ជាតិ
ការបំពុលដោយពន្លឺ កំពុងប៉ះពាល់ដល់សត្វស្លាបទេសន្តរប្រវេសន៍ នៅលើពិភពលោក
29, May 2022 , 9:54 am        
រូបភាព
 រូបភាពពីគេហទំព័រ World Migratory Birds Day
រូបភាពពីគេហទំព័រ World Migratory Birds Day
ការបំពុលដោយពន្លឺ Light Pollution កំពុងកើនឡើងនៅជុំវិញពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់​ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍។ ប្រធានអង្គការ WCS លើកឡើងថា បច្ចុប្បន្នការបំពុលពន្លឺមិនទាន់ជាបញ្ហាចោទប្រទេសកម្ពុជានៅឡើយ តែក៏ត្រូវគិតគូរពីបញ្ហានេះ ដែលអាចនឹងកើតមានឡើងនាពេលអនាគត។


Light Pollution ជាការបំពុលដោយការបំភ្លឺភ្លើងសិប្បនិម្មិត ឬការប្រើប្រាស់ភ្លើងអគ្គិសនីនៅពេលយប់ ដែលជារឿយៗពន្លឺភ្លើងទាំងនោះរំខានដល់ការសង្កេតផ្កាយ ឬវត្ថុដែលមានពន្លឺនៅលើផ្ទៃមេឃ។ ការបំពុលដោយពន្លឺនេះ បានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសប៉ះពាល់ ឬជះឥទ្ធិពល ទៅលើប្រភេទសត្វទេសន្តរប្រវេសន៍។
 
សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ​ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ចំណែកផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញតំបន់ភូមិសាស្ត្រមួយដែលសត្វស្លាបជាច្រើនផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។
 
បច្ចុប្បន្នផ្លូវហោះហើរសត្វស្លាបនៅលើពិភពលោកមានចំនួន៩ ក្នុងក៏មានប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី។ ចាប់តាំងពីឆ្នាំ២០០៧ កម្ពុជាបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយមានក្រសួងបរិស្ថានជាសេនាធិការ។
 
ការបំពុលដោយពន្លឺ គំរាមកំហែងយ៉ាងសំខាន់ដល់សត្វព្រៃ រួមទាំងប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទផងដែរ។ ជារៀងរាល់ឆ្នាំ ការបំពុលដោយពន្លឺនេះ បានសម្លាប់សត្វស្លាបរាប់លានក្បាល។ ការបំពុលដោយពន្លឺនេះ វាអាចផ្លាស់ប្តូរ ស្វែងរកចំណី និងការទំនាក់ទំនងតាមសំឡេងរបស់សត្វស្លាបដែលធ្វើចំណាកស្រុកផងដែរ។ ផលប៉ះពាល់ដោយពន្លឺមួយទៀត ទៅលើសត្វស្លាបទេសន្តរប្រវេសន៍ គឺពន្លឺសិប្បនិម្មិត នឹងធ្វើឱ្យវា​វង្វេងនៅពេលហោះហើរនៅកម្ពស់ទាប។

 
ពន្លឺលើផែនដី នាពេលយប់។ រូបភាព NASA ។
ជុំវិញការបំពុលដោយពន្លឺនេះ លោក លឿន សេរីរដ្ឋា ប្រធានអង្គការ(WCS)កម្ពុជា ពន្យល់ថា ពន្លឺដែលបញ្ចេញតាមឧបករណ៍បញ្ចេញពន្លឺសិប្បនិម្មិត បានធ្វើឱ្យប៉ះពាល់ទៅលើភ្នែករបស់បក្សី ដែលធ្វើចំណាកស្រុកនាពេលយប់។ ប្រធានអង្គការ WCS ពន្យល់បន្ថែមដូច្នេះ៖ «ការបំពុលដោយពន្លឺសម្រាប់សត្វ កាលណាពន្លឺនោះវាខ្លាំងពេក ហើយប្រស្រីភ្នែករបស់វាមិនអាចស៊ាំជាមួយនឹងពន្លឺហ្នឹង ដូច្នេះពន្លឺហ្នឹងចូលក្នុងភ្នែកសត្វ ធ្វើឱ្យភ្នែកមានបញ្ហា។ កាលណាភ្នែកមានបញ្ហា វានឹងមិនអាចឱ្យគាត់ធ្វើចលនាបានវែងឆ្ងាយ និងរំខានដល់ការមើលឃើញ»។
 
