កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូជម្រើសជាតិអង់គ្លេស ៖ ការប្រកួតក្នុងទឹកដី ដោយគ្មានអ្នកទស្សនាជារឿងដ៏អាម៉ាស់បំផុត
26, May 2022 , 8:29 am        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ថ្ងៃទី២៥ ខែឧសភា និយាយថា ប្រកួតក្នុងកីឡដ្ឋានដែលគ្មានអ្នកទស្សនាជារឿងអាម៉ាស់បំផុត។ លោក Southgate ក៏ទាមទាឱ្យអ្នកគាំទ្រកែប្រែទម្លាប់អាក្រក់រត់ចូលក្នុងទីលានដែលកើតមានឡើងនាចុងរដូវកាលនេះ។


ក្រុមអង់គ្លេសត្រូវបានស្នើឱ្យប្រកួតក្នុងទឹកដីរបស់ខ្លួន ២ប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនា ក្នុងកម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។ ការហាមឃាត់នេះកើតឡើង ដោយសារការបង្កហិង្សាពីសំណាក់អ្នកគាំទ្រអង់គ្លេសនៅក្រៅទីលាន នឹងភាពគ្មានសណ្តាប់ធ្នាប់ ចាប់តាំងពីការប្រកួតពានរង្វាន់ ​Euro 2020 ផ្តាច់ព្រ័ត្រមក។ 
 
អង់គ្លេសនឹងស្វាគមន៍អ៊ីតាលី នាជំនួប ​UEFA Nation League ថ្ងៃទី១១​ ខែមិថុនាខាងមុខ ហើយជាជំនួបសងសឹករបស់អង់គ្លេស ដែលចាញ់អ៊ីតាលីកាលនៅផ្តាច់ព័្រត្រ Euro 2020។ ការហាមឃាត់អ្នកគាំទ្រអង់គ្លេសចូលទស្សនាការប្រកួតទីពីរ គឺមានរយៈពេល ២ឆ្នាំ ស្របតាមទណ្ឌកម្មរបស់ UEFA។
 
«ពេលនេះយើងកំពុងតែទទួលបានកាតលឿងពី UEFA ហើយជារឿងដែលអាម៉ាស់ដែលប្រកួតក្នុងទឹកដីដោយគ្មានអ្នកគាំទ្រ។ យើងចង់រៀបចំកម្មវិធីដូចធម្មតា ព្រោះពេលខាងមុខយើងនឹងមានកម្មវិធី Euro របស់ស្រ្តី ហើយយើងក៏រំពឹងថាអង់គ្លេសនឹងលែងមានបរិយាកាសអ៊ួអាប់ និងអាកប្បកិរិយាមិនសមរម្យរបស់អ្នកគាំទ្រដូចពេលមុនទៀតឡើយ។»។ លោក Southgate ប្រាប់អ្នកកាសែតបែបនេះ។
 
ជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមការប្រកួត Nations League នៅក្នុងពូល A ដែលត្រូវប្រកួតតទល់ក្រុម ហុងគ្រី ថ្ងៃទី៤ ខែមិថុនា នៅទីក្រុង Budapest មុនជួបអ៊ីតាលី។ ការប្រកួតនេះក៏ មិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាដូចគ្នា។
 
មិនត្រឹមតែអង់គ្លេសឡើយ ប្រទេសហុងគ្រីក៏ត្រូវបាន UEFA ដាក់ទណ្ឌកម្មមិនឱ្យមានអ្នកគាំទ្រចូលទស្សនាផងដែរ ដោយសារតែបញ្ហាសណ្តាប់ធ្នាប់របស់អ្នកគាំទ្រ និងប្រើប្រាស់ពាក្យមិនសមរម្យអំឡុងការប្រកួត៕
 
 
 
 
 

Tag:
 England
  UEFA Nation league
© រក្សាសិទ្ធិដោយ thmeythmey.com