ជាតិ
គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅ២៤ឃុំ-សង្កាត់ដោយគ្មានគូប្រជែង
03, Jun 2022 , 2:06 pm        
រូបភាព
ដោយ: រួបរួម
គណបក្សប្រជាជនកម្ពុជា (CPP) នឹងទទួលបានកៅអីជាមេឃុំ ចៅសង្កាត់ យ៉ាងហោចណាស់ចំនួន២៤ស្វ័យប្រវត្តិ ដោយសារតែមិនមានគូប្រជែងសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខ។ ឃុំ-សង្កាត់ទាំងនោះ មានអាសនៈសរុបចំនួន១៥៨។

 
ក្នុងចំណោមគណបក្សចំនួន១៧ដែលបានចូលរួមការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ គណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានបានឈរនៅគ្រប់ឃុំ-សង្កាត់ចំនួន១៦៥២ទូទាំងប្រទេស ខណៈគណបក្សភ្លើងទៀន ឈរនៅ១៦២៣ឃុំសង្កាត់។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលំដាប់ទី៣ ដោយមានបេក្ខជននៅ៦៨០ឃុំ-សង្កាត់ បន្ទាប់មកមាន គណបក្សខ្មែររួបរួមជាតិ (៥៩៦), គណបក្សខ្មែរស្រលាញ់ជាតិ (៣១៥), គណបក្សសញ្ជាតិកម្ពុជា (២៤៥) និងគណបក្សយុវជនកម្ពុជា (១១៤)។
 
១០គណបក្សផ្សេងទៀត មានបេក្ខជននៅក្រោម១០០ឃុំ-សង្កាត់ ក្នុងនោះមាន គណបក្សកែទម្រង់កម្ពុជា (៥៩), គណបក្សឆន្ទៈខ្មែរ (៥៨), គណបក្សកម្ពុជានិយម (៣៨), គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (៣២), គណបក្សខ្មែរតែមួយ (៣០), គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (២៣), គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (១៩), គណបក្សឯកភាពជាតិខ្មែរ (១៤), គណបក្សរស្មីខេមរា (៦) និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (៤)។
 
កន្លងមក គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចលុបឈ្មោះ និងបដិសេធបញ្ជីឈ្មោះបេក្ខជនគណបក្សមួយចំនួនជាពិសេសគណបក្សភ្លើងទៀន ក្រោមហេតុផលបេក្ខជនមិនគ្រប់លក្ខខណ្ឌតាមច្បាប់តម្រូវ បេក្ខជនខ្លះមានឈ្មោះដោយមិនដឹងខ្លួន ហើយអ្នកខ្លះថែមទាំងមិនចេះអាន និងមិនចេះសរសេរអក្សរខ្មែរ។
 
ការសម្រេចលុបរបស់គ.ជ.ប នាំឲ្យគណបក្សភ្លើងទៀន បាត់បង់ឃុំ-សង្កាត់ចំនួន១១លើបញ្ជីដែលខ្លួនបានចុះឈ្មោះ។ ករណីដូចគ្នា ក៏បានកើតឡើងចំពោះគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ ផងដែរ។
 
យោងតាមឯកសារដែលបង្ហោះនៅលើគេហទំព័រ គ.ជ.ប គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះតែម្នាក់ឯងនៅ២៤ឃុំ-សង្កាត់ទូទាំងប្រទេស ដែលក្នុងនោះមាន សង្កាត់បឹងកុក (៧ អាសនៈ), សង្កាត់កំពង់ចាម (៧ អាសនៈ) ក្រុងកំពង់ចាម ខេត្តកំពង់ចាម, សង្កាត់មនោរម្យ (៥ អាសនៈ) ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី, ឃុំមរកត (៧ អាសនៈ) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ឃុំកណ្តៀង (៥ អាសនៈ), រាំងទិល (៥ អាសនៈ) ស្រុកកណ្តៀង, ឃុំក្រពើពីរ (៥ អាសនៈ) ស្រុកវាលវែង ខេត្តពោធិ៍សាត់, ឃុំថ្មដូនពៅ (៥អាសនៈ) ស្រុកថ្មបាំង ខេត្តកោះកុង, សង្កាត់គយត្របែក (៥អាសនៈ) ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
 
ឃុំ-សង្កាត់ចំនួន៧នៅខេត្តរតនគិរី រួមមាន តាឡាវ (៥ អាសនៈ) ស្រុកអណ្តូងមាស, ឃុំលុងឃុង (៥ អាសនៈ) ស្រុកបរកែវ, ឃុំសាមគ្គី (៥ អាសនៈ), ល្អក់ (៥ អាសនៈ) ស្រុកអូរជុំ, ឃុំតាវែងក្រោម (៥ អាសនៈ) ស្រុកតាវែង, ឃុំកោះប៉ង់ (៥ អាសនៈ), កុកឡាក់ (៥ អាសនៈ) ស្រុកវើនសៃ។ 
 
រីឯនៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះតែឯងនៅ៨សង្កាត់ ដែលរួមមានសង្កាត់បឹងត្របែក (៧ អាសនៈ) ខណ្ឌចំការមន, សង្កាត់អូរឫស្សីទី ១ (៩ អាសនៈ), អូរឫស្សីទី ២ (៩ អាសនៈ), មនោរម្យ (៩ អាសនៈ), មិត្តភាព (៩ អាសនៈ) ខណ្ឌ៧មករា, ផ្សារដេប៉ូទី ១ (៩ អាសនៈ), ផ្សារដើមគរ (១១ អាសនៈ)ខណ្ឌទួលគោក និងសង្កាត់ទួលស្វាយព្រៃទី ១ (៩ អាសនៈ) ខណ្ឌបឹងកេងកង។
 
ផ្អែកតាមតួលេខទាំងនេះ ក្នុងចំណោមឃុំ-សង្កាត់ចំនួន២៤ដែលគណបក្សប្រជាជនកម្ពុជាឈរឈ្មោះតែម្នាក់ឯង មានអាសនៈសរុបទាំងអស់ចំនួន១៥៨។
 
បណ្តាឃុំ-សង្កាត់ជាច្រើន គណបក្សភ្លើងទៀន បានប្រជែងតែមួយគណបក្សប្រជាជនកម្ពុជា។ ក្រៅពីឃុំ-សង្កាត់ចំនួន២៤ដែលគណបក្សប្រជាជនកម្ពុជាឈរតែម្នាក់ឯង គណបក្សភ្លើងទៀនគ្មានឈ្មោះនៅឃុំសង្កាត់ចំនួន៥ទៀត។
 
ឃុំសង្កាត់ចំនួន៥ដែលគ្មានវត្តមានគណបក្សភ្លើងទៀន មាន២សង្កាត់ក្នុងរាជធានីភ្នំពេញ ដោយនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ គណបក្សប្រជាជនកម្ពុជា ប្រជែងតែជាមួយគណបក្សខ្មែររួបរួមជាតិ, សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ គណបក្សប្រជាជនកម្ពុជា តទល់ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។
 
នៅឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគិរី គណបក្សប្រជាជនកម្ពុជាប្រជែងជាមួយគណបក្សខ្មែររួបរួមជាតិ, គណបក្សជនជាតិដើមភាគតិចប្រជាធិបតេយ្យ តទល់តែជាមួយបក្សប្រជាជនកម្ពុជានៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា តែប៉ុណ្ណោះ៕
 
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com