ជាតិ
សិល្បះ
​លោក​ស្រី ឱម យុវណ្ណឌី​ ដំឡើងរបាំរឿង “ព្រះបាទជយវរ្ម័នទី៧”​ ​ជា​លើក​ដំបូង
01, Jun 2022 , 8:59 am        
រូបភាព
 (ពីស្ដាំ) តួព្រះបាទជយវរ្ម័នទី​៧ លោក​ស្រី ឱម យុវណ្ឌឌី និង​តួ​ព្រះ​នាង​ឥន្ទ្រទេវី
(ពីស្ដាំ) តួព្រះបាទជយវរ្ម័នទី​៧ លោក​ស្រី ឱម យុវណ្ឌឌី និង​តួ​ព្រះ​នាង​ឥន្ទ្រទេវី
ភ្នំពេញ​៖ លោកស្រី ឱម យុវណ្ណឌី ដែល​ជា​អតីតនាដកា​របាំ​បុរាណ​ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​គ្រូ​បង្ហាត់​បង្រៀន​របាំ​បុរាណ​ខ្មែរ បាន​ដំឡើង​ស្នាដៃ​របាំ​រឿង “​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧” ដែល​ជា​ផ្ទាំង​ទស្សនីយភាព​ជា​​លើក​ដំបូង​។ ទាំង​ក្បាច់​រាំ សម្លៀក​បំពាក់​ និង​គ្រឿង​អលង្ករ​ណ៍ ក្នុង​របាំ​នេះ​មាន​ការ​ច្នៃ​​យ៉ាង​ល្អ​ប្លែក​ គួរ​ជា​ទី​គាប់​ភ្នែកក្រៃ​លែង​។​



លោកស្រី ឱម យុវណ្ណឌី ដែល​បច្ចុប្បន្ន​គឺ​ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ​លោក​ស្រី ដំឡើង​ស្នាដៃ​របាំរឿង “ព្រះ​បាទ​ជយវរ្ម័ន​ទី​៧”​ នេះ​ឡើង​ ដោយសារ​ក្ដីគោរព ស្រឡាញ់ និង​សេចក្ដី​​​កោត​ស្ញប់​ស្ញែងនូវ​គុណ​បំណាច់ របស់​ព្រះ​បាទជយ​វរ្ម័ន​ទី​៧ ដែល​បាន​កសាង​ជាតិ​ដ៏​ថ្កុំថ្កើង​​ ។ ម្យ៉ាង​វិញ​ទៀត លោក​ស្រី​យល់​ឃើញ​ថា រឿង​ព្រះ​បាទ​ជយវរ្ម័ន​ទី​៧ មាន​ជា​ភាព​យន្ត និង​ល្ខោន​និយាយរួច​​ហើយ ប៉ុន្តែ​មិនទាន់​​មាន​ជា​ទម្រង់​របាំ​បុរាណ​(របាំ​ព្រះ​រាជ​ទ្រព្យ​) ហាក់​ដូច​ជា​មិន​សម​ ទើប​បាន​ជា​លោក​ស្រី សម្រេច​ចិត្ត​ដំឡើង​ស្នាដៃ​នេះ​ឡើង ជា​ផ្ទាំង​ទស្សនីយភាព​​។ 
 
សូម​អញ្ជើញ​ទស្សនាបទ​សម្ភាស រវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​លោក​ស្រី ឱម យុវណ្ណឌី ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ និង​ជា​គ្រូរបាំ​ក្បាច់​បុរាណ​ខ្មែរ ខាង​ក្រោយ​ដោយ​ក្ដី​រីក​រាយ​៖
 

