កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប UCL ផ្តាច់ព្រ័ត្រលើកទី៣ តើ Liverpool អាចសងសឹក Real Madrid ឬយ៉ាងណា?
28, May 2022 , 2:00 pm        
រូបភាព
រូបភាព៖ UEFA.com
រូបភាព៖ UEFA.com
ជំនួបផ្តាច់ព្រ័ត្រ UEFA Champions league នាថ្ងៃទី២៨ ឈានចូល២៩ ខែឧសភា  Liverpool ត្រូវជួបតទល់ជាមួយ Real Madrid ជាថ្មីម្តងទៀតវេលាម៉ោង ២យប់(ម៉ោងនៅកម្ពុជា)​ រំលងអាធា្រត្រ។ តើហង្សក្រហមអាចស្វែងរកជ័យជម្នះលើអធិរាជសជាការសងសឹកការចាញ់កាលឆ្នាំ ២០១៨ ឬយ៉ាងណា?


រដូវកាល ២០២១-២២​ សម្រាប់ Liverpool ជាក្រុមដែលឈ្នះពានរង្វាន់ EFL Cup និង FA Cup ហើយបញ្ចប់ចំណាត់ថ្នាក់លេខ២ មាន៩២ពិន្ទុ នៅ Premier League ពិន្ទុក្រោម Manchester City ត្រឹម១ ពិន្ទុ។ Liverpool បរាជ័យក្នុងការដណ្តើមពានរង្វាន់ ​Premier League ដែលពួកគេរំពឹងថាជាពានទី៣ ក្នុងឆ្នាំនេះ បានរសាត់ឆ្ងាយ។ 
 
មុនឈានជើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Champions League នេះ Liverpool ទម្លាក់ក្រុម Inter Milan លទ្ធផល ២-១ វគ្គ១៦ក្រុម, Benfica លទ្ធផល ៦-៤ វគ្គ៨ក្រុម, Villarreal លទ្ធផល ៥-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
ចំណែក​ Real Madrid មកកាន់វគ្គផ្តាច់ព្រ័ត្រនេះក្នុងនាមជាក្រុមម្ចាស់ជើងឯក La Liga រដូវកាលនេះ និង ពានរង្វាន់ Spain Super Cup។ Real Madrid បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌអេស្ប៉ាញ មាន៨៦ពិន្ទុ ដាច់ក្រុមលេខ២ ​Barcelona ដែលមានត្រឹមតែ ១៣ពិន្ទុ។ 

 
 
ឡើងវគ្គផ្តាច់ព្រ័ត្រ Real Madrid ឆ្លងកាត់ការប្រកួតយ៉ាងលំបាក់ដោយទម្លាក់ក្រុម Paris Saint Germain លទ្ធផល ៣-២ វគ្គ១៦ក្រុម, Chelsea លទ្ធផល ៥-៤ វគ្គ៨ក្រុម, Manchester City លទ្ធផល ៦-៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលស៊ុតសឹងជាការប្រកួតវាយបកឈ្នះរបស់អធិរាជស។
 
ធ្លាប់ជួបគ្នា ៨លើក Liverpool ឈ្នះលើ Real Madrid ៣លើក ស្នើ១ និងចាញ់៤លើក ហើយក្នុងចំណោម៨ប្រកួតទាំងនោះ ២ប្រកួតជាជំនួបវគ្គផ្តាច់ព្រ័ត្រ Champions League។ ជំនួបផ្តាច់ព្រ័ត្រឆ្នាំ ២០២២ នេះជាជំនួបផ្តាច់ព្រ័ត្រទី៣ របស់ក្រុមទាំងពីរ បន្ទាប់ពីជំនួបឆ្នាំ ១៩៨០ Liverpool ឈ្នះ Real លទ្ធផល ១-០ និងឆ្នាំ ២០១៨ Real ឈ្នះ Liverpool លទ្ធផល ៣-១។ 
 
