កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្គាល់បើកភ្លើងខៀវដល់ Abramovich លក់ក្លិប Chelsea
27, May 2022 , 12:29 pm        
រូបភាព
រដ្ឋាភិបាលព័រទុយហ្គាល់ យល់ព្រមអនុញ្ញាតឱ្យមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលបានក្លាយជាប្រជាជនព័រទុយហ្គាល់កាលពីឆ្នាំ ២០២១ កន្លងទៅ ហើយកំពុងរងទណ្ឌកម្មពីទ្វីបអឺរ៉ុប អាចលក់ក្លិប Chelsea របស់ខ្លួនបាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ ថ្ងៃទី២៦​ ខែឧសភា។


កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលអង់គ្លេស និងក្របខណ្ឌ Premier league ក៏បានសម្រេចយល់ព្រមអនុញ្ញាតដល់ការលក់ក្លិប Chelsea ទៅកាន់សម្ព័ន្ធភាពមហាសេដ្ឋី Todd Boehly។ អង់គ្លេសបារម្ភលោក Abramovich ទទួលបានចំណែកខ្លះពីការលក់។ 
 
យ៉ាងណាមិញភាពរាំងស្ទះនាប៉ុន្មានសប្តាហ៍ចុងក្រោយ ជាប់ទាក់ទងបញ្ហាមហាសេដ្ឋីរុស្ស៊ីកាន់លិខិតឆ្លងដែនជាជនជាតិព័រទុយហ្គាល់ ត្រូវបានរដ្ឋាភិបាលប្រទេសនេះ អាចអនុញ្ញាតឱ្យដំណើរការលក់ក្លិប Chelsea បាន។ ក្លិប Chelsea យល់ព្រមលក់ក្នុងតម្លៃ ៥,២ ពាន់លានដុល្លារ ទៅកាន់សម្ព័ន្ធភាពលោក Todd Boehly។
 
រដ្ឋមន្ត្រីការបរទេសទ័រទុយហ្គាល់លោក Augusto Santos Silva បាននិយាយថា ព័រទុយហ្គាល់បានចេញការលើកលែងផ្នែកមនុស្សធម៍ដល់លោក Abramovich ក្នុងការលក់ក្លិប។ រដ្ឋមន្ត្រីដដែលក៏បានបញ្ជាក់បន្ថែមថា ការសម្រេចចិត្តនេះ ត្រូវបានយល់ព្រមដោយគណកម្មាធិការអឺរ៉ុបដែរ។
 
«ការអនុញ្ញាតរបស់ព័រទុយហ្គាល់កើតចេញពីការធានាដែលផ្តល់ដោយភាគីអង់គ្លេស ដែលថាការលក់ក្លិបនេះនឹងត្រូវផ្តល់ទៅជាជំនួយមនុស្សធម៍យ៉ាងពិតប្រាកដ។ សម្រាប់ការលក់នេះនឹងមិនផ្តល់ផលប្រយោជន៍ណាមួយដល់ម្ចាស់ក្លិបចាស់ ដែលជាបុគ្គលម្នាក់ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុបឡើយ។»។ រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់បានលើកឡើងបែបនេះ។
 
ក្លិបតោខៀវ Chelsea ដែលទទួលបានសិទ្ធិអាជ្ញាប័ណ្ណពិសេសសម្រាប់លក់ក្លិបពីរដ្ឋាភិបាលអង់គ្លេស ក្នុងពេលថ្មីៗនេះបានបញ្ជាក់ថា ប្រាក់ចំណូលដែលបានពីការលក់ក្លិបទាំងអស់ នឹងត្រូវផ្តល់ទៅឱ្យសប្បុរសធម៌ជួយជនរងគ្រោះក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន តាមការសន្យារបស់លោក Abramovich៕
 
 
 

Tag:
 Roman Abramovich
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com