ជាតិ
រដ្ឋបាលខេត្តកំពង់ចាមសាសង់រូបសំណាក «ព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ» ជាការដឹងគុណដល់សន្តិភាព
29, May 2022 , 4:32 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីអភិសេករូបសំណាក ព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ  នៅថ្ងៃទី៣០ ឧសភា ក្រោយបានដំឡើងរួចរាល់នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ ក្នុង​ក្រុង​កំពង់ចាម កាលពីខែមេសា ឆ្នាំ២០២២។ បើតាមលោកអភិបាលខេត្ត រូបសំណាកនេះ សាងសង់ឡើងដើម្បីជាការដឹងគុណដល់សុខសន្តិភាពក្នុងប្រទេសនាពេលបច្ចុប្បន្ន។


ព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ ជារូបសំណាកថ្មីមួយក្នុងខេត្តកំពង់ចាម ដែលបានដាក់តាំងនៅសួនមាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ទីតាំងនេះ ជាកន្លែងដែលដាក់តាំងរូបសំណាកដំរីក្បាលបី ដែលបានបាក់ស្រុតកាលពី៤ឆ្នាំមុន ដោយសារគ្រោះទឹកជំនាន់។ 
 
រូបសំណាកថ្មីនេះ សាងសង់ឡើងអំពីថ្មភក់ មានកម្ពស់ជាង៥ម៉ែត្រ និងមានទម្ងន់ប្រមាណ ២៣តោន ដែលចំណាយថវិកាចំនួន ៥ម៉ឺនដុល្លារ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ក្រោយជាងចម្លាក់បានដាប់ឆ្លាក់រួចរាល់ រូបសំណាកនេះ បានយកមកដំឡើង នាដើមខែមេសាកន្លងទៅ និងរៀបចំអភិសេកនៅថ្ងៃ៣០ ខែឧសភានេះ។ 
 
ការសាងសង់រូបសំណាកនេះ ត្រូវបានអ្នកជំនាញប្រើរចនាប័ទ្មខ្មែរបុរាណចំនួន៣ ដូចជា រចនាប័ទ្មអង្គរ បាពួន និងបាយ័ន។ គោលបំណងនៃការសាងសង់នេះ លោក ចាន់ដា ​បានឱ្យដឹងថា៖« វាគឺជាការដឹងគុណដល់សន្តិភាព ជាពិសេសសម្តេច ហ៊ុន សែន ដោយឥរិយាបថព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ គឺជាឥរិយាបថ ព្រះឥន្រ្ទឈ្នះសង្គ្រាម។ អ៊ីចឹង ការសាងសង់នេះ គឺជាការគោរព ការដឹងគុណដល់សុខសន្តិភាព»។ 
 
ក្រៅពីនេះ រូបសំណាកព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ នឹងក្លាយជាចំណែកមួយនៃការលើកសោភណ្ឌភាពទីរួមខេត្តកំពង់ចាមផងដែរ។ លោកអភិបាលខេត្តរំពឹងថា រូបសំណាកនេះនឹងជួយលើកកម្ពស់សម្រស់ក្នុងក្រុង ក៏ដូចជាទាក់ទាញទេសចរឱ្យមកលេងកម្សាន្ត ដើម្បីថតរូបជាដើម។ ទន្ទឹមនឹងនោះ ពលរដ្ឋក៏អាចទៅគោរព និងប្រតិបត្តិតាមជំនឿសាសនាផងដែរ។ 
 
គួរបញ្ជាក់ផងដែរថា ដំរីឯរាវ័ណ គឺជាឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្ទ្រ។ បើតាមគម្ពីរពុទ្ធសាសនាប្រាប់សេចក្ដីថា ក្នុងឋានសួគ៌គ្មានសត្វតិរច្ឆានមែនទែនទេ។ ដំរីឯរាវ័ណ នេះជាឈ្មោះនៃទេវបុត្តម្នាក់ដែលតែងតែនិម្មិតខ្លួនជាដំរីមានក្បាលបីមួយដងមួយកាល។ នេះបើតាមវចនានុក្រមខ្មែរ សម្តេច ជួន ណាត៕
 

Tag:
 រូបសំណាក
  ព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com