២៤ ខែឧសភា លោក គីស៊ីដា ហ្វូមីអូ ប្រមុខរដ្ឋាភិបាលជប៉ុន បានលើកឡើងថា មេដឹកនាំភាពជាដៃគូសន្តិសុខចតុភាគី នឹងមិនអត់ឱនឡើយ ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) ដោយប្រើប្រាស់កម្លាំងទ័ព នៅក្នុងផ្នែកណាមួយនៃពិភពលោក។  ទោះមិននិយាយចំៗ ការថ្លែងរបស់មេដឹកនាំជប៉ុនរូបនេះ ទំនងសំដៅដល់ចិន និងរុស្ស៊ីតែម្ដង។ បើតាមលោកគីស៊ីដា មេដឹកនាំប្រទេសទាំង ៤ បានអះអាងជាថ្មីពីការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
 
 
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com