កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinhoចាត់ទុកការឈ្នះ Conference League ជារឿងដ៏ពិសេសបំផុតក្នុងអាជីព
26, May 2022 , 10:59 am        
រូបភាព
ក្រោយជួយក្រុម AS Roma លើកពាន Europa Conference League ថ្ងៃទី២៥ខែឧសភា លោក Jose Mourinho បង្ហាញអារម្មណ៍រំភើបខ្លាំង។ លោកបាននិយាយថាជារឿងពិសេសបំផុតនិង ជាប្រវត្តិសាស្រ្តក្នុងអាជីពដែលឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុប៥ដង។


AS Roma យកឈ្នះលើក្រុម Feyenoord លទ្ធផល ១-០ ដោយកីឡាករ Nicolo Zaniolo ជាអ្នកស៊ុតបំប៉ោងសំណាញ់ទី នាទី៣២ ក្នុងកីឡដ្ឋាន Kombetare Arena ប្រទេសអាល់បានី។ នេះជាពានរង្វាន់ទ្វីបអឺរ៉ុបទី៥ របស់លោក Jose Mourinho ។
 
លោក Mourinho ធ្លាប់ដឹកនាំ FC Porto ឈ្នះពាន UEFA Champions league និង UEFA Cup, ក្រុម Inter Milan ឈ្នះ Champions League។ លោកក៏ដឹកនាំក្រុម Manchester United ឈ្នះ Europa League ឆ្នាំ ២០១៦ ផងដែរ។
 
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានក្លាយជាគ្រូបង្វឹកទីពីបន្ទាប់ពីលោក Giovanni Trapattoni ​ ដែលឈ្នះពានរង្វាន់អឺរ៉ុបច្រើនជាងគេ និងជាគ្រូបង្វឹកដែលឈ្នះ Europa Conference League លើកដំបូងក្នុងប្រវត្តិសាស្ត្រ។ លោក Giovanni Trapattoni ធ្លាប់ឈ្នះពានរង្វាន់លំដាប់អឺរ៉ុបចំនួន៦​ ដង។
 
«ជារឿងដែលអស្ចារ្យបំផុតមួយក្នុងអាជីព ដែលនេះជាពានរង្វាន់បន្ទាប់ពី Europa League ជាមួយ Manchester United, ជាមួយ Porto, Inter, និងពេលនេះ Roma ពិតជារឿងមួយដ៏ពិសេសខ្លាំងណាស។[…] វាត្រូវបានសរសេរជាប្រវត្តិសាស្រ្តសម្រាប់ Roma ក៏ដូចជាខ្ញុំ។ ខ្ញុំក៏សប្បាយចិត្តបានក្លាយជាគ្រូបង្វឹកក្នុងចំណោម Sir Alex Ferguson និង Giovanni Trapattoni ឈ្នះពានក្នុង៣ទសត្សរ៍ផ្សេងគ្នា»។ លោក Mourinho និយាយបែបនេះក្នុងសន្និសិទកាសែតក្រោមចប់ការប្រកួត។
 
សម្រាប់ក្លិប AS Roma នេះគឺជាពានរង្វាន់លំដាប់អឺរ៉ុបលើកដំបូងដែលពួកគេឈ្នះចាប់តាំងពីឆ្នាំ ១៩៩១ ៕
 
 
 

Tag:
 Jose Mourinho
  Europa Conference League
© រក្សាសិទ្ធិដោយ thmeythmey.com