ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជា សម្រាប់ជួសជុលផ្លូវជនបទ
26, May 2022 , 5:09 pm        
រូបភាព
រូបតំណាងសកម្មភាពជុលជុលផ្លូវក្នុងខេត្តឧត្តរមានជ័យ ។ រូបថត ៖ ក្រសួងធនធានទឹក និងឧតុនិយម ។
រូបតំណាងសកម្មភាពជុលជុលផ្លូវក្នុងខេត្តឧត្តរមានជ័យ ។ រូបថត ៖ ក្រសួងធនធានទឹក និងឧតុនិយម ។
ដោយ ៖ ធន់ សេងហុង 
 
ធនាគារពិភពលោក (WB)បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១៦៩លានដុល្លារ  ដែលជាជំនួយផ្តល់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា​ ក្នុងការជួសជុលផ្លូវដែលខូចខាតបង្កពីគ្រោះធម្មជាតិ និងអាកាសធាតុ ជាពិសេសជួយរដ្ឋាភិបាលក្នុងការទ្រទ្រង់សុវត្ថិភាពពលរដ្ឋនៅលើដងផ្លូវ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក នាថ្ងៃទី២៥ខែឧសភា ។



ធនាគារពិភពលោក បានអនុម័តជំនួយដែលមានទំហំទឹកប្រាក់ចំនួន ១៦៩លានដុល្លារ ក្នុងការជួយទៅដល់គម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ កត្តាអាកាសធាតុ ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់សុវត្ថិភាពពលរដ្ឋ នៅលើដងផ្លូវផងដែរ។ គម្រោងនេះជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។ 
 
របាយការណ៍ដដែល បានបញ្ជាក់ថា គម្រោងនេះនឹងនាំអត្ថប្រយោជន៍ដល់ប្រជាជន ប្រហែល ៥,៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ ជាពិសេសដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះផ្ទាល់តែម្តង។ គម្រោងក៏នឹងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ, ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិផងដែរ ។
 
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា៖ «ជាមួយនឹងការប្តេជ្ញាចិត្តមោះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះនឹងជួយធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរដល់ប្រជាជនងាយរងគ្រោះពីហេតុការណ៍គ្រោះធម្មជាតិដែលគ្មានអ្នកណាអាចដឹងមុន»។
 
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងដើរតួយ៉ាងសកម្ម ក្នុងការអនុវត្ត និងបង្កើនភាពធន់នៃការសាងសង់ និងស្តង់ដាថែទាំផ្លូវ។គម្រោងនេះ បន្តអនុវត្តពីដំណាក់កាលទី១ នៃគម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅកម្ពុជា ដោយផ្តោតសំខាន់លើការពង្រីកបណ្តាញតភ្ជាប់ផ្លូវជនបទ ដែលធន់នឹងកត្តាអាកាសធាតុ និងលើការពង្រឹងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់ភាពធន់នឹងគ្រោះធម្មជាតិ។ ជាពិសេការគ្រប់គ្រងហានិភ័យទឹកជំនន់នៅក្នុងតំបន់ទន្លេសាប ដែលរងការខូចខាតខ្លាំងពីទឹកជំនន់ក្នុងឆ្នាំ២០២០។ 
 
សូមជម្រាបថា ថវិកានេះគឺជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន ៤៥០ពាន់ដុល្លារទៀត ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន និងWB សម្រាប់បញ្ជ្រាបការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ (Japan-Bank Program for Mainstreaming DRM in Developing Countries) ផងដែរ។

កម្មវិធីនេះទទួលថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយមូលនិធិសាកល សម្រាប់កាត់បន្ថយនិងស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជានឹងរួមចំណែកថវិកាបដិភាគចំនួន ២លានដុល្លារ ទៅក្នុងកញ្ចប់ហិរញ្ញប្បទានថ្មីនេះ។
 

Tag:
 WB ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com