ជាតិ
កម្មកររោងចក្រ «ឃែនធើរេន» ហែញត្តិទៅស្ថានទូតអាមេរិក សុំអន្តរាគមន៍
03, Jun 2022 , 3:56 pm        
រូបភាព
កម្មកររោងចក្រ «ឃែនធើរេន» ហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា ២០២២
កម្មកររោងចក្រ «ឃែនធើរេន» ហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា ២០២២
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ក្រោយហែញត្តិដាក់ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែពុំមានដំណោះស្រាយ កម្មករកម្មការីនីរោងចក្រឃែនធើរេន បានបន្តហែញត្តិទៅដាក់នៅស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២។


ការហែញត្តិទៅស្ថានទូតអាមេរិកនេះ គឺដើម្បីស្នើសុំឱ្យជួយអន្តរាគមន៍ទៅកាន់ក្រុមហ៊ុនបញ្ជាទិញ Walmart និង Primark ឱ្យចូលរួមទទួលខុសត្រូវ ក្នុងការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករកម្មការីនី។


 កម្មករហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា 

អ្នកស្រី សាន់ សុផា ប្រធានសហជីពចលនាកម្មករ បានលើកឡើងថា វិវាទការងាររវាងថៅកែរោងចក្រ និងកម្មករនិយោជិត រោងចក្រ ឃែនធើរេន នៅតែពុំទាន់មានដំណោះស្រាយសមស្របណានោះទេ បើទោះបីពួកគេបានហែញត្តិទៅដាក់នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីសប្ដាហ៍មុន ក្តី។ 
ប្រធានសហជីពចលនាកម្មកររូបនេះ អះអាងថា៖ « ស្ថានទូតអាមេរិក បានប្រាប់ថាគេអាណិតអាសូរកម្មករ ហើយគាត់នឹងជួយជំរុញរឿងហ្នឹង ទៅដល់ក្រុមហ៊ុនបញ្ជាទិញ Walmart និង Primark»។
 
ប្រធានសហជីពចលនាកម្មកររូបនេះបន្ថែមថា កម្មករនិយោជិតបន្តដាក់ញត្តិទៅស្ថានទូតអាមេរិក ព្រោះរោងចក្រឃែនធើរេន បានបិទទ្វារ ហើយភាគីថៅកែរត់ចោលកម្មករ ដោយគ្មានទំនួលខុសត្រូវ។


  កម្មករហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា 

ជុំវិញរឿងនេះ ក្រុមការងារសារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទ និងទាក់ទងតាមបណ្ដាញសង្គមតេឡេក្រាម ទៅលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរ ប៉ុន្តែពុំមានការឆ្លើយតប។ 
 
សូមជម្រាបថា វិវាទការងាររោងចក្រឃែនធើរេន រវាងថៅកែ និងកម្មករនិយោជិត មានរយៈពេលមួយខែ ដោយមានការជួយអន្តរាគមន៍​ពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ តែពុំមានដំណោះស្រាយ ។ ក្រោយ កម្មករបានហែញត្តិទៅក្រសួងការងារ នៅថ្ងៃទី២៣ ខែឧសភា។ រោងចក្រឃែនធើរេន ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដោយមានកម្មករ-កម្មការីនីជាង ៣០០នាក់៕
 


  កម្មករហែញត្តិទៅដាក់ស្ថានទូតអាមេរិក នាព្រឹកថ្ងៃទី០៣ មិថុនា 
 
 
 
 

Tag:
 ឃែនធើរេន
© រក្សាសិទ្ធិដោយ thmeythmey.com