ជាតិ
ភាព​យន្ត​៦​រឿង ដាក់​បញ្ចាំង​ជូន​សាធារណជន​ទស្សនា​ ដោយ​ឥត​គិត​ថ្លៃ​
03, Jun 2022 , 7:59 pm        
រូបភាព
កន្លែងមើលកុន នៅរោងភាពយន្ត Legend Premium Noro Mall
កន្លែងមើលកុន នៅរោងភាពយន្ត Legend Premium Noro Mall
ភ្នំពេញ​៖ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ CSFF បាន​បង្កើត​កម្ម​វិធី “ឡើង​រោង​កុន​@CSFF” ដើម្បី​ផ្ដល់​ឱកាស​ដល់​ទស្សនិក​ជន​ បាន​ទស្សនា​រឿង​ខ្លីជាប់​ជម្រើស​ក្នុង​មហោស្រព ​ចំនួន៦​រឿង​ ដោយ​ឥត​គិត​ថ្លៃ​។ ​កម្ម​វិធី​នេះ​​សហការ​រៀប​ចំ​ដោយ ​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ និង​រោង​ភាព​យន្ត​ Legend​។


លោក ​ឈីម ប៊ុននី មន្ត្រី​ទំនាក់​ទំនងនិង​យុទ្ធសាស្រ្ត នៃ​​មហោស្រពភាព​យន្ត​ខ្លីចតុមុខ​លើក​ទី​១១ បញ្ជាក់​ថា កម្ម​វិធី​“ឡើង​រោង​កុន​@CSFF”​ របស់​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ ក្នុង​រដូវ​កាល​ទី​១១ នឹង​​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២២ ចាប់​ពី​ម៉ោង​៤​រសៀល​ រហូត​ដល់​ថ្ងៃ​ម៉ោង​៨​យប់​ នៅ​រោងភាព​យន្ត​ Legend Premuim ផ្សារជីប ម៉ុង ​នរោម៉ល​។
 
លោក ប៊ុននី បន្ថែម​ទៀត​ដូច្នេះ​«ទស្សនិកជន​ មិន​គួរ​ខក​ខាន​ពេល​វេលា​ដ៏​ពិសេស​នេះ​ឡើយ ព្រោះ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ សម្រេច​បង្កើត​កម្ម​វិធី “ឡើង​រោង​កុន​”។ កម្ម​វិធី​នេះ មាន​គោល​បំណង​រឹត​បណ្តឹង​ចំណង​ទំនាន់​ទំនង​ រវាង​ទស្សនិក​ជន​ និង​យុវសមិទ្ធិករ​ភាព​យន្ត​ថ្មីៗ​​។ កម្ម​វិធី​នេះ​ យើង​ក៏​មាន​បំណង​ស្វែង​រក​យុវជន​ក្នុង​ស្រុក ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ភាព​យន្ត​ខ្លី ជាមួយ​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ដែរ​»។
 
សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​មិថុនានេះ គឺ​នៅ​សល់​តែ​១៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ផុត​កំណត់​ឈប់​ទទួល​ស្នាដៃ​រឿង​ខ្លី ដើម្បី​ប្រកួត​ប្រជែង​ពាន​រង្វាន់​ភាព​យន្ត​ខ្លី​ឆ្នើម​កម្ពុជា​ ក្នុង​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​(CSFF) លើក​ទី​១១​ ឆ្នាំ​២០២២​ហើយ​។ 
 
ភាព​យន្ត​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ដើម្បី​យក​ទៅ​ចាក់​បញ្ចាំង​​រួ​ម​មាន​រឿង “Origami Girl” ដោយ​ លឹម ហេង ជយលាភីរឿង​ខ្លី​ឆ្នើម​បន្ទាប់​ ប្រចាំ​ឆ្នាំ​រដូវ​កាល​ទី​១០​។ រឿង “ម៉ែ​ខ្ញុំ​ ម៉ែគេ” ដោយ​ សុខ ពិសិដ្ឋ​។ រឿង “ស្នេហ៍​ឆ្លង​វេហា” ដោយ​ គីមអាន សុភស័ក្ដ។ រឿង “នារីរបាំ” ដោយ សេង ធី​។ រឿង “មុន​មេឃ​ភ្លៀង” ដោយ នេត ឥន្ទនរាសុទ្ធីដ្ឋេព និង​រឿង “ខ្យល់​ខែ​កុម្ភៈ” ដោយ មុនី កណ្ណដារង្គ​។
 
 

Tag:
 ភាព​យន្ត​
  សិល្បៈ​
  រោង​កុន
© រក្សាសិទ្ធិដោយ thmeythmey.com