កីឡាជាតិ
ជាតិ
វគ្គ​ផ្តាច់ព្រ័ត្រ​៖ ភ្នំពេញ​ក្រោ​ន លើក​ពាន ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ ក្រោយ​ឈ្នះ វិសាខា ២-១
28, May 2022 , 11:22 pm        
រូបភាព
ក្រុមភ្នំពេញក្រោនលើកពាន ខេមបូឌានលីគខាប់
ក្រុមភ្នំពេញក្រោនលើកពាន ខេមបូឌានលីគខាប់
ដោយ៖ ហៀក ឆក

​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ វិសាខា ក្នុង​លទ្ធផល ២-១ ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ នា​កីឡដ្ឋាន ស្មា​ត អ អេស អិន ថ្ងៃទី​២៨ ឧសភា ។


 
​នៅ​តង់​ទី​១ ភ្នំពេញ​ក្រោ​ន បើក​ការ​សម្រុក​ជាខ្លាំង​ទៅលើ វិសាខា តែ​ពុំមាន​សំណាង​រក​គ្រាប់​បាល់​បាន​នោះទេ បញ្ចប់​តង់​ទី​១ រក្សា​លទ្ធផល ០-០​។ 
 
​ចូលដល់​តង់​ទី​២ កីឡាករ ប្រាក់ ធី​វ៉ា ខ្សែប្រយុទ្ធ ភ្នំពេញ​ក្រោ​ន ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន ១​គ្រាប់ នៅ​នាទី ៥០​។ នៅ​ពាក់កណ្តាល​តង់​ទី​២ ក្រុម​ទាំងពីរ​មានការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច រវាង​កីឡាករ Paulo របស់​វិសាខា និង​កីឡាករ Neto របស់​ភ្នំពេញ​ក្រោ​ន  ដោយ​ការវិនិច្ឆ័យ​ពី​អ​ជ្ញា​កណ្តាល ក៏​សម្រេច​ផ្តល់​កាត​ក្រហម​ដល់​កីឡាករ Paulo លើ​ការ​គ្រវាសដៃ ចំ​ផ្ទៃ​ចំហៀង​ស្លឹកត្រចៀក​ខាងឆ្វេង​កីឡាករ Neto​។ 
 
​បន្ទាប់ពី​ទទួលបាន​កាត​ក្រហម វិសាខា សល់​កីឡាករ ១០ នាក់​ប៉ុណ្ណោះ​នៅលើ​ទីលាន​។ ការ​វាយបក​ទៅវិញ ដោយនៅ​នាទី ៨៣ កីឡាករ Khan Mohammed Faeez បា​នរក​គ្រាប់​បាល់​តាម​ស្មើ ដោយ​ការ​តែ​តបាល់​បញ្ចូល​ទី ក្រោយ​លើក​បាល់​ចេញពី​ជ្រុង ពី​កីឡាករ ឆេង ម៉េង​។ 
 
៤ នាទី​ក្រោយ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​វាយ​សម្រុក​រក​គ្រាប់​ទី​២ បានសម្រេច ដោយ​កីឡាករ ជនជាតិ​ជប៉ុន Yudai នៅ​នាទី ៨៧​។ បញ្ចប់ ៩០+៥ តង់​ទី​២ ភ្នំពេញ​ក្រោ​ន ឈ្នះ វិសាខា ២-១​។​
​ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោ​ន ឈ្នះ​ពានរង្វាន់ ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ ដំបូង​គេ នា​រដូវ​កាល ២០២១-២០២២ ខណៈ​ពាន​ទើបនឹង​បង្កើត ក្នុង​ឆ្នាំ​២០២២ ចំណែក​ក្រុមបាល់ទាត់ វិសាខា គ្រង​ជើងឯក​រង​។​
 
​គួ​បញ្ជាក់​ផងដែរ ការប្រគល់​ពានរង្វាន់ ខេ​ម​បូ​ឌា​ន​លី​គ​ខាប់ ត្រូវបាន​ធ្វើឡើង​នៅ​កីឡដ្ឋាន ស្មា​ត អ អេស អិន ដោយមាន​បំពាក់​មេដាយ ចំនួន ៤០ គ្រឿង ដល់​កីឡាក គ្រូបង្វឹក និង​អ​ជ្ញា​កណ្តាល​។ សម្រាប់ កីឡាករ​ល្អ​ក្នុងការ​ប្រកួត បាន​ទៅ ប្រាក់ ធី​វ៉ា ឈ្នះ​ពានរង្វាន់​កីឡាករ​ឆ្នើម ប្រចាំការ​ប្រកួត វគ្គ​ផ្តាច់ព្រ័ត្រ​៕
 

Tag:
 បាល់ទាត់​កម្ពុជា​
 ​លី​ក​ខាប់
© រក្សាសិទ្ធិដោយ thmeythmey.com