ជាតិ
សុខភាព
CDC៖ ករណីសង្ស័យជំងឺអុតស្វា ​៦នាក់ រកឃើញអវិជ្ជមានទាំងអស់
02, Jun 2022 , 12:01 pm        
រូបភាព
ជំងឺអុតស្វា។ រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ជំងឺអុតស្វា។ រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមិថុនានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានបញ្ជាក់ថា ករណីសង្ស័យមនុស្ស ៦នាក់កើតជំងឺអុតស្វា រកឃើញអវិជ្ជមានទាំងអស់ បន្ទាប់ពីបានធ្វើតេស្តពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រ។

 
ជំងឺអុតស្វានេះ មានរោគសញ្ញា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខ ក្នុងនោះក៏មានគ្រុនក្ដៅលើស ៣៨.៥ អង្សាសេ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំក្នុងរយៈពេលជាច្រើនសប្ដាហ៍។
 
CDC បានបញ្ជាក់ថា ៖«បើបុគ្គលណាមានរោគសញ្ញាសង្ស័យ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរស័ព្ទលេខ ១១៥»។
 

ជំងឺអុតស្វា។ រូបពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ជំងឺអុតស្វា ឆ្លងពីអ្នកដែលប៉ះពាល់រាងកាយផ្ទាល់ ឬអ្នកមានរោគសញ្ញានៃជំងឺតាមរយៈការទំនាក់ទំនងរួមភេទគ្មានសុវត្ថិភាព ការប្រើសម្លៀកបំពាក់ សម្ភារ ឬបរិភោគឡូកឡំគ្នា ទឹកមាត់អ្នកមានជំងឺ និងឆ្លងពីម្ដាយទៅកូន នាអំឡុង ឬក្រោយឆ្លងទន្លេ​ តាមរយៈប៉ះស្បែក។ វីរុសនេះមាននៅលើសត្វកកេរព្រៃ ដែលមានជាប្រចាំនៅអាហ្វ្រិកខាងលិច និងកណ្ដាល ហើយបច្ចុប្បន្ន ជំងឺនេះ កំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេ៉រិក និងកាណាដា។
 
យ៉ាងណាមិញជំងឺអុតស្វានេះ ក៏មានវិធីការពារដែរ ដោយត្រូវរក្សាអនាម័យខ្លួនប្រាណឱ្យបានស្អាត លាងដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាអនាម័យផ្លូវដង្ហើម។ ចៀសវាងការប៉ះដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវប្រើស្រោមអនាម័យពេលរួមភេទ បរិភោគអាហារសុខភាព និងចម្អិនឱ្យបានឆ្អិនល្អ។ ចៀសវាងការប៉ះពាល់ជាមួយសត្វរស់ ឬងាប់៕
 
 
 
 

Tag:
 ជំងឺអ៊ុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com