កីឡាអន្តរជាតិ
អន្តរជាតិ
Nadal រកបានជ័យជម្នះលើកទី៣០០ប្រកួតនៅ Grand Slam ក្នុងអាជីព
26, May 2022 , 4:29 pm        
រូបភាព
Rafa Nadal បានបង្កើតកំណត់ត្រាថ្មីមួយ ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាវាយកូនបាល់កម្រិត Grand Slam លើកទី៣០០ បន្ទាប់ពីយកឈ្នះ Corentin Moutet ក្នុងលទ្ធផល ៦-៣ ៦-១ និង ៦-៤ ដើម្បីកក់កៅអីទៅជុំទី៣ ពានរង្វាន់ French Open។


Nadal បានទម្លាក់កីឡាករម្ចាស់ផ្ទះបារាំង Moutet នៅជុំទី២ពានរង្វាន់ French Open នៅថ្ងៃទី២៥ ខែឧសភា។ Nadal គ្រងជើងឯកលើទីលានដីក្រហម Roland Garros នេះច្រើនជាងគេបំផុតចំនួន១៣លើក ក្នុងចំណោមពានដែលរួបគេឈ្នះទាំង២១ក្នុងកម្រិត Grand Slam។
 
កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ា វ័យ៣៥ឆ្នាំរូបនេះ ក្លាយជាកីឡាករអាជីពនៅឆ្នាំ២០០១។ រយៈពេល២១ឆ្នាំ Nadal បានរកឃើញជ័យជម្នះទី៣០០របស់ខ្លួនមុនគេនៅលើទឹកដីបារាំង ដោយនាំមុខគេក្នុងចំណោមកីឡាករអាជីពដទៃសម្រាប់ការប្រកួត Grand Slam។
 
ក្រោយទទួលបានសមិទ្ធផលដ៏កម្រនេះ Nadal ដែលរងរបួសឆ្អឹងជំនី និងបញ្ហាប្រអប់ជើងផងនោះ ប្រាប់អ្នកយកព័ត៌មានថារូបគេនៅតែព្យាយាមកាន់តែជ្រៅក្នុងការប្រកួតវគ្គបន្ត។
«ខ្ញុំមិនអាចឈានចូលមកដល់វគ្គនេះបានទេ ប្រសិនបើខ្ញុំព្រួយបារម្ភអំពីបញ្ហារាងកាយរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ ដូច្នេះប្រសិនបើមានអ្វីកើតឡើង ខ្ញុំនឹងទទួលយកវា ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំផ្តោតលើកីឡាវាយកូនបាល់»។ នេះជាការអះអាងរបស់ Nadal។
 
Nadal កីឡាករលំដាប់លេខ៥ពិភលោកបច្ចុប្បន្ន ត្រូវបន្តទៅជួប កីឡាករលំដាប់ទី២៦ពិភពលោករបស់ហូឡង់ Botic van de Zandschulp នៅវគ្គ ១/៤ផ្តាច់ព្រ័ត្រ។ កាលពីឆ្នាំមុន Nadal ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វៃដៃម្ចាស់ការពារតំណែងជើងឯក Novak Djokovic៕
 

Tag:
 Rafa Nadal
© រក្សាសិទ្ធិដោយ thmeythmey.com