កីឡាអន្តរជាតិ
អន្តរជាតិ
UEFA សុំទោសអ្នកគាំទ្រចំពោះបញ្ហានៅជំនួបផ្តាច់ព្រ័ត្រ UCL
04, Jun 2022 , 9:29 pm        
រូបភាព
UEFA ថ្ងៃទី២ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍សុំទោសអ្នកគាំទ្រ ចំពោះបញ្ហាក្នុងជំនួបផ្តាច់ព្រ័ត្រ Champions League នៅប្រទេសបារាំង កាលពីសប្តាហ៍មុន។

 
ការប្រកួតរវាង Real Madrid និង Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងទីក្រុងប៉ារីស ត្រូវបានពន្យាពេលជាង១ម៉ោង ដោយសារតែបញ្ហាសុវត្ថិភាព និងកក់ស្ទះនៅក្រៅកីឡដ្ឋាន Stade de France។ អ្នកគាំទ្រ Liverpool រាប់ពាន់នាក់ នាំគ្នាសម្រុកចូលក្នុងទីលានប្រកួត ដោយអ្នកខ្លះគ្មានសំបុត្រ និងអ្នកគាំទ្រខ្លះ ក្លែងបន្លំសំបុត្រទស្សនា។
 
Real Madrid បានយកឈ្នះលើ Liverpool លទ្ធផល ១-០ ដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ស៊ុតបំប៉ោងសំណាញ់ទីត្រឹម១គ្រាប់ ហើយក៏ជាការស៊ុតចំគោលដៅតែមួយលើករបស់អធិរាជស។ Real លើកពាន UEFA Champions league លើកទី១៤ ក្នុងប្រវត្តិសាស្រ្តក្លិបនិង UEFA ហើយការស៊ុតរបស់ Liverpool ២២ជើង ចំគោលដៅ ៩ជើង ត្រូវបានសង្គ្រោះដោយអ្នកចាំទី Thibaut Courtois ទាំងអស់។
 
យ៉ាងណាមិញបន្ទាប់ពីក្លិបយក្សអេស្ប៉ាញ បាននាំមុខហង្សក្រហម ត្រឹមតែប៉ុន្មាននាទីនោះ ស្រាប់តែមានបញ្ហានៅក្រៅកីឡដ្ឋាន Stade de France មានភាពចលាចលរហូតក្រុមមន្ត្រីប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក លើអ្នកគាំទ្រ Liverpool។
 
ទោះជាយ៉ាងនេះក៏ដោយ UEFA នាពេលថ្មីៗនេះក៏បានប្រកាសសុំទោសដល់អ្នកទស្សនាការប្រកួត ចំពោះបញ្ហានៅក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រនាប្រទេសបារាំង។
 
«UEFA សូមបង្ហាញការសុំទោសដោយស្មោះត្រង់ ចំពោះអ្នកដែលបានចូលរួមទស្សនាការប្រកួតដោយទទួលបាននៅបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចនិងរន្ធត់ ក្នុងព្រឹត្តិការណ៍ជំនួបផ្តាច់ព្រ័ត្រ Champions League។ អ្នកទស្សនាទាំងអស់ស័ក្តិសមទទួលបានការអបអរ នៃព្រឹត្តិការណ៍ដ៏ធំរបស់អឺរ៉ុបមួយ ជាងការភ័យខ្លាច ហើយរឿងទាំងនេះមិនគួរកើតមានម្តងទៀតឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA៕
 
 

Tag:
 ​ UEFA
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com