កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ជាប់ជាអ្នកចាត់ការល្អបំផុតប្រចាំឆ្នាំ ទាំង Premier League និង LMA awards
25, May 2022 , 11:59 am        
រូបភាព
លោក Jurgen Klopp ជាប់​ជា​អ្នកចាត់ការ​ទូទៅ​ល្អ​បំផុត​ប្រចាំឆ្នាំរបស់ LMA awards សម្រាប់​រដូវ​កាល ២០២១-២២។ Klopp ក៏ជាប់ជាអ្នកចាត់ការល្អបំផុតនៅ Premier League ដែរ បើទោះមិនបាន​ជួយ Liverpool ឈ្នះ​ពាន Premier League ​ក្តី។


ខកខានមិនបានជួយក្រុមលើកពានលីគកំពូលអង់គ្លេសរដូវកាលនេះ ប៉ុន្តែលោក Klopp បានដឹកនាំក្រុមលើកពាន EFL Cup និង FA Cup រួចទៅហើយ និងថែមទាំងឡើងទៅដណ្តើមពាន Champions League នៅវគ្គផ្តាច់ព្រ័ត្រជាមួយ Real Madrid ផង។
 
តាមរយៈការដឹកនាំដ៏លេចធ្លោនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ៥៤ឆ្នាំ ត្រូវបានបោះឆ្នោតឱ្យក្លាយជាអ្នកចាត់ការល្អបំផុត ពីសំណាក់សមាជិកអ្នកចាត់ការទូទៅរបស់សមាគមន៍ LMA ប្រចាំឆ្នាំ២០២២។ លោក Sir Alex Ferguson អតីត​អ្នកចាត់ការ​ឆ្នើម Manchester United និងជាអ្នកទទួលបានពាននេះច្រើនជាងគេ ជាអ្នកផ្តល់ពាន LMA ដល់​លោក Klopp ផ្ទាល់ដៃ។
 
​ក្រោយ​ឡើងទៅ​ដឹកនាំ​ក្រុម​Liverpool ចំនួន​៧​រដូវ​កាល Klopp ​បាន​ជួយ​ហង្ស​ក្រហម​ឈ្នះ​ពានរង្វាន់ធំៗលំដាប់កំពូល UEFA Champions League កាលពី​រដូវ​កាល​ ២០១៨-១៩ និង​លើក​ពាន​ Premier League ​រដូវ​កាល២០១៩-២០។​
 
មិនត្រឹមទទួលបានពាន LMA ជាលើកទី២ឡើយ (ទទួលបានលើកដំបូងនៅរដូវកាល ២០១៩-២០) លោក Klopp ក៏ជាប់ឈ្មោះជាអ្នកចាត់ការទូទៅល្អបផុតប្រចាំឆ្នាំនៃក្របខណ្ឌ Premier League ផងដែរ បើទោះ Liverpool ខកខានប្រជែងពានលីគកំពូលនេះ ដោយចាញ់ពិន្ទុក្រុមជើងឯក Manchester City ក៏ដោយ។
 
Klopp ប្រជែងឈ្នះ លោក Pep Guardiola អ្នកចាត់ការ Man City, Thomas Frank របស់ Brentford, Eddie Howe របស់ Newcastle និង Patrick Vieira របស់ Crystal Palace សម្រាប់តំណែងគ្រូល្អបំផុតនៅលីគកំពូលអង់គ្លេសរដូវកាល ២០២១-២២នេះ៕
 

Tag:
 Jurgen Klopp
  LMA awards
© រក្សាសិទ្ធិដោយ thmeythmey.com