ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង ៖ ការបោះឆ្នោតខាងមុខ នឹងគ្មានបញ្ហារំខាននោះទេ
29, May 2022 , 2:03 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាជំនួបពិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបនៅថ្ងៃទី២៦ខែឧសភា ។ រូបថត ៖ ក្រសួងមហាផ្ទៃ ។
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាជំនួបពិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុបនៅថ្ងៃទី២៦ខែឧសភា ។ រូបថត ៖ ក្រសួងមហាផ្ទៃ ។
ដោយ ៖ ធន់ សេងហុង 

ការបោះឆ្នោតខាងមុខ នឹងគ្មានបញ្ហារំខាននោះទេ ។ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងប្រាប់លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដឹកនាំប្រតិភូអ៊ឺរ៉ុប៤ប្រទេស កាលពីថ្ងៃទី២៦ខែឧសភា នៅទីស្តីការក្រសួង។


 
ប្រតិភូដឹកនាំអឺរ៉ុបដោយលោកស្រី ខាមិន ម៉ូរ៉េណូ បានជួបពិភាក្សាការងារជាមួយ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណងចង់ស្វែងយល់បន្ថែមពីដំណើរការ ស្ថានភាពនៃដំណើរការរយុទ្ធនាការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលឆាប់ៗខាងមុខនេះ ។ 
 
សម្តេច ស ខេង បាននិយាយថា ការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលនេះ ជាគោលបំណងកសាងប្រជាធិបតេយ្យឱ្យមានភាពចម្រុះក្នុងមូលដ្ឋាន និងភាពម្ចាស់ការជាមួយប្រជាពលរដ្ឋ។
 
សម្តេច ស ខេង បានបង្ហាញភាពជឿជាក់ប្រាប់ទៅសហភាពអ៊ឺរ៉ុបថា ៖ «នៅថ្ងៃបោះឆ្នោត នឹងមិនមានបញ្ហាអ្វីកើតឡើង ដែលរំខានដល់ការបោះឆ្នោតនោះទេ ដោយដំណើការល្អនៃការបោះឆ្នោតជាការឆ្លុះបញ្ជាំងពីការអនុវត្តស្របទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យពហុបក្ស»។
 
ក្រៅពីនេះ ភាគីទាំងពីរក៏បានជជែកអំពីលទ្ធភាពធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីគាំទ្រដល់ដំណើរការពង្រឹងប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា។
 
សម្តេច ស ខេង ក៏បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យបន្តគាំទ្រកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកម្ពុជាកំពុងអនុវត្តក្នុងការពង្រឹងភាពជាម្ចាស់ការថ្នាក់មូលដ្ឋាន ជាពិសេស បន្តការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
 
ការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា៕
 

Tag:
 ស ខេង
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com