«កុន និង​ល្ខោន​និយាយ​ក៏​មាន ប៉ុន្តែជា​ផ្ទាំង​ទស្សនីយភាព​ (​របាំ​បុរាណ​)មិន​មាន។ ខ្ញុំ​គិត​ថា​មិន​គួរ​សោះ ​របាំ​ព្រះ​រាជ​ទ្រព្យ​ មិន​គួរ​មិន​ធ្វើ​រឿង​របស់​ព្រះ​អង្គ​ ដែល​ជា​ព្រះ​រាជា​។ ​ខ្ញុំ​ធ្លាប់​បាន​ដំឡើង​រឿង “​ព្រះ​នាង​ជ័យ​រាជា​ទេវី” និង”​ព្រះ​នាង​​ឥន្ទ្រទេវី” រួច​ហើយ​ ក៏​មាន​មហាជន​ស្នើ​ឱ្យ​មាន​ធ្វើ​បន្ត​សាច់​រឿង​ទៀត​ ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​រឿង​ “​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧​” នេះ​ឡើង​។»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ស្រី ឱម យុវណ្ឌឌី​។
  
លោកស្រី ឱម យុវណ្ណឌី ពាក់​អាវ​ពណ៌​ឈាម​ជ្រូក និង​សិស្សគណ ក្នុង​ថ្ងៃ​សម្ដែង​របាំ​រឿង ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧ កាល​ពី​ពេល​កន្លង​ទៅ

ដំណើរ​ការ​នៃ​ការ​ដំឡើង​ស្នាដៃ​របាំ​រឿង “​ព្រះ​បាទ​ជយវរ្ម័ន​ទី​៧” ត្រូវ​បាន​គ្រូបង្រៀន​របាំក្បាច់​​បុរាណ​ខ្មែរ ឱម​ យុវណ្ណឌី ពន្យល់​ថា លោក​ស្រី​​បាន​ចំណាយពេល​សរសេរ​អត្ថបទ​រឿង​ រួម​ទាំង​ចម្រៀង​​ផង​ ប្រមាណ​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ​។ ដោយ​ឡែក​ទម្រាំ​អាច​សរសេរ​ជា​សាច់​រឿង​បាន លោក​ស្រី​បាន​ចំណាយ​ពេល​យ៉ាង​​យូរ ​ស្រាវ​ជ្រាវ​ឯក​សារ​ដែល​ពាក់ព័ន្ធ ​ជា​មួយ​ព្រះ​បាទ​ជយវរ្ម័ន​ទី​៧​ ដើម្បី​ធ្វើ​ឱ្យ​ស្នាដៃ​នេះត្រឹម​​ត្រូវ​តាម​ប្រវត្តិ​សាស្ត្រ​។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ដំឡើង​ស្នាដៃ​ជា​របាំ លោក​ស្រី​ក៏​ចំណាយ​ពេល​ច្រើន​ដែរ​។
 
​​ទៅ​លើ​ក្បាច់​ក្នុង​របាំរឿង “ព្រះបាទជយវរ្ម័នទី៧”​ វិញ អតីតនាដការបាំ​បុរាណ​រូប​នេះ បាន​បញ្ជាក់​ថា លោក​ស្រី​បាន​យក​​​មូល​ដ្ឋាន​គ្រឹះ ​នៃ​ក្បាច់របាំ​ខ្មែរ​ទាំង​៤៥០០​ក្បាច់ មក​ច្នៃ​បង្កើត​ថ្មី​ ដើម្បី​ឱ្យ​ក្បាច់​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​។​
  

តួ ព្រះ​បាទ​ជយវរ្ម័ន​ទី​៧ មាន​ពាក់​មកុដ និង​នាដការបាំបុរាណជា​កុមារ

យ៉ាង​ណា​ក៏​ដោយ សិល្បករ​ដែល​ត្រូវ​បាន​ជ្រើស​រើស​មក​រាំ​ក្នុង​របាំ​រឿង “​ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧​” ភាគ​ច្រើន​មិន​មែន​ជា​នាដការបាំ​អាជីព​ឡើយ។​ ប៉ុន្តែដោយ​ក្ដី​ស្រឡាញ់ ពួក​គេ​ដែល​អ្នក​ខ្លះ​បាន​រៀន​របាំ​បន្តិច​បន្តួច​ ក៏​ចូល​ខ្លួន​មក​ហាត់​រៀនយ៉ាង​ស្វិត​ស្វាញ​​ ដើម្បី​អាច​សម្ដែង​ក្នុង​ស្នាដៃ​មួយ​នេះ​បាន​។
 