ជំនួបផ្តាច់ព្រ័ត្រ UCL រដូវកាលនេះធ្វើឡើងនៅកីឡដ្ឋាន ​Stade de France ដែលផ្លាស់ប្តូរពីទីក្រុង St Petersburg ប្រទេសរុស្ស៊ី។ 
 
ស្ថិតិរបស់ក្រុមទាំងពីរសម្រាប់ប្រាំប្រកួតចុងក្រោយ ដោយ Liverpool ឈ្នះ៣ប្រកួត ស្មើ២ ចំណែក Real Madrid ឈ្នះ២ ស្មើ២ និងចាញ់១។ សម្រាប់កីឡាកររបស់ Liverpool មិនមានអ្វីជាបញ្ហាសម្រាប់ជំនួបចុងក្រោយ UCL ដោយមានត្រឹមតែកីឡាករសំខាន់៣រូបរួមមាន Fabinho, Joe Gomez និង Divock Origi កំពុងរងរបួស តែកីឡាករទាំង៣ក៏មានឈ្មោះក្នុងបញ្ចីកីឡាកររបស់លោក Klopp ។ 

 
 
ឯ ​Real Madrid មានកីឡាករតែមួយរូបប៉ុណ្ណោះដែលមិនទាន់ធូរស្បើយពីរបួសគឺ David Alaba កីឡាករផ្សេងទៀតមិនមានបញ្ហាឡើយ និងមិនមានជាប់បម្រាមអ្វីឡើយ។
 
យ៉ាងណាមិញមុនជំនួបដ៏កក្រើក លោក Jurgen Klopp គ្រូបង្វឹក Liverpool បាននិយាយថា ការប្រកួតទល់ Real ម្តងទៀតជាជំនួបដ៏អស្ចារ្យ ហើយកីឡាករទាំងអស់កំពុងមានអារម្មណ៍ល្អ ចំពោះទម្រង់លេងរបស់ក្រុម។ 
 
«ក្រុមយើងពិតជាមានអារម្មណ៍ល្អខ្លាំងដែលបានមកកាន់ការប្រកួតនេះ ប្រវត្តិសាស្រ្តនឹងប្រាប់យើងនូវអ្វីដែលមនុស្សគ្រប់គ្នាបាននិយាយ ប៉ុន្តែយើងមានមោទនភាពសម្រាប់ការប្រកួតទាំងអស់។ ការប្រកួតទល់ Real ជាប្រកួតដ៏អស្ចារ្យ ព្រោះពួកគេជាក្លិបមួយដ៏ខ្លាំងក្នុងការប្រកួតប្រជែងពានរង្វាន់កំពូលមួយនេះ។»។ លោក Klopp និយាយក្នុងសន្និសិទកាសែតមុនការប្រកួតបែបនេះ។

 
 
ទោះជាយ៉ាងនេះលោក Ancelotti ក៏បានបង្ហាញអារម្មណ៍ថា ក្រុមលោកមានសមត្ថភាពនិងគុណភាពខ្ពស់ទើបអាចឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្របែបនេះ។
 
«យើងធ្លាប់មានការចងចាំដ៏ល្អពីជំនួបវគ្គផ្តាច់ព្រ័ត្រដែលយើងធ្លាប់ឆ្លងកាត់ ក្រុមយើងសាកសមមកកាន់វគ្គផ្តាច់ព្រ័ត្រ ព្រោះគុណភាពរបស់យើង ប៉ុន្តែបើយើងមានគុណភាពហើយយើងមិនចេះប្រើវានោះក៏មិនអាចមកដល់វគ្គនេះដែរ។ ក្រុមយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតនេះ។»។ នេះជាការលើកឡើងរបស់លោក Ancelotti។
 
តើ Liverpool អាចសងសឹកលើ Real Madrid នឹងគ្រងតំណែងជើងឯក Champions league លើកទី៧ ឬក៏ក្លិបយក្សអេស្ប៉ាញ អាចបន្តឈ្នះហង្សក្រហម ហើយលើកពានកំពូលអឺរ៉ុបលើកទី១៤ ក្នុងប្រវត្តសាស្រ្ត?៕
 
 

Tag:
 UEFA Champions League
  Liverpool
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com