ជាតិ
មន្ទីរកសិកម្មសៀមរាប ឱ្យកសិកររួសរាន់ធ្វើស្រែ ព្រោះភ្លៀងធ្លាក់ច្រើន អាចប៉ះពាល់ផលស្រូវឆ្នាំនេះ
27, May 2022 , 7:59 am        
រូបភាព
ប្រជាកសិករស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួសស្រូវដែលខូចខាត (រូបពី ហ្វេសបុក ទៅលេងបន្ទាយស្រី)
ប្រជាកសិករស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួសស្រូវដែលខូចខាត (រូបពី ហ្វេសបុក ទៅលេងបន្ទាយស្រី)
ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុនៅដើមឆ្នាំ២០២២នេះ បានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនស្រូវវស្សារបស់ប្រជាកសិករស្ទើរទូទាំងប្រទេស។ ជាក់ស្ដែង កសិករមួយចំនួននៅខេត្តសៀមរាប មិនទាន់អាចដាំដុះស្រូវបាននៅឡើយ ដោយសារបរិមាណទឹកភ្លៀងកើនជិត៤ដង ធៀបនឹងឆ្នាំមុន។

 
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានជូនដំណឹងឱ្យកសិករប្រញាប់ភ្ជួររាស់ដាំដុះស្រូវ ព្រោះឆ្នាំនេះពុំសូវមានកូនរដូវប្រាំងនោះទេ ដែលអាចធ្វើឱ្យស្រូវខូចខាតច្រើនជាងឆ្នាំមុនដោយសារជំនន់ទឹកភ្លៀង។
 
សេចក្ដីជូនដំណឹងដដែល បានណែនាំឱ្យកសិករ ត្រៀមបម្រុងគ្រាប់ពូជស្រូវសម្រាប់ដាំដុះឡើងវិញ ក្នុងករណីស្រូវខូចខាតដោយសារទឹកភ្លៀង។ ត្រូវរៀបចំលើកភ្លឺស្រែឱ្យបានមាំល្អ និងត្រៀមលក្ខណៈបូមទឹកចេញពីស្រែនៅពេលមេឃរាំងភ្លៀង ដើម្បីភ្ជួររាស់ និងដាំដុះឱ្យទាន់រដូវកាល។ 
 
ចំពោះ ស្រែជម្រៅ ពុំអាចពង្រោះបាន ត្រូវប្ដូរបច្ចេកទេសពីពង្រោះ ទៅស្ទូងវិញ។ ជាពិសេស ក្នុងបរិបទជីកសិកម្មឡើងថ្លៃ កសិករត្រូវកាត់បន្ថយកម្រិតគ្រាប់ពូជស្រូវ និងបរិមាណជី ជំនួសវិញដោយការប្រើប្រាស់ជីធម្មជាតិ។ 
 
ជុំវិញបញ្ហានេះ អ្នកស្រី រ៉េត ថាន កសិករធ្វើស្រែ២ហិកតា នៅភូមិក្រៀលពង ឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ឆ្នាំនេះភ្លៀងធ្លាក់ច្រើនពេក ធ្វើឱ្យអ្នកស្រី និងកសិករផ្សេងពុំអាចពង្រោះស្រូវបាននោះទេ។ មិនតែប៉ុណ្ណោះ ស្រូវដែលពង្រោះខ្លះ ត្រូវរងការខូចខាត ដោយសារភ្លៀងដក់ក្នុងស្រែជាប់ មិនអាចរំដោះចេញបាន។ 
 
អ្នកស្រី ប្រាប់បែបនេះ៖«ឆ្នាំនេះភ្លៀងច្រើនជាងឆ្នាំមុន តាំងពីខែ៣មកម្លេះ អ៊ីចឹង យើងពិបាកធ្វើស្រែណាស់ ព្រោះភ្លៀងច្រើនក៏ពិបាក ហើយរាំងពេកក៏ពិបាក។ ឆ្នាំនេះ ខ្ញុំធ្វើស្រែយឺតជាងឆ្នាំមុន បើឥឡូវខែប្រាំហើយ ខ្ញុំមិនបានពង្រោះទៀតផង»។ 
 
ផ្អែកតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម កសិកររូបនេះ មិនរំពឹងថា ផលស្រូវនឹងកើនឡើងនោះទេ ដោយសារឆ្នាំនេះភ្លៀង អាចនឹងធ្លាក់ជាប់រហូតដល់ចុងរដូវវស្សា។ 
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តសៀមរាប មកដល់ពេលនេះ កម្ពស់ទឹកភ្លៀងបានឡើងដល់ ៤២៥ មីលីម៉ែត្រ ធៀបនឹងឆ្នាំកន្លងទៅមានត្រឹមតែ ១២២មីលីម៉ែត្រ ពោលគឺកើនឡើងជិត ៤ដង។ រីឯ ការបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២២នេះ ការភ្ជួរ រាស់ដីសម្រេចបាន២៧៤៧៥ ហិកតា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មាន៦៣៤៥០ហិកតា។ ដោយឡែក ការដាំដុះស្រូវវិញ សម្រចបាន ៩៥៩៥ហិកតា។ 
 
បើតាម ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីខែឧសភា ដល់តុលា នឹងមានបាតុភូតធម្មជាតិចំនួន៣ ដែលអាចធ្វើឱ្យស្ថានភាពភ្លៀងធ្លាក់ច្រើន និងអូសបន្លាយរយៈពេលយូរ។ ភ្លៀង អាចនឹងធ្លាក់ក្នុងកម្រិតមធ្យម ទៅច្រើនបង្គួរនៅដើមរដូវស្សា ហើយពីបង្គួរ ទៅច្រើននៅពាក់កណ្ដាលរដូវស្សា និងមធ្យម ទៅបង្គួរនៅចុងរដូវវស្សា៕ 
 
 
 
 
 
 

Tag:
 ភ្លៀងធ្វើឱ្យខូចស្រូវ
  ស្រូវវស្សា
  កសិកម្មខេត្តសៀមរាប
  ស្រូវសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com