អន្តរជាតិ
ចិន ជំទាស់គំនិតផ្តួចផ្តើមពាណិជ្ជកម្មអាម៉េរិក និងតៃវ៉ាន់
03, Jun 2022 , 9:29 am        
រូបភាព
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ រូបភាព៖ Reuters
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ រូបភាព៖ Reuters
ចិន ជំទាស់យ៉ាងដាច់ខាតគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីមួយរវាងអាម៉េរិក និងតៃវ៉ាន់ ដែលបានសម្ពោធនៅថ្ងៃទី១ ខែមិថុនា។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក  Gao Feng បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែមិថុនា ដោយទទូចរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្រប់គ្រងពាណិជ្ជកម្មទ្វេភាគីជាមួយក្រុងតៃប៉ិឱ្យបានប្រុងប្រយ័ត្ន។



 
អាម៉េរិក និងតៃវ៉ាន់ នៅថ្ងៃទី១ ខែមិថុនា បានសម្ពោធគំនិតផ្តួចផ្តើមពាណិជ្ជកម្មសតវត្សរ៍ទី២១ ។ គម្រោងមួយនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី, ពង្រីកអាទិភាពពាណិជ្ជកម្មទៅវិញទៅមក ដោយផ្អែកលើគុណតម្លៃ និងលើកតម្កើងគំនិតច្នៃប្រឌិត រួមទាំងកំណើនសេដ្ឋកិច្ចក្នុងវិស័យការងារ និងធុរកិច្ចរបស់ភាគីទាំងពីរ។ 
 
មួយថ្ងៃបន្ទាប់ពីការសម្ពោធខាងលើ ក្រសួងពាណិជ្ជកម្មចិន បានចេញមុខជំទាស់យ៉ាងខ្លាំង និងជំរុញឱ្យអាម៉េរិកគ្រប់គ្រងពាណិជ្ជកម្មទ្វេភាគីជាមួយតៃវ៉ាន់ឱ្យបានត្រឹមត្រូវ។ 
 
«អាម៉េរិក គួរតែគ្រប់គ្រងឱ្យបានប្រុងប្រយ័ត្នចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ ដើម្បីបញ្ចៀសការបញ្ជូនសញ្ញាខុសទៅកាន់កម្លាំងគាំទ្រឯករាជ្យ»។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២​ ខែមិថុនា។ 
 
ទន្ទឹមនេះ មន្រ្តីក្រសួងពាណិជ្ជកម្មចិន បានបន្តថា ចិនមិនទទួលស្គាល់រាល់គ្រប់ទម្រង់នៃទំនាក់ទំនងរវាងកោះតៃវ៉ាន់ ជាមួយបណ្តាប្រទេសផ្សេង ដោយរួមទាំងការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមទាំងសេដ្ឋកិច្ច។ 
 
គំនិតផ្តួចផ្តើមតៃវ៉ាន់-អាម៉េរិកលើពាណិជ្ជកម្មសតវត្សរ៍ទី២១ ដែលផ្តោតលើការសម្របសម្រួលពាណិជ្ជកម្ម, កសិកម្ម, ប្រឆាំងអំពើពុករលួយ ពាណិជ្ជកម្មបែបឌីជីថល និងវិស័យផ្សេងទៀតនេះ ត្រូវបានតៃវ៉ាន់សង្ឃឹមថា ជាការត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលក្រុងតៃប៉ិ ក្នុងការចូលរួមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បន្ទាប់ពីគំនិតផ្តួចផ្តើមត្រូវបានប្រកាស នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang បានប្រាប់គណៈរដ្ឋមន្រ្តីរបស់ខ្លួនថា កោះតៃវ៉ាន់ មានតួនាទីដ៏សំខាន់សម្រាប់ច្រវាក់ផ្គត់ផ្គង់សកល។ ដោយផ្អែកលើហេតុផលនេះ លោក Su បានលើកឡើងថា នេះជាហេតុផល ដែលអាម៉េរិក ត្រូវតែពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ដើម្បីភាពរឹងមាំ ការស្តារឡើងវិញ និងសន្តិសុខនៅក្នុងច្រវាក់ផលិតកម្មសកល។ 
 
បើតាមប្រមុខរដ្ឋាភិបាលកោះតៃវ៉ាន់ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន វាបានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ក្រុងតៃប៉ិនៅលើឆាកអន្តរជាតិ។ តៃវ៉ាន់ គឺជាដែនដីមួយ ដែលផលិតសឺមីកុងឌុចទ័រ (Semiconductor) ដ៏សំខាន់ ខណៈបណ្តាប្រទេសផ្សេង កំពុងខ្វះខាតវា ដើម្បីយកទៅផលិតរថយន្ត និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com