ជាតិ
ពលរដ្ឋនៅតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប លើសពី៣ឆ្នាំ អាចអាស្រ័យផលបាន និងមានប្លង់កម្មសិទ្ធិ
29, May 2022 , 2:40 pm        
រូបភាព
ផ្ទៃដីព្រៃលិចទឹក ដែលពលរដ្ឋអាស្រ័យផល នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ផ្ទៃដីព្រៃលិចទឹក ដែលពលរដ្ឋអាស្រ័យផល នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
សៀមរាប៖ ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប បានបែងចែកគ្នាតាមគោលដៅ ចុះផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងការកាត់ឆ្វៀលក្នុងតំបន់បឹងទន្លេសាប ដែលរាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចកាលពីពេលថ្មីៗនេះ។ ក្នុងនោះ ពលរដ្ឋដែលមានដីធ្លីនៅតំបន់២ និងតំបន់៣ ដែលអាស្រ័យផលលើសពី៣ឆ្នាំឡើង អាជ្ញាធរនឹងចេញប្លង់កម្មសិទ្ធិឱ្យកាន់កាប់ស្របច្បាប់។

 
ក្រុមការងារចម្រុះរបស់ខេត្តសៀមរាប ចុះដល់គោលដៅស្រុកពួក ស្រុកជីក្រែង និងស្រុកសូទ្រនិគម ដែលមានភូមិសាស្រ្ដជាប់បឹងទន្លេសាប ដើម្បីផ្សព្វផ្សាយពីការកែសម្រួលការបោះបង្គោល និងការឆ្វៀលដីក្នុងតំបន់បឹងទន្លេសាប តាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នៅថ្ងៃទី២៧ ឧសភា។ រដ្ឋាភិបាល បានសម្រេច ឱ្យអាជ្ញាធរចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់២ និងតំបន់៣ ត្រូវឆ្វៀលជូនពលរដ្ឋណាដែលអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។ អនុសាសន៍នេះ មានន័យថា ប្រជាពលរដ្ឋនឹងទទួលបានកម្មសិទ្ធិដី ឬអាស្រ័យផលស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរ។ 
 
យ៉ាងណាមិញ ក្នុងការចុះពិនិត្យ និងផ្សព្វផ្សាយបទបញ្ជាខាងលើនាថ្ងៃទី២៨ ខែឧសភា នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម លោកស្រី យូ សុភា អភិបាលរងខេត្ត បញ្ជាក់ថា ចំពោះពលរដ្ឋណាដែលកាប់ទន្រ្ទានដីព្រៃលិចទឹកខុសច្បាប់ ក្នុងរយៈពេលត្រឹម២ ឬ៣ឆ្នាំ អាជ្ញាធរនឹងដកហូតយកវិញ។ លោកស្រីអំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ការទន្រ្ទាន ហើយថា ទង្វើទាំងនេះនឹងប៉ះពាល់ខ្លាំងដល់ប្រព័ន្ធជីវៈចម្រុះក្នុងបឹងទន្លេសាប ដែលពលរដ្ឋមូលដ្ឋានអាស្រ័យផលរៀងរាល់ថ្ងៃ។ 
 
សកម្មភាពដោយឡែកមួយទៀត នៅស្រុកជីក្រែង។ កម្មវិធីនៅទីនោះ ដឹកនាំដោយលោក នាក់ ណេរ៉ុន ដែលជាអភិបាលរងខេត្ត។ លោកបានប្រាប់ប្រជាពលរដ្ឋ ដីដែលពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូន ហើយថារាជរដ្ឋាភិបាលប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ដែលជ្រកក្រោមរូបភាពប្រជាពលរដ្ឋ ដោយបានកាប់ទន្រ្ទានដី ដែលបានហាមឃាត់នៅក្នុងបឹងទន្លេសាប។ 
 
ចំពោះការងារនេះដែរ អភិបាលស្រុកសូទ្រនិគម លោក ម៉ក់ ប្រុស ប្រាប់ពលរដ្ឋថា ដើម្បីជំរុញឱ្យការងារនេះលឿនទៅបាន ពលរដ្ឋត្រូវត្រៀមឯកសារពាក់ព័ន្ធ និងទីលំនៅរបស់ខ្លួន ទុកជូនអាជ្ញាធរត្រួតពិនិត្យ ក៏ដូចជាការកំណត់ព្រំប្រទល់ដីរបស់ខ្លួន និងអ្នកជិតខាងឱ្យបានច្បាស់លាស់ ជៀសវាងការបង្កជម្លោះផ្សេងៗនៅពេលចុះវាស់វែង៕
 

Tag:
 ព្រៃលិចទឹក
  បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com