កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho ៖ បើ Roma ឈ្នះ Conference League ប្រៀបដូចបញ្ចប់ការផ្សងព្រេងរដូវកាលនេះ
25, May 2022 , 5:59 pm        
រូបភាព
ក្លិប AS Roma ជួបតទល់ក្លិប Feyenoord នាជំនួបវគ្គផ្តាច់ព្រ័ត្រ Europa Conference League វេលាម៉ោង ២យប់ (ម៉ោងនៅកម្ពុជា)រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ។ មុនការប្រកួតមកដល់លោក Jose Mourinho និយាយថាបើឈ្នះពាននេះប្រៀបដូចជាការបញ្ចប់ដំណើរផ្សងព្រេងរបស់ Roma ដែរ។

 
Roma មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ បានបំបាក់ក្រុម Leicester City មកពីអង់គ្លេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឯ Feyenoord បានបំបាក់ក្រុមខ្លាំង Olympique de Marseille របស់បារាំង។ Roma ក៏បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ នៅ Serie A រដូវកាលនេះ ហើយបានកៅអី Europa League រដូវកាលក្រោយ។
 
កាលពីមុនលោក Mourinho ក៏បានបញ្ជាក់ម្តងរួចហើយថា បើក្រុមឈ្នះពាន Conference League នោះនឹងមានន័យដូចឈ្នះ Champions League កាលលោកដឹកនាំ Inter Milan និង Porto ដែរ។ ជំនួបផ្តាច់ព្រ័ត្ររវាង Roma និង Feyenoord ប្រព្រឹត្តិទៅនាកីឡដ្ឋាន Kombetare Arena ក្នុងទីក្រុងទីរ៉ាណា ប្រទេសអាល់បានី។
 
មិនត្រឹមតែប៉ុណ្ណោះលោក Mourinho បាននិយាយក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតថា ឈ្នះពានដែលបង្កើតដំបូង គឺជាគោលដៅសំខាន់របស់ក្រុមលោក។
 
«សម្រាប់ខ្ញុំ វគ្គផ្តាច់ព្រ័ត្រនេះ មិនមែនការសរសេរប្រវត្តិសាស្ត្រឡើយ ប៉ុន្តែវាជាការបញ្ចប់ដំណើរផ្សងព្រេងរបស់ក្រុម ក្នុងរដូវកាលនេះតែប៉ុណ្ណោះ ហើយពាននេះក៏ជាគោលដៅរបស់ក្រុមយើងផងដែរ។»។ នេះជាការលើកឡើងរបស់លោក Mourinho។
 
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏បានអះអាងបន្ថែមថា ក្រុមរបស់លោក បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រជែងពានរង្វាន់លើកដំបូង ក្នុងប្រវត្តិសាស្ត្រមួយនេះ៕
 
 
 

Tag:
 Jose Mourinho
  Europa Conference League
© រក្សាសិទ្ធិដោយ thmeythmey.com