នៅលើពិភពលោក ការបំពុលពន្លឺនេះ កំពុងមានការកើនឡើងជារៀងរាល់ឆ្នាំ។ បើតាមទិន្នន័យ របស់ UNEP (UN Environment Programme) បរិមាណនៃពន្លឺសិប្បនិម្មិតលើផ្ទៃផែនដី កំពុងកើនឡើងយ៉ាងហោចណាស់ ២ភាគរយក្នុងមួយឆ្នាំ ឬអាចច្រើនជាងនេះ។
 
លោក សេរីរដ្ឋា​ លើកឡើងថា នៅកម្ពុជាមិនសូវមានបញ្ហាការបំពុលដោយពន្លឺ ដែលធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ ពោលការបំពុលដោយពន្លឺនេះ គឺកើតចេញពីប្រទេសជឿនលឿន។ មួយវិញទៀត ប្រធានអង្គការរូបនេះ លើកឡើងពីបញ្ហាភ្លើងហ្វារ ដែលបាញ់ចេញពីកាប៉ាល់នេសាទ ជាផ្នែកមួយគំរាមកំហែងក្នុងការហោះហើរផ្លាស់ទីរបស់សត្វស្លាបប្រភេទនេះ។
 
បើទោះបី កម្ពុជាស្ថិតក្នុងប្រទេសដែលមិនសូវប៉ះពាល់ខ្លាំងដោយការបំពុលពន្លឺទៅសត្វស្លាបទេសន្តរប្រវេសន៍ក៏ដោយ ប៉ុន្តែលោក លឿន សេរីរដ្ឋា ថាកម្ពុជាក៏ត្រូវគិតគូរលើបញ្ហាបំពុលពន្លឺនេះ ដែលអាចនឹងប៉ះពាល់នៅពេលអនាគត។ លោកថ្លែងដូច្នេះ៖ «រឿងពន្លឺដែលប៉ះពាល់សត្វនេះ​ វាជារឿងសកល។ ចំណែកស្រុកយើង គឺយើងអត់ទាន់ឈានដល់កម្រិតមួយ ដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ប៉ុន្តែប្រសិនបើយើងមិនគិតគូរពីឥឡូវទេ វានឹងអាចប៉ះពាល់នៅថ្ងៃខាងមុខ»។
 
ជុំវិញផលប៉ះពាល់នេះ ទាំងអង្គការសមាគមអភិរក្សសត្វព្រៃ WCS និងអង្គការជីវិតសត្វស្លាបអន្តរជាតិ(BirdLife International Cambodia) មិនទាន់មានការស្រាវជ្រាវ និងវាយតម្លៃ ជុំវិញផលប៉ះពាល់នៃការបំពុលពន្លឺ លើសត្វនេះ នៅឡើយទេ។
 
ក្រៅពីបញ្ហាការបំពុលពន្លឺ មិនមែនជាបញ្ហាតែមួយ ដែលប៉ះពាល់ដល់សត្វស្លាបទេសន្តរប្រវេសន៍ គឺមានបញ្ហាជាច្រើនទៀត ដែលកំពុងគំរាមកំហែង។ ប្រធានអង្គការ WCS លើកឡើងថា បញ្ហាបម្រែបម្រួលអាកាសធាតុ, ការបាត់បង់ជម្រក, ការបាត់បង់ប្រភពចំណី, ការគំរាំមកំហែងដោយសកម្មភាពមនុស្ស​ជាផ្នែកមួយដែលសត្វស្លាបទាំងនោះកំពុងប្រឈម។
 
ពាក់ព័ន្ធនឹងការបំពុលពន្លឺ ទៅលើសត្វស្លាបទេសន្តរប្រវេសន៍នេះ ជារៀងរាល់ឆ្នាំលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា តែងប្រារព្ធ «ទិវាសត្វស្លាបទេសន្តរប្រវេសន៍» នៅថ្ងៃទី១០ ខែឧសភា ខណៈពិភពលោកប្រារព្ធនៅថ្ងៃទី១៤ ខែឧសភា។ ឯឆ្នាំនេះ ការប្រារព្ធទិវានេះ ក្រោមប្រធានបទ «ផលប៉ះពាល់ នៃការបំពុលដោយពន្លឺលើសត្វស្លាបទេសន្តរប្រវេសន៍» ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពី ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា៕
 

 ក្នុងទិវាសត្វស្លាបទេសន្តរប្រវេសន៍ ឆ្នា២០២២។ រូបភាពពីទំព័រហ្វេសប៊ុល BirdLife។

Tag:
 សត្វស្លាបទេសន្តរប្រវេសន៍
  Migration Birds Day
© រក្សាសិទ្ធិដោយ thmeythmey.com