កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសយល់ព្រមសំណើទិញក្លិប Chelsea របស់មហាសេដ្ឋីអាម៉េរិក Todd Boehly
25, May 2022 , 3:06 pm        
រូបភាព
សម្ព័ន្ធភាពមហាសេដ្ឋីអាម៉េរិក Todd Boehly ដែលបានស្នើទិញក្លិប Chelsea តម្លៃ ៥,២ពាន់លានដុល្លារ ដើមខែឧសភា ទទួលបានការយល់ព្រមពីសំណាក់ Premier league និងរដ្ឋាភិបាលអង់គ្លេសហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសថ្ងៃទី២៤ ខែឧសភា។


ក្លិបតោខៀវទទួលបានសិទ្ធិអាជ្ញាប័ណ្ណពិសេស ក្នុងការទិញលក់ក្លិប ប៉ុន្តែអាជ្ញាប័ណ្ណនោះ និងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា។ ការលក់ក្លិប Chelsea ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមានភាពរាំងស្ទះ ព្រោះរដ្ឋាភិបាលអង់គ្លេសភ័យខ្លាច Roman Abramovich ទទួលបានចំណែកពីការលក់ ប៉ុន្តែការលក់ក្លិប Chelsea ក៏ត្រូវរំពឹងរួចរាល់ក្នុងសប្តាហ៍នេះដែរ។
 
ទោះជាយ៉ាងនេះក្តីនាថ្ងៃទី២៤ ខែឧសភា សំណើទិញក្លិបតោខៀវក៏ទទួលការយល់ព្រមពីក្របខណ្ឌ កំពូលអង់គ្លេសរួចរាល់ ក្រោយម្ចាស់ក្លិបថ្មី និងនាយកប្រតិបត្តិក្លិបថ្មី ឆ្លងផុតការធ្វើតេស្តរបស់ក្រុមប្រឹក្សា ភិបាលរបស់ Premier league។ Premier League ក៏បានអះអាងថានឹងសហការជាមួយរដ្ឋាភិបាលអង់គ្លេសក្នុងការលក់ក្លិប Chelsea ឱ្យបានសម្រេច។
 
យ៉ាងណាមិញក្រោយ Premier league បានយល់ព្រមសំណើទិញ ក្លិបពីសំណាក់សម្ព័ន្ធភាពលោក Todd Boehly រដ្ឋាភិបាលអង់គ្លេសក៏បានបើកភ្លើងខៀវយល់ព្រមរួចរាល់ដែរ។
 
«រដ្ឋាភិបាលអង់គ្លេសបានឈានដល់ការយល់ព្រមចេញអាជ្ញាប័ណ្ណអនុញ្ញាត ឱ្យលក់ក្លិប​ Chelsea។ ដោយសារតែទណ្ឌកម្មលើលោក Abramovich យើងធ្វើការយ៉ាងលំបាក់ដើម្បីអាចជួយដល់ក្លិបតោខៀវអាចបន្តការប្រកួតរបស់ខ្លួនបន្តទៀត ហើយយើងក៏អាចដឹងច្បាស់ថាអនាគត់រយៈពេលវែងរបស់ Chelsea នឹងធានាបានក្រោមការគ្រប់គ្រងរបស់ម្ចាស់ថ្មី។[...] ការយល់ព្រមថ្ងៃនេះក៏បានការពារផលប្រយោជន៍បាល់ទាត់ វប្បធម៍ និងអ្នកគាំទ្ររបស់ក្លិបពេលអនាគតដូចគ្នា។»។ នេះបើតាមសេចក្តីថ្លែងការណ៍រដ្ឋាភិបាលអង់គ្លេស។
 
អំឡុងរជ្ជកាលគ្រប់គ្រងរបស់លោក Abramovich ក្រុមតោខៀវបានស្វែងរកពានរង្វាន់រហូតដល់ទៅ ១៩ផ្សេងគ្នារួមទាំង Champions League ចំនួន២លើក។ Chelsea នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបថ្មីក្នុងពេលឆាប់ៗ៕
 
 

Tag:
 Premier League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com