ជាតិ
អភិបាលរងខេត្តកោះកុង ចង់ឱ្យពលរដ្ឋងាកមកប្រើសម្ភារងាយរលាយ និងប្រើប្រាស់ឡើងវិញ​ ជំនួសប្លាស្ទិក
28, May 2022 , 9:00 pm        
រូបភាព
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងកិច្ចប្រជុំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តកោះកុង។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងកិច្ចប្រជុំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ រូបភាពពីគេហទំព័រ រដ្ឋបាលខេត្តកោះកុង។
អភិបាលរងខេត្តកោះកុង អំពាវនាវឱ្យពលរដ្ឋខ្លួនងាកមកប្រើប្រាស់របស់ងាយរលាយ និងអាចប្រើប្រាស់ឡើងវិញបាន ជំនួសការប្រើប្រាស់ប្លាស្ទិកវិញ ដើម្បីចូលរួមការពារបរិស្ថាន សមុទ្រ រួមនឹងប្រភពទឹក ក្នុងមូលដ្ឋានខ្លួន។ ការលើកឡើងបែបនេះរបស់ លោក សុខ សុទ្ធី ស្របពេលដែលខេត្តកោះកុង គ្រោងនឹងដាក់ផ្ទាំងអប់រំផ្សព្វផ្សាយ ស្ដីពី «តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក» តាមទីតាំងមួយចំនួនតាមមូលដ្ឋាន។


ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង យល់ឃើញថា ការងាកមកប្រើប្រាស់របស់ងាយរលាយ មិនត្រឹមតែអាចជួយដល់បរិស្ថានប៉ុណ្ណោះទេ តែជាផ្នែកក្នុងការបង្កើតការងារ និងចំណូលបន្ថែមដល់ពលរដ្ឋផងដែរ។ លោកពន្យល់ដូច្នេះ៖ «កាលយើងនៅក្មេងៗ បាយខ្ចប់ស្លឹកឈូក ដូច្នេះឥឡូវចង់ឱ្យងាកមកបែបហ្នឹងវិញ។ វាក៏ជាការជួយដល់កសិករ ឱ្យពួកគាត់ដាំដើមចេក ដើមឈូក ឬស្លឹកអ្វីផ្សេងទៀត ដូច្នេះវាជួយបានទាំងលើកកម្ពស់ជីវភាព និងបរិស្ថាន»។
 
លើសពីបង្កើតប្រាក់ចំណូលក្នុងមូលដ្ឋាន លោកបន្ថែមទៀតថា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ក៏ចូលរួមដល់ការកាត់បន្ថមការបំពុលសមុទ្រ តាមរយៈការចោលសំរាម ឬសំណល់ ខណៈពេលដែលខេត្តមួយនេះ ជាខេត្តទេសចរណ៍សមុទ្រ។ ពាក់ព័ន្ធនឹងការដាក់ផ្ទាំងអប់រំផ្សព្វផ្សាយវិញ លោក សុខ សុទ្ធី លើកឡើងថា នឹងដំឡើងនាពេលខាងមុខ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឯកភាព និងកំណត់យកទីតាំងចំនួន៤រួចមក។ ទីតាំងកំណត់ទាំង៤នោះ រួមមានសហគមន៍អេកូទេសចរណ៍ជីផាត, សហគមន៍ទេសចរណ៍អារ៉ែង, សហគមន៍ទេសចរណ៍តាតៃ និងនៅវត្តប៉ាក់ខ្លង។
 
ផ្ទាំងអប់រំផ្សព្វផ្សាយ ស្ដីពី «តំបន់គ្មានការប្រើប្រាស់ប្លាស្ទិក» គឺជាជំនួយរបស់ក្រសួងបរិស្ថាន ក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមូលដ្ឋានតំបន់ទេសចរណ៍នានា។ ផ្ទាំងអប់រំទាំងនោះ នឹងមានដាក់នៅតាមភូមិ ឃុំ នានានៅក្នុងខេត្តកោះកុង នៅថ្ងៃអនាគត។
 
អភិបាលរងខេត្តរូបនេះ បន្តថា ការដែលឱ្យពលរដ្ឋឈប់ ឬកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺទាមទារពេលវេលា។ លោក សុខ សុទ្ធី ប្រៀបធៀបដូច្នេះ៖ «វាប្រៀបដូចអប់រំកូន គឺប្រឹងជាប្រចាំ និងមានរយៈពេលយូរអង្វែង។ តែបើយើងឃើញថាវាដូចយឺត ប៉ុន្តែយើងអត់ធ្វើក៏អត់បាន ដូច្នេះត្រូវតែធ្វើ»។
 
យោងតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩  ពលរដ្ឋកម្ពុជា  រស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ  ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។
 
ឯការចោលសំណល់រឹងនៅតាមទីលានចាក់សំរាម មានការកើនឡើង៥ដង ចាប់ពី ៣១៨,០០០ តោននៅឆ្នាំ ២០០៤ ដល់១.៧ លានតោនក្នុងមួយឆ្នាំ នៅឆ្នាំ ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅឆ្នាំ ២០១៩។
 
បច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២, ០០០ ថង់ក្នុងមួយឆ្នាំ។ ចំណែកលើពិភពលោក បរិមាណប្លាស្ទិកសរុបកើនឡើងដល់ ៨,៣ ពាន់លានតោន នៅឆ្នាំ២០១៥ ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃឡើងវិញ ខណៈ៩១% ទៀត ត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួ និងហូរចូលទៅក្នុងសមុទ្រ។ ដោយឡែក ការផលិតប្លាស្ទិកវិញ មានបរិមាណជាង ៤០០លានតោន ក្នុងមួយឆ្នាំៗ៕
 

Tag:
 កោះកុង
  សុខ សុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com