ជាតិ
លោក គង់ ប៉ែត ប្រមូលផលម្ទេសបាន២០០គីឡូក្រាមក្នុងមួយថ្ងៃ ខណៈមានទីផ្សារច្រើន
29, May 2022 , 11:16 am        
រូបភាព
ដោយ៖ ញ៉ែម ចាន់ 
 
បាត់ដំបង៖ រដូវរស្សានេះ កសិករកំពុងមមាញឹក ប្រមូល ផលម្ទេស ខណៈទីផ្សារកំពុងមានតម្រូវការ។  លោក គង់ ប៉ែត ជាកសិករដាំម្ទេសនៅខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំនេះ ម្ទេសរបស់លោក ផ្តល់ទិន្នផលច្រើន បាន២០០គីឡូក្រាមក្នុងមួយថ្ងៃ។ លោក គង់ ប៉ែត សប្បាយចិត្ត ព្រោះឆ្នាំនេះ លោកប្រមូលផលម្ទេសបានច្រើន ខណៈឈ្មួញមកទិញដល់ចម្ការអស់ៗ មិនសល់ចោលដូចឆ្នាំមុន។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោ​មដូចតទៅ៖ 
 

លោក គង់ ប៉ែត ជាកសិករដាំម្ទេស នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ កសិកររូបនេះ  បានរៀបរាប់ថាម្ទេសឆ្នាំនេះកំពុងត្រូវប៉ាន់ដោយមានឈ្មួញមកចាំប្រមូលទិញដល់ចម្ការតែម្ដង។«មានប៉ុន្មានក៏គេយកដែរ  មិនដែលសល់ទេ»។
 
បើទោះឆ្នាំនេះ ម្ទេសមានតម្រូវការច្រើន តែលោក គង់ ប៉ែត ត្អូញត្អែរ ពីតម្លៃម្ទេសប្រែប្រួលមិនទៀង ។ បច្ចុប្បន្ន ម្ទេស របស់កសិកររូបនេះ លក់បានតម្លៃ ៣៥០០ ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម។   លោក គង់ ប៉ែត បារម្ភខ្លាច តម្លៃម្ទេសធ្លាក់ចុះជាងនេះ ត្រឹម ៣០០០ រៀល ក្នុងមួយគីឡូក្រាម នោះមិនចំណេញបានតែស្មើដើមប៉ុណ្ណោះ ព្រោះថ្លៃឈ្នួយកម្មករបេះ ចំណាយអស់ ១ ០០០ រៀល ក្នុងមួយគីឡូក្រាមទៅហើយ ។
 
លោក គង់ ប៉ែត បានបញ្ជាក់ថា ការប្រមូលផលម្ទេស មានរយៈពេលយូរ គឺជាង ២ខែឯណោះ។ លោកបន្ថែមថា ការដាំម្ទេសចាប់តាំងពី សាបកូនរហូត ដល់ប្រមូលផល មានរយៈពេល ៤ ទៅ ៥ ខែ កន្លះ ហើយត្រូវ មើលថែទាំស្រោចទឹក ប្រើជី និងថ្នាំការពារសត្វល្អិត ហើយម្ទេសអាចដួលរលំ ដោយសារភ្លៀងខ្យល់ផងដែរ៕ 
 




 

Tag:
 កសិកម្ម
  ម្ទេស
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com