ជាតិ
ក្រសួង អំពាវនាវឲ្យម្ចាស់អាជីវកម្មចំណីអាហារចូលរួមពិព័រណ៍ នៅឡាវ ដោយឥតគិតថ្លៃ
28, May 2022 , 6:20 pm        
រូបភាព
ពិព័រណ៍នៅកម្ពុជានាពេលកន្លងមក។ រូបតំណាង
ពិព័រណ៍នៅកម្ពុជានាពេលកន្លងមក។ រូបតំណាង
ភ្នំពេញ៖ ​ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យម្ចាស់សហគ្រាសឬក្រុមហ៊ុនអាជីវកម្ម ចូលរួមពីធីតាំងពិព័រណ៍ Lancang-Mekong International Food Exposition នៅថ្ងៃទី១១ដល់១៩ មិថុនា នៅប្រទេសឡាវ ដោយឥតគិតថ្លៃ។

 
ពិព័រណ៍ Lancang-Mekong International Food Exposition មានរយៈពេល៩ថ្ងៃ នៅមជ្ឈមណ្ឌល Lao ITECC ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កម្មវិធីរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងមានការគាំទ្រពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងពាណិជ្ជកម្មកម្ពុជាចេញថ្ងៃទី២៧ឧសភា។ 
 
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គណៈកម្មការរៀបចំពិព័រណ៍អំពាវនាវឲ្យម្ចាស់ សហគ្រាស ក្នុងវិស័យចំណីអាហារ និងកសិកម្ម នៃប្រទេសសមាជិកមេគង្គ-ឡានឆាង ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន។ កម្មវិធីនេះ ភាគីឡាវនឹងផ្តល់ជូនស្តង់ចំនួន១០ ស្តង់ដល់ប្រទេសសមាជិកដោយឥតគិតថ្លៃ។
 
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយគណៈកម្មការរៀបចំពិព័រណ៍នេះ បានស្នើពាណិជ្ជករយ៉ាងដូច្នេះ៖ «ម្ចាស់ក្រុមហ៊ុន សហគ្រាស ព្រមទាំងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មខាងលើ»។ ជាមួយគ្នាដែរ ក្រសួងបានឲ្យដឹងថា សម្រាប់ម្ចាស់អាជីវករ ដែលចង់ចូលរួមអាច ទាក់ទងតាមរយៈអ៊ីម៉ែល ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃក្រសួងពាណិជ្ជកម្ម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com