ជាតិ
Naturelife សង្ឃឹមគម្រោងស្រូវមិត្តក្រៀល នឹងដាំស្រូវបាន១០០ហិកតា នៅតំបន់ការពារអន្លង់ព្រីង
29, May 2022 , 8:00 am        
រូបភាព
ដោយ:
កំពត៖ អង្គការ Naturelife &Birdlife រួមអង្គការCRDT កំពុងជំរុញឱ្យពលរដ្ឋនៅតំបន់ការពារទេសភាពអន្លង់ព្រីង និងតំបន់ជុំវិញចូលរួមដាំស្រូវមិត្តក្រៀល ​ដើម្បីប្រែក្លាយតំបន់ខាងលើជាតំបន់មេត្រីភាពសម្រាប់សត្វក្រៀល។ នៅឆ្នាំទី៣នេះ ប្រធានអង្គការ Naturelife សង្ឃឹមថា ការចូលរួមរបស់កសិករ អាចមានផ្ទៃដីកើនដល់១០០ហិកតា។


លោក ប៊ូ វរសក្ស ប្រធានអង្គការ Naturelife & Birdlife ​បានលើកឡើងថា នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងបានអនុវត្តគម្រោងសាកល្បងដាំស្រូវមិត្តក្រៀលបាន២ឆ្នាំហើយ។ ដោយឆ្នាំទី១ ដាំបាន១១ហិកតា និងឆ្នាំទី២ មានការចូលរួមពីសហគមន៍ចំនួន៤១គ្រួសារ ស្មើផ្ទៃដី៣៧ហិកតា។ ក្រៅពីនោះរួមបញ្ចូលទាំងដីជួលពីសហគមន៍ចំនួន ១៨ហិកតាបន្ថែម។ បើតាមលោក ប៊ូ វរសក្ស គិតត្រឹមឆ្នាំទី២ ផ្ទៃដីសរុបសម្រាប់ដាំស្រូវមិត្តក្រៀលមានចំនួន៦៦ហិកតា។ ទន្ទឹមនឹងនេះ គម្រោងនៃឆ្នាំទី៣​ អាចបន្តមានកសិករចំនួន៤០គ្រួសារចូលរួមទៀត។

 
 លោក ប៊ូ វរសក្ស ប្រធានអង្គការ Naturelife &Birdlife
លោក វរសក្ស បញ្ជាក់ដូច្នេះ៖«ទីតាំងដាំស្រូវជាង៥០ហិកតានេះ ស្ថិតនៅជុំវិញតំបន់អភិរក្សចំនួន២១៧ហិកតា។ ទាំងនេះជាទីតាំងសំខាន់ៗសម្រាប់ការរកចំណីរបស់សត្វក្រៀល។ គោលបំណងរបស់យើងចង់ធ្វើឱ្យតំបន់នេះមានមេត្រីភាពបរិស្ថាន។ ដូច្នេះនៅឆ្នាំទី៣ យើងនឹងពង្រីកបន្ថែមយ៉ាងតិចបានចន្លោះពី៣០ទៅ៤០ហិកតាជាមួយសហគមន៍នៅជុំវិញ»។
 
គម្រោងស្រូវមិត្តក្រៀលអនុវត្តដោយអង្គការ CRDT ដោយឆ្នាំនេះ ជាឆ្នាំទី២ ក្នុងការចាប់ផ្ដើមគម្រោងពីខែឧសភាឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។ លោក សាត វីរៈ  ប្រធានគម្រោងស្រូវមិត្តក្រៀលរបស់អង្គការCRDT លើកឡើងថា គម្រោងនៅឆ្នាំទី១ ទទួលបានជោគជ័យ និងមានការចូលរួមច្រើ​នពីកសិក។ លោក បន្តថា ឆ្នាំទី២នេះ អង្គការនឹងពង្រីកបន្ថែមចំនួន៣៦ហិកតា ពីលើឆ្នាំទី១ ដែលមានចំនួន៣៧ហិកតា។
 
ពលរដ្ឋភាគច្រើននៅតំបន់ការពារទេសភាពអន្លង់ព្រីង ខ្វះបច្ចេកទេស និងជំនាញធ្វើកសិកម្ម ជាហេតុធ្វើឱ្យពលរដ្ឋចំណាយច្រើនក្នុងអំឡុងពេលធ្វើចម្ការ។ «ដំបូងឡើយយើងសង្កេតឃើញថា ​កសិករភាគច្រើនរងឥទ្ធិពលបច្ចេកទេសធ្វើកសិកម្មពីប្រទេសជិតខាង ដូច្នេះទាមទារឱ្យប្រើថ្នាំ និងជីគីមីលើសធម្មតា។ នេះជាហេតុមួយ បង្កឱ្យជីវៈចម្រុះនៅតំបន់ទាំងនោះធ្លាក់ចុះ ព្រោះការបំពុល»។  នេះជាការលើកឡើងរបស់​លោក វីរៈ  ប្រធានគម្រោងស្រូវមិត្តក្រៀលរបស់អង្គការCRDT ដោយបន្ថែមថា បន្ទាប់ពីធ្វើការជាមួយកសិករនៅតំបន់ការពារអន្លង់ព្រីងក្នុងអំឡុងទី១ ឃើញថាផែនការរបស់អង្គការជោគជ័យស្ទើរមួយរយភាគរយ។
 
