ជាតិ
បោះឆ្នោត
បក្សកែទម្រង់កម្ពុជា ផ្តល់អំណាចឲ្យពលរដ្ឋ អាចធ្វើញត្តិសុំដកសមាជិកឃុំ-សង្កាត់ មុនអាណត្តិ
28, May 2022 , 10:00 pm        
រូបភាព
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា ថ្លែងក្នុងវេទិកាបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។  រូបពីគណនីហ្វេសប៊ុក គណបក្សកែទម្រង់កម្ពុជា ស្រុកសូទ្រនិគម
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា ថ្លែងក្នុងវេទិកាបើកយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ រូបពីគណនីហ្វេសប៊ុក គណបក្សកែទម្រង់កម្ពុជា ស្រុកសូទ្រនិគម
ដោយ៖ ទេពញាណ

សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬជាមេឃុំ-ចៅសង្កាត់ពីគណបក្សកែទម្រង់កម្ពុជា អាចត្រូវបានប្រជាពលរដ្ឋ ធ្វើញត្តិសុំដកចេញមុនអាណត្តិ បើប្រជាពលរដ្ឋ មិនពេញចិត្ត។ នេះជាចំណុច១ ដែលគណបក្សកែទម្រង់កម្ពុជា ចង់ធ្វើកំណែទម្រង់នៅថ្នាក់មូលដ្ឋាន។


 
គណបក្សកែទម្រង់កម្ពុជា មានគោលនយោបាយទាំងអស់៥ចំណុច សម្រាប់អនុវត្តនៅឃុំ-សង្កាត់។ ប៉ុន្តែ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយទាំង៥ចំណុចនេះ ឲ្យមានប្រសិទ្ធភាព គណបក្សកែទម្រង់កម្ពុជា យល់ថា ចាំបាច់ត្រូវធ្វើកំណែទម្រង់ចំណុច២សំខាន់ៗជាមុនសិន រួមមាន ១ គឺ ការផ្តល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋ អាចធ្វើញត្តិសុំដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ រួមទាំងមេភូមិ និង ១ទៀត គឺ ការបង្កើនថវិកាពី២៥ម៉ឺនដុល្លារ ទៅ៤៥ម៉ឺនដុល្លារ សម្រាប់ឃុំ-សង្កាត់នីមួយៗ ក្នុង១ឆ្នាំ ហើយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានប្រាក់ខែដល់៥៥០ដុល្លារ។ 
 
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លើកឡើងថា បើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់ពីគណបក្សកែទម្រង់កម្ពុជា ប្រព្រឹត្តអំពើខុសឆ្គង ដូចជា ពុករលួយ ប្រកាន់រើសអើង គំរាមកំហែងអ្នកដទៃ ជាដើម ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត អាចធ្វើញត្តិទៅគណបក្សកែទម្រង់កម្ពុជា ដើម្បីសុំឲ្យដកពួកគេចេញបាន ទោះជាមុនអាណត្តិក៏ដោយ។ លោក ពន្យល់ថា តាមធម្មតា នៅពេលគណបក្ស ដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់ណាម្នាក់ចេញពីគណបក្ស គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់រូបនោះ នឹងបាត់សមាជិកភាពពីឃុំ-សង្កាត់ជាស្វ័យប្រវត្តិ។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អនុប្រធានគណបក្សកែទម្រង់កម្ពុជារូបនេះ បញ្ជាក់ដូច្នេះថា៖«យើង នឹងកំណត់ក្នុងផ្ទៃក្នុងរបស់យើង ហើយត្រូវមានការប្រជុំជាមួយមន្រ្តីមូលដ្ឋានរបស់យើង ដើម្បីស៊ើបសួររកការពិត។ មិនមែនមានន័យថា ដាក់ញត្តិភ្លាម ពិចារណាដកចេញតែម្តងទេ ជួនកាល វា អាចផ្តល់ភាពអយុត្តិធម៌ដល់មន្រ្តីមូលដ្ឋានរបស់យើង។ ដូច្នេះ យើង មានយន្តការ ដើម្បីចាត់វិធានការហ្នឹង ដោយល្អិតល្អន់មែនទែន ហើយផ្តល់យុត្តិធម៌ដល់មន្រ្តីរបស់យើងដែរ»។ 
 
លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា គណបក្សដទៃ ក៏អាចអនុវត្តយន្តការនេះបានដែរ បើមានឆន្ទៈ ព្រោះដូចដែលលោកពន្យល់ខាងលើថា ការដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់ណាម្នាក់ គឺគ្មានអ្វីលំបាកឡើយ ដោយគ្រាន់តែដកពួកគេចេញពីសមាជិកគណបក្ស នោះពួកគេ នឹងបាត់កៅអីនៅឃុំ-សង្កាត់ជាស្វ័យប្រវត្តិ។ 
 
គោលនយោបាយឃុំ-សង្កាត់ទាំង៥ចំណុចរបស់គណបក្សកែទម្រង់កម្ពុជា រួមមាន ទី១ គោលនយោបាយស្តីពីការលើកកម្ពស់ និងការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋនៅមូលដ្ឋាន ទី២ គោលនយោបាយស្តីពីការបំបាត់ការរើសអើងនយោបាយ ទី៣ គោលនយោបាយស្តីពីការរក្សាភាពស្អាតស្អំ និងតម្លាភាពនៅមូលដ្ឋាន ទី៤ គោលនយោបាយស្តីពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការការពារផលប្រយោជន៍សហគមន៍ និងទ្រព្យសម្បត្តិសាធារណៈជូនប្រជាពលរដ្ឋ ទី៥ គោលនយោបាយស្តីពីការពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 
 
គណបក្សកែទម្រង់កម្ពុជា ក៏ជាគណបក្ស១ ដែលមានប្រភពចេញមកពីក្រុមមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិដែរ។ ប្រធានបច្ចុប្បន្នរបស់គណបក្សនេះ គឺលោក ប៉ុល ហំម អតីតអនុប្រធាន១រូបរបស់អតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សដែលធ្លាប់ស្និទ្ធនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ 
 
គណបក្សកែទម្រង់កម្ពុជា មានបេក្ខជន៩៧៨នាក់ ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន៥៩ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២នៅទូទាំងប្រទេស។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខណៈពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ (១៤ថ្ងៃ) គឺជាអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ៕ 
 

Tag:
 គណបក្សកែទម្រង់កម្ពុជា
  អ៊ូ ច័ន្ទរ័ត្ន
  គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com