កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ឡើងវគ្គផ្តាច់ព្រ័ត្រ French Open លើកទី១៤ ក្រោយដៃគូបោះបង់ប្រកួតពាក់កណ្តាលទី
04, Jun 2022 , 2:29 pm        
រូបភាព
Rafael Nadal ឡើងទៅវគ្គផ្តាច់ព្រ័ត្រ French Open ជាលើកទី១៤ បន្ទាប់ពី Alexander Zverev បង្ខំចិត្តបោះបង់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាក់កណ្តាលទី ដោយសាររបួសកជើងខាងស្តាំ។


Zverev បានចាក​ចេញ​ពី​ទីលាន​ដោយមាន​រទេះ​រុញ​ផង បន្ទាប់​ពី​បត់​កជើង​ ខណៈការប្រកួតបានដំណើរការ​ត្រឹមលទ្ធផល ៧-៦ (១០/៨) និង ៦-៦ នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ខែមិថុនា។
 
Nadal ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ លើកឡើងថា នេះជាការខកចិត្តដ៏ធំសម្រាប់គូប្រជែងរបស់ខ្លួន។ 
 
«គាត់កំពុងបង្ហាញការប្រកួតដ៏អស្ចារ្យ ប៉ុន្តែអកុសលគាត់រងរបួសមិនអាចបន្តការប្រកួតទៀតបាន។ Zverev ជាគូប្រជែងដ៏ល្អម្នាក់នៅ French Open រដូវកាលនេះ ហើយខ្ញុំពិតជាសំណាងណាស់»។ អ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញបន្ថែមដូច្នេះ។
 
Nadal វ័យ៣៥ឆ្នាំ ដែលគេឱ្យឈ្មោះថាជាស្តេចកីឡាវាយកូនបាល់ប្រចាំតារាងដីក្រហម និងដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រនៅតារាង Claycourt ទាល់តែសោះ ធ្លាប់ឈ្នះជើងឯក Roland Garros ១៣សម័យកាលជាកំណត់ត្រា និងឈ្នះពានកម្រិត Grand Slam ចំនួន២១លើកលើសគេ។
 
Nadal នឹងត្រូវជួប Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រ French Open នៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ Ruud កីឡាករន័រវែសវ័យ២៣ឆ្នាំ បានទម្លាក់កីឡាករក្រូអាស៊ី Marin Cilic នៅវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-៦ ៦-៤ ៦-២ និង៦-២៕
 
 

Tag:
 French Open
© រក្សាសិទ្ធិដោយ thmeythmey.com