លោក​ស្រី យុវណ្ណឌី ពន្យល់​បន្ថែម​៖«​អ្នក​ហាត់​​មាន​តែ​ថ្ងៃ​សៅរ៍និង​​អាទិត្យ​ ហើយ​ថ្ងៃ​ខ្លះ​បាន​តែ​មួយ​ព្រឹកទៀត​ ​ព្រោះគាត់​រវល់​​ ហើយ​ខ្លះ​ជាប់​​រៀន​។ អ្នក​រាំ​ភាគ​ច្រើន ​គាត់​​រៀន​នៅ​សាលា​បណ្ដុះ​បណ្ដាល​ផ្សេង​ៗ។ តួព្រះ​បាទ​ជយវរ្ម័ន​ ចូល​ហាត់​របាំ​អាយុ​១៤​ឆ្នាំហើយ​ កាល​នោះ​ខ្ញុំ​មិន​ចង់​ទទួល​គាត់​ទេ ព្រោះ​អាយុ​ច្រើន​ពេក​ ប៉ុន្តែ​គ្នា​ស្រឡាញ់ ហើយ​គាត់​ប្រឹង​ប្រែង​ហាត់​​។»។


 លោក យ៉ាន់ បូរិន សិល្បករ​ចម្រៀង​បុរាណ (ឈរ​កណ្ដាល) រួម​ទាំងសិល្បករសម្ដែងល្បុកតោ

សូម​បញ្ជាក់​ថា កន្លង​ទៅ​លោកស្រី ឱម យុវណ្ណឌី ធ្លាប់​បាន​ដំឡើង​ស្នាដៃ​របាំ​ “ហ្លួង​ព្រះ​ស្ដេច​កន” “ព្រះ​នាង​ឥន្ទ្រទេវី” ហើយ​បច្ចុប្បន្ន​​លោក​ស្រី​ទើបតែបាន​ដំឡើង​រឿង “ព្រះ​បាទ​ជយ​វរ្ម័ន​ទី​៧” ​។
ក្រៅ​ពី​រឿង​ខាង​លើ​ គ្រូរបាំ​បុរាណលោក​ស្រី ឱម​ យុវណ្ណឌី នៅ​មាន​របាំ​រឿង​ជា​ច្រើន​ទៀត ដែល​លោក​ស្រី​បាន​គិត​ និង​សរសេរជា​អត្ថបទ​​រួច​ជា​ស្រេច​ ប៉ុន្តែ​លោក​ស្រី​នៅ​ខ្វះ​ថវិកា​ និង​ធនធាន​មនុស្ស​ ក្នុង​ការ​ដំឡើង​ស្នាដៃ​ទាំងនោះ​​។ បន្ថែ​ម​ពី​នោះលោក​ស្រី​ក៏​បាន​បង្ហើប​ដែរ​ថា លោក​ស្រី​មាន​គម្រោង​ក្នុង​ការ​ដំឡើង​របាំ​ “​រំដួល​រតនៈ​ជាតិ​”។ របាំ​នេះ​លោក​ស្រី​ មាន​បំណង​ចង់​ធ្វើ​ឱ្យ​កាន់​តែ​មាន​ប្រណីត​ភាព ព្រោះ​ដើម្បី​ទុក​ជា​​​សម្បត្តិ​សម្រាប់​ជាតិ៕
 

Tag:
 សិល្បៈ​
  របាំ​
  វប្បធម៌​
  សិល្បៈ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com