កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន និងវិសាខា ព្រួយបារម្ភពីការប្រកួត AFC Cup 2022 ខណៈកីឡាករកំពុងមានរបួស​ និងប្រកួតច្រើន
29, May 2022 , 9:30 am        
រូបភាព
ក្រុមភ្នំពេញក្រោន រូបពីCambodian Premier League
ក្រុមភ្នំពេញក្រោន រូបពីCambodian Premier League
ភ្នំពេញក្រោន និងវិសាខា ត្រូវទៅប្រកួតពានរង្វាន់ AFC Cup 2022 នាថ្ងៃទី២៤ ខែមិថុនា។ សម្រាប់ប្រកួត AFCនេះ ក្លិបទាំងពីរ ក៏មានការព្រួយបារម្ភទម្រង់លេងដែរ ខណៈកីឡាករខ្លះរបួស និងបំពេញការងារធ្ងន់ជាបន្តបន្ទាប់ ។


ភ្នំពេញក្រោន មានកីឡាករ២រូបជាប់ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ រួមមាន អ៊ន ចាន់ប៉ូលីន និង ជួន ចាន់ចាវ ខណៈ លឹម ពិសុទ្ធ ត្រូវបានដកឈ្មោះវិញ ជំនួសដោយ ធារី ចន្ធាប៊ិន។ លឹម ពិសុទ្ធ បានរបួសកជើងឆ្វេង ក្នុងជំនួបជាមួយ ណាហ្គាវើលដ៍ ក្នុងពេលប្រជែងយកបាល់ពី ជា សុខម៉េង ខ្សែការពារណាហ្គាវើលដ៍។ ខ្សែបម្រើប្រយុទ្ធនេះ ទំនង់ជាមិនអាចជួយក្លិបបានទេ ក្នុងការប្រកួត AFC Cup ដោយត្រូវសម្រាកព្យាបាលពី៦ ទៅ ៧សប្ដាហ៍។ នេះ បើតាមការផ្សាយលើទំព័រហ្វេសប៊ុកក្លិបភ្នំពេញក្រោន។ 
 
ដោយសារកីឡាកររបួសផង បូករួមការប្រកួតមមាញឹកផង បានធ្វើក្លិបភ្នំពេញក្រោនបារម្ភពីលទ្ធភាពប្រកួតពានរង្វាន់ AFC Cup 2022 ។ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗថា៖«ក្លិប មានការព្រួយបារម្ភណាស់ចំពោះរបួសកីឡាករ។ យើង មានការខ្លាចបំផុត ដោយសារកម្មវិធីប្រកួតអន្ដរជាតិមមាញឹកពេក។»។
 
ដោយឡែកក្លិបវិសាខា មានកីឡាករ៩រូប ជាប់ជម្រើសជាតិច្រើនជាងគេ រួមមាន ឆេង ម៉េង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខផេង, កែវ សុខសិលា, អ៊ិន សុដាវីដ, ទេស សម្បត្តិ, វីរៈ ដារ៉ា, សារ ទី និង គី រីណា។ 
 
លោក ហ៊ុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា ចាត់ទុកសុវត្ថិភាព និងរបួសរបស់កីឡាករ គឺជារឿងសំខាន់ទី១ ។ លោក ចិត្រា បន្ថែមថា​ ទោះក្លិបមានការព្រួយបារម្ភចំពោះបញ្ហានេះក្តី តែវាជាកាតព្វកិច្ចរបស់កីឡាករ សម្រាប់ចូលរួមជួយជម្រើសជាតិ។ «យើង បានត្រៀមចូលរួមជាមួយជាតិ និងក្លិប ដើម្បីជាកិត្តិយសរបស់ជាតិ និងក្លិប។ យើង បានត្រៀមលក្ខណៈរួចរាល់ហើយ។ យើង សង្ឃឹមថាកីឡាកររបស់យើង នឹងមិនមានរបួស ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។»។ អគ្គលេខាធិការក្លិបរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាម Telegram ។
 
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជម្រើសជាតិ ប្រកួតនៅប្រទេសឥណ្ឌា ក្នុងពូល D នៃវគ្គជមម្រុះ AFC Asian Cup 2023 Qualify ចាប់ពីថ្ងៃទី៨-១៤ ខែមិថុនា ក្លិបទាំងពីរ នឹងទៅប្រកួត AFC Cup ចាប់ពីថ្ងៃទី២៤ ខែមិថុនា។ វិសាខា ត្រូវប្រកួតក្នុងពូល G ជាមួយបីក្រុមផ្សេងទៀត រួមមាន Bali United របស់ឥណ្ឌូនេស៊ី, Kedah Darul Aman FC ម៉ាឡេស៊ី និង  Kaya FC-Iloilo របស់ហ្វីលីពីន ខណៈ Young Elephant នៅក្នុងពូល I ជាមួយ Viettel FC មកពីវៀតណាម, Hougang United សិង្ហបុរី និង ភ្នំពេញក្រោន៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com