កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែនទម្លាក់ស្កុតឡែន ឡើងប៉ះវែល៍វគ្គផ្តាច់ព្រ័ត្រ play-off ដណ្តើមកៅអី World Cup កាតា
02, Jun 2022 , 12:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនបន្តឡើងទៅជួបវែល៍នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអីទៅ FIFA World Cup នៅប្រទេសកាតា ក្រោយយកឈ្នះស្កុតឡែនក្នុងវគ្គជម្រុះ play-off ក្នុងលទ្ធផល ៣-១ នៅយប់ថ្ងៃទី១ ខែមិថុនា។



Andriy Yarmolenko ជាអ្នកសម្រេចទីគ្រាប់នាំមុខឱ្យអ៊ុយក្រែននៅនាទី៣៣ មុនពេល Roman Yaremchuk បន្ថែមគ្រាប់ទីពីរនៅនាទី៤៩។ ខណៈការប្រកួតដំណើរការដល់នាទី៧៩ Callum McGregor តាមបានមួយគ្រាប់វិញសម្រាប់ស្កុតឡែន។ យ៉ាងណាឈានដល់នាទី៩០+៥ទៅហើយ អ៊ុយក្រែនបន្ថែមបានមួយគ្រាប់ទៀតដែលធ្វើបានពីសំណាក់កីឡាករ Artem Dovbyk។
 
ជ័យជម្នះនៅវគ្គ play-off នាកីឡដ្ឋាន Hampden Park ក្នុងប្រទេសស្កុតឡែននេះ បានជួយអ៊ុយក្រែនដែលកំពុងជួបវិបត្តិសង្គ្រាមជាមួយរុស្ស៊ីបន្តទៅជួយក្រុមវែល៍មួយប្រកួតទៀតដើម្បីសម្រេចយកមួយក្រុមទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។
 
ជំនួបវគ្គ play-off ផ្តាច់ព្រ័ត្ររវាងអ៊ុយក្រែន និងវែល៍ត្រូវធ្វើឡើងនៅយប់ថ្ងៃទី៥ ខែមិថុនា នាវេលាម៉ោង ១១:០០នាទី [ម៉ោងនៅកម្ពុជា]។
 
គិតត្រឹមពេលនេះ គេរកឃើញក្រុមចំនួន៣០ហើយ ដែលបានកៅអីស្វ័យប្រវត្តិទៅកាន់កាតាឆ្នាំ២០២២ ខណៈពីរក្រុមទៀតត្រូវឆ្លងកាត់ការប្រកួត play-off ដោយមួយក្រុមត្រូវយកពីការប្រកួតជម្រុះតំបន់អឺរ៉ុប និងមួយក្រុមទៀតពីការប្រកួតជម្រុះ play-off អន្តរទ្វីប។ play-off អន្តរទ្វីប ប៉េរូបានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជំនួបរវាងកូស្តារីការជាមួយនូវែលសេឡង់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com