បើតាមលោក វីរៈ គោលបំណងរបស់គម្រោងស្រូវមិត្តក្រៀលធ្វើឡើងដើម្បីផ្ដល់ចំណីដែលមានសុវត្ថិភាពដល់ក្រៀល និងកាត់បន្ថយការប្រើប្រាប់សារជាតិគីមីលើដីកសិកម្ម។ មួយវិញទៀត ក៏ជាផ្នែកមួយជួយកាត់បន្ថយបញ្ហាធ្លាក់ចុះជីវៈចម្រុះនៅក្នុងតំបន់ការពារផងដែរ។

 
លោក សាត វិរៈ ប្រធានគម្រោងស្រូវមិត្តក្រៀលរបស់អង្គការCRDT
គម្រោងស្រូវមិត្តក្រៀលដែលអង្គរ CRDT ធ្វើជាមួយសហគមន៍នៅក្នុងតំបន់ការពារខាងលើគឺរយៈពេល៣ឆ្នាំ។ ​ដោយនៅឆ្នាំទី១ និងឆ្នាំទី២ អង្គការមានផ្តល់គ្រាប់ពូជ និងជី ចំណែកឯឆ្នាំទី៣ អង្គការផ្តល់ឱ្យកសិករត្រឹមជីប៉ុណ្ណោះ។
 
លោក អ៊ុយ ងីម ជាកសិករដាំស្រូវមិត្តក្រៀលជាមួយគម្រោងអង្គការ CRDTបានមួយឆ្នាំ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ទិន្នផលដែលលោកទទួលបានបន្ទាប់ពីអនុវត្តគម្រោងនៅឆ្នាំទី១ ផលស្រូវបានតិចជាងពេលធ្វើត្រូវតាមបែបប្រើគីមី។ ប៉ុន្ដែកសិកររូបនេះ ​និយាយដោយមិនរុញរាថា ទោះជាទិន្នផលស្រូវបានតិចជាងធម្មតា  លោកនៅតែបន្តធ្វើស្រូវដើម្បីក្រៀលដដែល។
 
លោក ងីម ពោលថា៖ «ខ្ញុំពិបាកដែរ ដំបូងយើងធ្លាប់ប្រើគីមី ពេលហើយឱ្យបន្ថយការប្រើប្រាស់ថ្នាំ និងជីគីមី។ ទិន្នផលបានទាបជាងមុន តែខ្ញុំអត់ពិបាកចិត្តទេ ព្រោះស្រូវមិត្តក្រៀលធ្វើមកមានទីផ្សារ និងតម្លៃខ្ពស់ជាស្រូវធម្មតា។ អ្វីដែលសំខាន់ជាងនេះ ស្រូវដែលខ្ញុំដាំអាចទុកជាចំណីសុវត្ថិភាពសម្រាប់ក្រៀល»។

 
លោក អ៊ុយ ងីម ជាកសិកដាំស្រូវមិត្តក្រៀលជាមួយគម្រោងអង្គការ CRDT
ដំណើរការនៃការដាំស្រូវមិត្តក្រៀល​លើកដំបូង កសិករស្ទើរគ្រប់រូបជួបបញ្ហាធ្លាក់ចុះទិន្នផល។ បើតាមលោក ងីម ទោះជាដាច់គម្រោងជាមួយអង្គការលោកនៅតែធ្វើស្រែបែបធម្មជាតិបន្តទៀត។
 
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូកំពុងអនុវត្ត គម្រោង«ស្រូវមិត្តក្រៀល» នៅក្នុងតំបន់ការពារទេសភាព អន្លង់ព្រីង នៅលើផ្ទៃដីទំហំ ១៧ ហិកតា រយៈពេល១០ឆ្នាំ។ គោលបំណងនៃការសាកល្បងដាំស្រូវឱ្យក្រៀលស៊ីនេះ ដើម្បីផ្តល់ប្រាក់ចំណូលបន្ថែម ដល់សហគមន៍មូលដ្ឋាន និងជួយ​អភិរក្សក្រៀលនៅកម្ពុជា៕
 

Tag:
 ស្រូវមិត្តក្រៀល
  អង្គការដៃគូ
© រក្សាសិទ្ធិដោយ thmeythmey.com